វៀតណាម - កាតា សហការយ៉ាងជិតស្និទ្ធដើម្បីធានាស្ថិរភាពថាមពល
(VOVWORLD) - នាយប់ថ្ងៃទី ៩ ខែមីនា នៅទីក្រុងហាណូយ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសរដ្ឋកាតា Sheikh Mohammed bin Abdulrahman bin Jasim Al-Thani នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ ជីញបានវាយតម្លៃខ្ពស់ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់កាតា ដើម្បីដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ាដោយសន្តិវិធី; អះអាងថា វៀតណាមត្រៀមខ្លួនជាស្រេច ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរួម របស់សហគមន៍អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះបច្ចុប្បន្ន។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកាតា Sheikh Mohammed bin Abdulrahman bin Jasim Al-Thani (រូបថត៖ ឡាយហ្វា/VOV) |
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានស្នើឱ្យរដ្ឋាភិបាលកាតា បន្តយកចិត្តទុកដាក់ និងធានាសន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋវៀតណាមនៅក្នុងប្រទេសកាតា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋវៀត ណាមដែលឆ្លងកាត់ព្រំដែនប្រទេសកាតា។ នាយករដ្ឋមន្ត្រីកាតាបានបញ្ជាក់ ថា នឹងការពារសន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋវៀតណាម "ដូចទៅនឹងពលរដ្ឋកាតាអញ្ជឹង"។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការថាមពល លោកនាយករដ្ឋមន្ត្រីកាតាបានបញ្ជាក់ថា កាតាកំពុងខិតខំអនុវត្តយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តនិងកិច្ចសន្យារបស់ខ្លួនជាមួយដៃគូ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីចូលរួមចំណែកក្នុងការធានាស្ថិរភាពថាម ពលនៅវៀត ណាម។ លោកក៏បានសង្កត់ធ្ងន់លើបំណងប្រាថ្នា ចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសនៅក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម ការផ្លាស់ប្តូរថាមពល ការវិនិយោគហិរញ្ញវត្ថុក្នុងមជ្ឈមណ្ឌល ហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម; ជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍឧស្សាហកម្មហាឡាល់៕