នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim
(VOVWORLD) - កាលពីរសៀលថ្ងៃទី ៦ មេសា តាមសំណើរបស់ភាគីម៉ាឡេស៊ី នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Anwar Ibrahim ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងវាយតម្លៃ បញ្ហាក្នុងតំបន់ និងអន្តរជាតិដែលកំពុងលេចចេញនាពេលថ្មីៗនេះ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim។ (រូបថត៖ VNA) |
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានជម្រាបជូននាយករដ្ឋមន្ត្រីវៀតណាមថា ប្រទេស ម៉ាឡេស៊ីក្នុងឋានៈជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៥ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅថ្ងៃទី ១០ ខែមេសា ដើម្បី ពិភាក្សា វាយតម្លៃអំពីស្ថានភាព និងវិធានការពង្រឹងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិ ការក្នុងប្លុកក្នុងបរិបទដែលសហរដ្ឋអាមេរិកប្រកាសគោលនយោបាយពន្ធថ្មី។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានជូនដំណឹងអំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការផ្លាស់ប្តូរជាមួយភាគីអាមេរិក រួមទាំងការសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃទី ៤ មេសា ដោយពិភាក្សា អំពីវិធានការដោះស្រាយឧបសគ្គ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឆ្ពោះទៅរកពាណិជ្ជកម្មប្រកបដោយដោយយុត្តិធម៌ និរន្តរភាព និងផលប្រយោជន៍ សុខដុមរមនាសម្រាប់ភាគីទាំងអស់។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ ម៉ាឡេស៊ីក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ហើយបានអះអាងថា នឹង បញ្ជូនរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមទៅចូលរួមកិច្ចប្រជុំនេះ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានចែករំលែកថា ម៉ាឡេស៊ី និងប្រទេសជាច្រើនក្នុងតំបន់បាន ស្វាគមន៍ និងកោតសរសើរចំពោះការសន្ទនាតាមទូរស័ព្ទរបស់អគ្គលេខាបក្សកុម្មុយ និស្តវៀតណាមលោក តូ ឡឹម ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងបានសម្ដែងនូវការព្រមព្រៀងនិងគាំទ្រចំពោះវិធីសាស្រ្តរបស់វៀតណាមលើបញ្ហានេះ។
ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានជូនដំណឹង និងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អំពីវិធានការមួយ ចំនួនរបស់ម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា រួមទាំងកិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសន្ទនា និងការផ្សះផ្សាជាតិនៅមីយ៉ាន់ម៉ា ក៏ដូចជា ការផ្តល់ជំនួយសង្គ្រោះដល់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដីដែលទើបតែកើត ឡើងនៅប្រទេសនេះផងដែរ៕