អ៊ីរ៉ង់ជូនព័ត៌មានអំពីខ្លឹមសារនៃកិច្ចពិភាក្សាជាមួយអាមេរិកនៅអូម៉ង់
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Ismail Baghaei នាថ្ងៃទី ១៣ ខែមេសាបានឲ្យដឹងថា នៅក្នុងកិច្ចចរចាដោយប្រយោលលើកដំបូងក្នុងប្រទេសអូម៉ង់ គណៈប្រតិភូនៃទីក្រុងតេអេរ៉ង់ និងក្រុងវ៉ាស៊ីនតោនបានផ្តោតលើការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmail Baghaei ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតេហេរ៉ង់ (រូបថត៖ IRNA/TTXVN) |
រដ្ឋធានី Muscat នៃប្រទេសអូម៉ង់ គឺជាកន្លែងប្រព្រឹត្តទៅកិច្ចចរចាដោយប្រយោលលើកដំបូងរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi និងបេសកជនពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា Steve Witkoff នៅថ្ងៃទី ១២ ខែមេសាកន្លងមក។ លោក Witkoff បានពណ៌នាកិច្ចពិភាក្សានេះថាជាវិជ្ជមាន និងមានលក្ខណៈស្ថាបនា។ ឆ្លើយតបទៅនឹង ទូរទស្សន៍ CBS ក្នុងថ្ងៃទី ១៣ ខែមេសា រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth ក៏បានធ្វើអត្ថាធិប្បាយផងដែរថា ការចរចាដោយប្រយោលនៅប្រទេសអូម៉ង់គឺ "មានប្រសិទ្ធភាព" និង "ជាជំហានដ៏ល្អ"។ លោក Hegseth បានបញ្ជាក់ជាថ្មីថា ក្រុងវ៉ាស៊ីនតោនសង្ឃឹមថាដំណោះស្រាយការទូតអាចទប់ស្កាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់អ៊ីរង់ ប៉ុន្តែបានព្រមានថា ប្រសិនបើបរាជ័យនោះ យោធាអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បី "ធ្វើអន្តរាគមន៍យ៉ាងស៊ីជម្រៅ" ដើម្បីរាំងស្កាត់។ ក្នុងពេលជាមួយគ្នានះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានវាយតម្លៃថា បរិយាកាសនៃការចរចានាពេលថ្មីៗនេះ នៅប្រទេសអូម៉ង់ថាជាមានលក្ខណៈ “ស្ថាបនា និងស្ងប់ស្ងៀម”។
សេតវិមានក៏បានប្រកាសនាថ្ងៃទី ១៣ មេសាថា ការចរចាជុំទីពីរនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែមេសា។ គេហទំព័រព័ត៌មាន Axios បានដកស្រង់ប្រភពជាច្រើនដែលនិយាយថា ការចរចានេះអាចប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែមេសា ក្នុងរដ្ឋធានីរ៉ូមរបស់អ៊ីតាលី បន្ទាប់ពីសំណើផ្លាស់ប្តូរទីតាំងពីភាគីអាមេរិក៕