វៀតណាមថ្កោលទោសរាល់ការវាយប្រហារទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន
(VOVWORLD) - នាថ្ងៃទី២៤ ខែតុលា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចពិភាក្សាបើកចំហក្រោមប្រធានបទ "ស្ថានភាពនៅមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីន" ដោយផ្តោតលើភាពតានតឹងកំពុងកើនឡើងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ចាប់ពីថ្ងៃទី០៧ ខែតុលាមក។
អញ្ជើញចូលរួមនិងថ្លែងមតិនៅកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លា រាល់ការវាយប្រហារទៅលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ។ រូបថត៖ អ្នកយកព័ត៌មាន VOV នៅអាមេរិក |
ឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យភាគីពាក់ព័ន្ធឈប់បាញ់ភ្លាមមួយរំពិក គោរពច្បាប់មនុស្សធម៌អន្តរជាតិ និងអនុវត្តរាល់វិធានការចាំបាច់ដើម្បីការពារអាយុជីវិតរបស់ប្រជាជន ក្នុងនោះធានាសុវត្ថិភាពនិងដោះលែងចំណាប់ខ្មាំងទាំងអស់ កាត់បន្ថយការខូចខាតទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ស្របតាមសេចក្តីសម្រេចចិត្តលេខ ២៥៧៣ ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាសន្តិសុខ។
ឯកអគ្គរដ្ឋទូត Dang Hoang Giang បានស្វាគមន៍និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរបស់អង្គការសហប្រជាជាតិ និងប្រទេសជាសមាជិកក៏ដូចជាអង្គការអន្តរជាតិ និងតំបន់នានា ហើយបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលយូរអង្វែង ចាំបាច់ត្រូវបញ្ឈប់សកម្មភាពញុះញង់បង្កអំពើហឹង្សានិងការខឹងសម្បាររវាងភាគីទាំងពីរ; បញ្ឈប់សកម្មភាពពង្រីកទីលំនៅដ្ឋាននៅតំបន់ Westbank បញ្ឈប់ការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការបណ្តេញជនប៉ាឡេស្ទីន ហើយគោរពស្ថានភាពដដែលនៅតំបន់ពិសិដ្ឋនានាក្នុងទីក្រុងយេរូសាឡឹម។
ប្រធានបេសកកម្មវៀតណាមក៏បានស្នើឱ្យដំណើរការឡើងវិញនូវសកម្មភាពរបស់ក្រុមប្រទេសទាំង៤ ស្តីពីសន្តិភាពនៅមជ្ឈឹមបូព៌ា; អំពាវនាវឱ្យភាគីនានាវិលត្រឡប់មកចូលរួមការចរចាឡើងវិញដើម្បីដោះស្រាយមូលហេតុស្នូលឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ ជាមួយទីក្រុងយេរូសាឡឹមខាងកើតគឺជារដ្ឋធានីនៃរដ្ឋប៉ាឡេស្ទីន និងព្រំដែនមុនឆ្នាំ ១៩៦៧ ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ៕