មជ្ឈិមបូព៌ា៖កាតានិងអាមេរិកបានប្រកាសជាផ្លូវការអំពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា
(VOVWORLD) - នៅព្រឹកព្រលឹមថ្ងៃទី ១៦ ខែមករា តាមម៉ោងនៅវៀតណាម ប្រទេសកាតា និងសហរដ្ឋអាមេរិក ដែលជាអ្នកសម្រុះសម្រួលទាំងពីរសម្រាប់កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា បានប្រកាសជាផ្លូវការអំពីកិច្ចព្រមព្រៀងឈប់បាញ់និងការផ្លាស់ប្តូរចំណាប់ខ្មាំងរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ នេះត្រូវបានចាត់ទុកជារបកគំហើញថ្មីមួយ ដើម្បីជួយស្ដារឡើងវិញសន្តិភាពក្នុងតំបន់ហ្គាហ្សា ក្រោយរយៈពេលជាងមួយឆ្នាំនៃជម្លោះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង ដូហា នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកាតា លោក Al Thani បានឲ្យដឹងថា កិច្ចព្រមព្រៀងឈប់បាញ់នឹងត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី ១៩ ខែមករា។ តាមនោះ ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងចំនួន ៣៣ នាក់ក្នុងដំណាក់កាលដំបូងដែលមានរយៈពេល ៦ សប្តាហ៍ ជាថ្នូរនឹងការដោះលែងជនប៉ាឡេស្ទីនដែលត្រូវបានជាប់ឃុំខ្លួន។ ព័ត៌មានលម្អិតនៃដំណាក់កាលទី ២ និងទី ៣ នៃកិច្ចព្រមព្រៀងនឹងត្រូវបានប្រកាសនៅពេលដែលដំណាក់កាលទី ១ ត្រូវបានបញ្ចប់។
គំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅក្នុងក្រុង Deir al-Balah តំបន់ហ្គាហ្សា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ រូបថត៖ THX/TTXVN |
បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានប្រកាស ប្រធានាធិបតីអ៊ីស្រាអែល លោក Issac Herzog បានធ្វើសុន្ទរកថាតាមទូរទស្សន៍ ហើយបានសង្កត់ធ្ងន់ថា នេះគឺជាជំហានដ៏ត្រឹមត្រូវក្នុងការនាំយកចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស វិលត្រឡប់មកផ្ទះវិញ។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ដើម្បីថ្លែងអំណរគុណដល់ទីក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបានកិច្ចព្រមព្រៀងនេះ។
អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប (EU) និងប្រទេសជាច្រើនជុំវិញពិភពលោកបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា ហើយបានចាត់ទុកវាជាការបោះជំហានដ៏សំខាន់ក្នុងការរក្សាស្ថិរភាពនៅមជ្ឈិមបូព៌ា៕