រុស្ស៊ីប្រឆាំងជំទាស់នឹងសំណើធ្វើវិសោធនកម្មផែនការសន្តិភាព ខណៈដែលអ៊ុយក្រែនបោះបង់ចោលគោលដៅចូលរួមណាតូ
(VOVWORLD) - រុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងប្រឆាំងជំទាស់យ៉ាងខ្លាំង ប្រសិនបើសំណើររបស់អ៊ុយក្រែននិងសហភាពអឺរ៉ុប (EU) ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការសន្តិភាពដើម្បីដោះស្រាយជម្លោះបច្ចុប្បន្ន។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅថ្ងៃទី ១៤ ខែធ្នូ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានឲ្យដឹងថា រុស្ស៊ីមិនទាន់ទទួលបានសំណើទាំងនោះទេ ប៉ុន្តែបានអះអាងថា រុស្ស៊ីនឹងមិនទទួលយកការធ្វើវិសោធនកម្មដែលផ្ទុយនឹងគោលជំហររបស់ខ្លួនដែលបានបញ្ជាក់ម្តងហើយម្តងទៀតនោះទេ។ ជំនួយការប្រធានាធិបតីរុស្ស៊ីក៏បានអះអាងថា ការដែលអ៊ុយក្រែនក្លាយជាសមាជិកនៃអង្គការណាតូ គឺ "មិនអាចទៅរួចទេ"។
នាថ្ងៃដដែលនោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា អ៊ុយក្រែនបានបោះបង់ចោលគោលដៅចូលរួមជាសមាជិកណាតូ ជាថ្នូរនឹងការធានាសន្តិសុខពីលោកខាងលិច ដោយចាត់ទុកនេះជាការសម្របសម្រួលដើម្បីបញ្ឈប់ជម្លោះជាមួយរុស្ស៊ី។ កាយវិការនេះក៏បានបំពេញសំណើរមួយរបស់រុស្ស៊ីផងដែរ ទោះបីជាទីក្រុងគៀវបានបញ្ជាក់ថា ខ្លួននៅតែប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួនលើបញ្ហាផ្សេងទៀតដែលទាក់ទងនឹងដំណើរការសន្តិភាពក៏ដោយ។
ក្នុងពេលនោះ នៅថ្ងៃទី១៤ ខែធ្នូ ការចរចារវាងគណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ុយក្រែន ដើម្បីពិភាក្សាអំពីវិធានការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន បានបន្តប្រព្រឹត្តទៅនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ សំណើជាក់លាក់មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ខណៈពេលដែលអឺរ៉ុប និងអ៊ុយក្រែនបន្តពិគ្រោះយោបល់លើខ្លឹមសារនៃផែនការសន្តិភាពដែលស្នើឡើងដោយសហរដ្ឋអាមេរិក៕