អាមេរិកបន្តការវាយប្រហារតាមជើងអាកាសលើប្រទេសយេម៉ែន
(VOVWORLD) - កាលពីយប់ថ្ងៃទី ១៩ ខែមេសា (ម៉ោងក្នុងស្រុក) កងកម្លាំងអាមេរិកនៅក្នុងតំបន់បានបន្តបើកការវាយប្រហារតាមជើងអាកាសបន្ថែមទៀតលើប្រទេសយេម៉ែន សំដៅទៅលើទីតាំងរបស់ចលនា Houthi ក្នុងរដ្ឋធានី Sana និងទីក្រុងកំពង់ផែ Hodeidah ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Houthi កងទ័ពអាមេរិកបានធ្វើការវាយប្រហារតាមជើងអាកាសយ៉ាងហោចណាស់ចំនួន ១៣ លើកលើអាកាសយានដ្ឋាន និងតំបន់កំពង់ផែសមុទ្រក្នុងទីក្រុង Al Hudaydah (ក្នុងខេត្ត Al Hudaydah) នៅលើឆ្នេរសមុទ្រក្រហមកាលពីយប់ថ្ងៃទី ១៩ មេសា។ ទន្ទឹមនឹងនេះដែរ ប្រភពព័ត៌មានក្នុងតំបន់មួយចំនួនបានដកស្រង់សម្ដីសាក្សីមួយចំនួនដែលបាននិយាយថា ការវាយប្រហារតាមជើងអាកាសបានបង្កឱ្យមានការបំផ្ទុះយ៉ាងខ្លាំងដែលអាចឮពីចម្ងាយជាច្រើនគីឡូម៉ែត្រក្នុងអាកាសយានដ្ឋាន និងតំបន់កំពង់ផែសមុទ្រនៃខេត្ត Al Hudaydah ។ រដ្ឋធានី Sanaa ក៏ទទួលរងការវាយឆ្មក់យ៉ាងសាហាវជាច្រើន ប៉ុន្តែការខូចខាតដែលបណ្តាលមកពីការវាយប្រហារនេះ មិនទាន់ច្បាស់លាស់នៅឡើយទេ។
យន្តហោះមួយគ្រឿងហោះឡើង ដើម្បីចូលរួមក្រុមចម្រុះមួយ ដឹកនាំដោយអាមេរិក ដើម្បីធ្វើការវាយប្រហារតាមផ្លូវអាកាសលើគោលដៅយោធារបស់ក្រុម Houthi ក្នុងប្រទេសយេម៉ែន។ រូបថត៖ CENTCOM ។ |
គិតត្រឹមព្រឹកថ្ងៃទី ២០ មេសា បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា (CENTCOM) មិនទាន់ធ្វើសេចក្តីប្រកាស ឬធ្វើអត្ថាធិប្បាយណាមួយអំពីការវាយប្រហារតាមជើងអាកាសថ្មីបំផុតលើប្រទេសយេម៉ែននៅឡើយទេ។
មុននោះ CENTCOM បានបញ្ជាក់ថា បានធ្វើការវាយប្រហារតាមជើងអាកាសសរុបចំនួនជាង ៣០០ លើក សំដៅទៅលើទីតាំងរបស់ក្រុម Houthi ក្នុងប្រទេសយេម៉ែន ចាប់តាំងពីការបើកយុទ្ធនាការវាយឆ្មក់ទ្រង់ទ្រាយធំឡើងវិញនៅថ្ងៃទី ១៥ ខែមីនា។ ទន្ទឹមនឹងនោះ ក្រុមប្រដាប់អាវុធរបស់យេម៉ែនបានបញ្ជាក់ថា ចំនួនការវាយប្រហារតាមជើងអាកាសរបស់អាមេរិកនៅប្រទេសនេះ ក្នុងរយៈពេលមួយខែកន្លងមក បានកើនឡើងលើសពី ៩០០លើកហើយ៕