ជំរុញនិងបង្កើតរបកគំហើញសម្រាប់កម្លាំងចលករកំណើនថ្មី
(VOVWORLD) - វេទិកាសេដ្ឋកិច្ចវៀតណាម ឆ្នាំ២០២៥ ទស្សនវិស័យឆ្នាំ ២០២៦ (VEPF) ដែលមានប្រធានបទ "សេដ្ឋកិច្ចវៀតណាម៖ អភិវឌ្ឍន៍រហ័ស ប្រកបដោយចីរភាព ការផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល" បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែធ្នូ នៅទីក្រុងហាណូយ។
ទិដ្ឋភាពនៃវេទិការ ក្រោមប្រធានបទ "ការកៀរគរ និងការប្រើប្រាស់ធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពសម្រាប់គោលដៅកំណើនសេដ្ឋកិច្ចក្នុងដំណាក់កាល ២០២៦-២០៣០" (រូបថត៖TTXVN) |
អញ្ជើញថ្លែងនៅក្នុងវេទិកានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអះអាងថា សេដ្ឋកិច្ចវៀតណាមបង្ហាញពីភាពធន់ និងសម្រេចបានអត្រាកំណើនខ្ពស់បំផុតមួយនៅក្នុងតំបន់ និងពិភពលោក។ វៀតណាមប្រកាន់ខ្ជាប់ខ្ជួននូវគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ ដើម្បីបង្កើតបរិយាកាស និងលក្ខខណ្ឌអំណោយផលសម្រាប់កំណើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមកំពុងជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពលើមូលដ្ឋាននៃ "ការផ្លាស់ប្តូរទ្វេ៖ បៃតង និងឌីជីថលូបនីយកម្ម"; ខិតខំដើម្បីកំណើនពីរខ្ទង់; ផ្តោតលើការបង្កើនភាពធន់ និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ទន្ទឹមជាមួយគ្នានោះ ពន្លឿនការអនុវត្តរបកគំហើញជាយុទ្ធសាស្ត្រក្នុងការកែទម្រង់ស្ថាប័ន។ វៀតណាមក៏កំពុងលើកកម្ពស់ និងបង្កើតរបកគំហើញសម្រាប់កម្លាំងជំរុញកំណើនថ្មី ដោយសុក្រិតយន្តការសាកល្បង ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។
លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ លើការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រទំនើប ទាញយកអត្ថប្រយោជន៍ពីលំហអភិវឌ្ឍន៍ថ្មីៗ តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អន្តរតំបន់ លើកកម្ពស់តួនាទីនៃគំរូសេដ្ឋកិច្ចថ្មី តំបន់ពាណិជ្ជកម្មសេរី និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិក្នុងការទាក់ទាញដើមទុនវិនិយោគ និងបច្ចេកវិទ្យា...។ ផ្តល់អាទិភាពដល់ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់៕