ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាជាយុទ្ធសាស្ត្ររវាងវៀតណាម និងអាមេរិក
(VOVWORLD) - នាថ្ងៃទី១១ ខែមីនា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (សហរដ្ឋអាមេរិក) បានប្រព្រឹត្តទៅវេទិកាថ្នាក់ដឹកនាំកម្រិតខ្ពស់ក្រោមប្រធានបទ "ពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូផ្នែកបច្ចេកវិទ្យា"។
វេទិកាថ្នាក់ដឹកនាំកម្រិតខ្ពស់ក្រោមប្រធានបទ "ពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូផ្នែកបច្ចេកវិទ្យា"។ រូបថត៖ Quang Trung/VOV-Washington |
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក សហការជាមួយវិទ្យាស្ថានអាស៊ីបូព៌ានៅសាកលវិទ្យាល័យ កូឡុំប៊ី និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC)។ ការពិភាក្សានៅក្នុងវេទិកានេះ បានផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន រួមមាន៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេមីកុងដុកទ័រ បញ្ញាសិប្បនិម្មិត ទិន្នន័យធំ បច្ចេកវិទ្យាពពក សន្តិសុខតាមអ៊ីនធឺណិត ក៏ដូចជាការអភិវឌ្ឍមនុស្សយន្ត បច្ចេកវិទ្យាអវកាស និងផលិតកម្មទំនើប។ លើសពីនេះ ប្រតិភូក៏បានពិភាក្សាអំពីហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ និងធនធានហិរញ្ញវត្ថុ ដើម្បីគាំទ្រគម្រោងសហប្រតិបត្តិការបច្ចេកវិទ្យារវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីតំណាងមកពីសាជីវកម្មធំៗ ដូចជា Intel Qualcomm និងទីភ្នាក់ងារហិរញ្ញវត្ថុអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក Nguyen Quoc Dung ។ រូបថត៖ Quang Trung/VOV-Washington |
យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក Nguyen Quoc Dung វៀតណាមបានកំណត់វិស័យបច្ចេកវិទ្យាជាយុទ្ធសាស្ត្រចំនួន ១១ ដើម្បីជំរុញកំណើន និងលើកកម្ពស់ឋានៈរបស់ខ្លួននៅក្នុងខ្សែសង្វាក់តម្លៃសកល។ ដូច្នេះហើយ កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកគឺមានសារៈសំខាន់ណាស់ ដោយសារប្រទេសនេះ ជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងនវានុវត្តន៍ឈានមុខគេលើពិភពលោក ខណៈដែលប្រទេសវៀតណាមមានសេដ្ឋកិច្ចស្វាហាប់ កម្លាំងពលកម្មវ័យក្មេង និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស៕