ប្រធានរដ្ឋវៀតណាម លោក លឿងគឿង ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក Lee Jae Myung
(VOVWORLD) - នាព្រឹកថ្ងៃទី១២ មិថុនា នៅវិមានប្រធានរដ្ឋ (ហាណូយ) ប្រធានរដ្ឋវៀតណាម លោក លឿងគឿង បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីថ្មីនៃសាធារណរដ្ឋកូរ៉េ លោក Lee Jae Myung។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា កិច្ចសន្ទនាតាមទូរស័ព្ទលើកនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ សាធារណរដ្ឋកូរ៉េចំពោះទំនាក់ទំនងជាមួយវៀតណាម។ លោកប្រធានរដ្ឋ លឿង គឿង បានអះអាងនូវគោលជំហរខ្ជាប់ខ្ជួនរបស់វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយសាធារណរដ្ឋកូរ៉េ ហើយមានបំណងចង់ធ្វើការជាមួយលោកប្រធានាធិបតី Lee Jae Myung ដើម្បីជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-កូរ៉េខាងត្បូង បន្តអភិវឌ្ឍន៍ ប្រកបដោយប្រសិទ្ធភាព គ្រប់ជ្រុងជ្រោយ និងយូរអង្វែងនាពេលខាងមុខ។
ប្រធានរដ្ឋវៀតណាម លោក លឿងគឿង ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក Lee Jae Myung។ រូបថត៖ VOV |
រីឯខ្លួនវិញ លោកប្រធានាធិបតី Lee Jae Myung បានអះអាងថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់; មានបំណងចង់សហការយ៉ាងជិតស្និទ្ធដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនខ្លាំងថែមទៀត។
មេដឹកនាំទាំងពីរបានឯកភាព អនុវត្តទិសដៅសំខាន់ៗ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅថែមទៀត រួមមាន៖បន្តរក្សានិងជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខនិងទប់ស្កាត់បទល្មើសឆ្លងដែន; បន្តសហការយ៉ាងជិតស្និទ្ធ អនុវត្តសកម្មភាពជាក់លាក់ ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនាបច្ចុប្បន្ន; ធ្វើឱ្យកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ជាពិសេសឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ក្លាយជាសសរស្តម្ភសំខាន់នៃកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ៕