វៀតណាមបញ្ជាក់ពីសមត្ថភាពក្នុងការបណ្តុះបណ្តាលការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
(VOVWORLD) - អង្គការសហប្រជាជាតិទើបបានទទួលស្គាល់ជាផ្លូវការនូវវគ្គបណ្តុះបណ្តាលមន្ត្រីសេនាធិការអង្គការសហប្រជាជាតិ (UNSOC) ដែលរៀបចំឡើងដោយនាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានបំពេញតាមស្តង់ដារបណ្តុះបណ្តាលមុនពេលដាក់ពង្រាយរបស់អង្គការសហប្រជាជាតិ។
លោក Harinder Sood ប្រធានទីភ្នាក់ងារបណ្តុះបណ្តាល ក្រោមនាយកដ្ឋានប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានផ្តល់វិញ្ញាបនបត្រដល់ភាគីវៀតណាម។ រូបថត៖ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម |
នេះជាលើកដំបូង ដែលវៀតណាមមានវគ្គបណ្តុះបណ្តាលក្នុងការរក្សាសន្តិភាពដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ដោយគូសសញ្ញាជំហានអភិវឌ្ឍដ៏សំខាន់ នៃសមត្ថភាពបណ្តុះបណ្តាល និងការធ្វើសមាហរណកម្មអន្តរជាតិនៃកងកម្លាំងរក្សាសន្តិភាពរបស់វៀតណាម។
គ្រូបង្វឹក និងសិក្ខាកាមថតរូបអនុស្សាវរីយ៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល UNSOC ឆ្នាំ ២០២៦។ រូបថត៖ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម |
នាថ្ងៃទី១១ ខែមីនា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក លោក Harinder Sood ប្រធានទីភ្នាក់ងារបណ្តុះបណ្តាល ក្រោមនាយកដ្ឋានប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានផ្តល់វិញ្ញាបនបត្រដល់ភាគីវៀតណាម។
វិញ្ញាបនបត្រទទួលស្គាល់ថា វគ្គបណ្តុះបណ្តាល UNSOC របស់វៀតណាមបំពេញស្តង់ដាររបស់អង្គការសហប្រជាជាតិ។ រូបថត៖ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម |
មុននោះ វគ្គបណ្តុះបណ្តាល UNSOC ឆ្នាំ២០២៦ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ដោយមានការចូលរួមពីសិក្ខាកាមចំនួន៤១នាក់ មកពីវៀតណាមនិងប្រទេសជាច្រើនទៀត។ ការទទួលស្គាល់របស់អង្គការសហប្រជាជាតិចំពោះវគ្គបណ្តុះបណ្តាល UNSOC របស់វៀតណាមគឺ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលគូសសញ្ញាការអភិវឌ្ឍអំពីគុណភាព ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលរក្សាសន្តិភាពរបស់វៀតណាម ដោយបញ្ជាក់ពីជំនាញវិជ្ជាជីវៈ វិធីសាស្រ្តបណ្តុះបណ្តាល និងកម្មវិធីសិក្សារបស់វៀតណាមបានបំពេញតាមស្តង់ដាររបស់អង្គការសហប្រជាជាតិយ៉ាងពេញលេញ៕
យោងតាមការស្ថិតិរបស់អង្គការសហប្រជាជាតិ បច្ចុប្បន្ននេះ មានតែប្រហែល ៥០ ប្រទេសប៉ុណ្ណោះនៅទូទាំងពិភពលោក ដែលមានវគ្គបណ្តុះបណ្តាលត្រូវបានទទួលស្គាល់ថាបំពេញតាមស្តង់ដារ រួមទាំងប្រទេសចំនួន ១៤ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងប្រទេសចំនួន ៤ នៅអាស៊ីអាគ្នេយ៍៕