អេហ្ស៊ីបផ្តល់ជំនួយបន្ថែមដល់ហ្គាហ្សា
(VOVWORLD) - នាថ្ងៃទី១៥ ខែធ្នូ អេហ្ស៊ីបបានដឹកជញ្ជូនជំនួយមនុស្សធម៌មួយទៀត រួមមានអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ ភួយកក់ក្តៅ និងសម្លៀកបំពាក់រដូវរងារាប់ពាន់តោន ទៅកាន់តំបន់ហ្គាហ្សាសម្រាប់ប្រជាជនប៉ាឡេស្ទីន។
ជំនួយមនុស្សធម៌ត្រូវបានដឹកជញ្ជូនពីឧបទ្វីបស៊ីណៃរបស់ប្រទេសអេហ្ស៊ីបឆ្លងកាត់ច្រកឆ្លងកាត់រ៉ាហ្វាចូលទៅក្នុងតំបន់ហ្គាហ្សា (រូបថត៖ VOV) |
អង្គការអឌ្ឍចន្ទក្រហមអេហ្ស៊ីបបានឲ្យដឹងថា នេះជាជើងទមនិញជំនួយមនុស្សធម៌លើកទី៩៤ ទៅកាន់តំបន់ហ្គាហ្សា ក្រោមគំនិតផ្តួចផ្តើម "ហ្សាដ អាល់-អ៊ីហ្សា៖ ពីអេហ្ស៊ីបទៅហ្គាហ្សា" ដែលបានចាប់ផ្តើមនៅចុងខែកក្កដា។ ការដឹកជញ្ជូននេះរួមមាន អាហារ ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រជិត ១០.០០០ តោន ប្រេងឥន្ធនៈ ភួយក្តៅជិត ៨០.០០០ សម្លៀកបំពាក់រដូវរងាជិត ៤៣.០០០ និងតង់ជាង ៤.៦០០ តង់។ អេហ្ស៊ីបជាប្រទេសដើរតួនាទីនាំមុខគេក្នុងជំនួយមនុស្សធម៌អន្តរជាតិដល់តំបន់ហ្គាហ្សា។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនៃជម្លោះ ទីក្រុងគែរបានដឹកជញ្ជូនជំនួយជាង ៦៧០.០០០ តោនដល់តំបន់ហ្គាហ្សា ដែលស្មើនឹង ៧០% នៃជំនួយអន្តរជាតិសរុបដល់តំបន់ហ្គាហ្សា។
ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ អេហ្ស៊ីបក៏បានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលរវាងយោធាអ៊ីស្រាអែល និងចលនាហាម៉ាសផងដែរ។ ដូច្នេះ ប្រទេសអេហ្ស៊ីប រួមជាមួយសហរដ្ឋអាមេរិក កាតា និងប្រទេសដទៃទៀត បានសម្របសម្រួលដោយជោគជ័យនូវបទឈប់បាញ់រយៈពេលវែងចំនួនបីនៅហ្គាហ្សា។ ក្នុងចំណោមទាំងនេះ បទឈប់បាញ់ចុងក្រោយបំផុតបានចូលជាធរមាននៅដើមខែតុលា ហើយនៅតែមានសុពលភាព ទោះបីជាមានការរំលោភបំពានជាញឹកញាប់ និងហានិភ័យនៃការដួលរលំ ក៏ដោយ៕