ពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមនិងអេស្តូនី
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអេស្តូនី នារសៀល ថ្ងៃទី ៥ មិថុនា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការសភាអេស្តូនី នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានជួបជាមួយប្រធានសភាអេស្តូនី លោក Lauri Hussar។
ប្រធានសភាអេស្តូនី លោក Lauri Hussar ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ។ (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា អេស្តូនី គឺជាគំរូនៃនវានុវត្តន៍ រដ្ឋាភិបាលអេឡិចត្រូនិក សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និង ពលរដ្ឋឌីជីថល ដែលវៀតណាមមានបំណងចង់រៀនសូត្របទពិសោធន៍។ អំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសអេស្តូនី មកបណ្តាក់ទុននៅវៀតណាម។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ ភាគីទាំងពីរឆាប់បានបង្កើតក្រុមសមាជិក សភាមិត្តភាព ដើម្បីបង្កើនទំនុកចិត្តនយោបាយ និងការយល់ដឹងគ្នាទៅវិញទៅមក; ស្នើឱ្យសភាអេស្តូនី គាំទ្រ និងជំរុញការបង្កើតគណៈកម្មាធិការចម្រុះវៀតណាម-អេស្តូនី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា សភាអេស្តូនីនឹងមានសំឡេងយ៉ាងសកម្មដើម្បីជំរុញឱ្យ សភានៃប្រទេសមួយចំនួននៃសហភាពអឺរ៉ុបផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) នាពេលឆាប់ៗនេះផងដែរ។
រីឯខ្លួនវិញ លោកប្រធានរដ្ឋសភា Lauri Hussar បានអះអាងថា វៀតណាមជា ដៃគូសំខាន់មួយរបស់អេស្តូនីនៅអាស៊ីអាគ្នេយ៍ ហើយជឿជាក់ថា តួនាទីជាស្ពានរបស់ វៀតណាម និងអេស្តូនី ក៏ដូចជាទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរនឹងជា កាតាលីករជំរុញកិច្ចសហប្រតិបត្តិការ EU-អាស៊ាន នាពេលខាងមុខ។
ប្រធានសភាអេស្តូនី លោក Lauri Hussar នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងគណៈប្រតិភូនៃប្រទេសទាំងពីរ។ (រូបថត៖ VOV) |
ពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃ ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅ សមុទ្រខាងកើត ដោយឈរលើមូលដ្ឋាននៃការគោរពផលប្រយោជន៍របស់ប្រទេស ជាប់សមុទ្រស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ដោះស្រាយវិវាទដោយសន្តិវិធី ឈរលើ ច្បាប់អន្តរជាតិ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់កម្លាំង៕