ច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន៖ សញ្ញាសម្គាល់នៃសិទ្ធិមនុស្សក្នុងយុគសម័យឌីជីថល

(VOVWORLD) - ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ បានគូសសញ្ញានូវព្រឹត្តិការណ៍ផ្លូវច្បាប់ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រច្បាប់វៀតណាម ខណៈដែលច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន បានចូលជាធរមានជាផ្លូវការ។ នេះមិនត្រឹមតែជាឯកសារកំណត់ច្បាប់ថ្មីប៉ុណ្ណោះទេ ថែមទាំងក៏ជារបត់មួយក្នុងការយល់ដឹង ការប្រព្រឹត្តផ្លូវច្បាប់ និងសិទ្ធិមនុស្សក្នុងលំហអ៊ីនធឺណិតទៀតផង។

នេះគឺជាច្បាប់ឯករាជ្យដំបូងគេស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួននៅប្រទេសវៀតណាម ដែលជំនួសបទប្បញ្ញត្តិមុនៗទាំងអស់។

ការចាប់បដិសន្ធិនៃច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួនគឺជាការសន្យាយ៉ាងមុតមាំរបស់វៀតណាមចំពោះភាពឯកជន និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងយុគសម័យឌីជីថល នៅពេលដែលព័ត៌មានផ្ទាល់ខ្លួនបានក្លាយជាទ្រព្យសម្បត្តិដ៏សំខាន់មួយប្រភេទ ដែលងាយត្រូវកេងប្រវ័ញ្ច និងរំលោភបំពាន ប្រសិនបើគ្មានការការពារផ្នែកច្បាប់។

ច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន៖ សញ្ញាសម្គាល់នៃសិទ្ធិមនុស្សក្នុងយុគសម័យឌីជីថល - ảnh 1រូបថតឧទាហរណ៍៖ VGP

ដាក់សិទ្ធិទិន្នន័យចូលក្នុងច្បាប់

ចំណុចលេចធ្លោមួយនៃច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួននោះ គឺការតម្រូវឲ្យមានការយល់ព្រមយ៉ាងច្បាស់លាស់ មុនពេលទិន្នន័យណាមួយត្រូវបានប្រមូល ដោយហេតុនេះ ផ្លាស់ប្តូរអ្នកប្រើប្រាស់ពីឋានៈអកម្ម ទៅជាតួនាទីម្ចាស់ការ ដែលពួកគេមានសិទ្ធិសម្រេចថា អ្នកណាអាចប្រើប្រាស់ទិន្នន័យរបស់ពួកគេ និងក្រោមកាលៈទេសៈណា។

នៅក្នុងបរិបទដែលហានិភ័យនៃការបាត់បង់សុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនកាន់តែកើនឡើងនោះ បទប្បញ្ញត្តិនេះមានសារៈសំខាន់ខ្លាំងណាស់ ដែលរួមចំណែកដល់ការពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់ដ៏រឹងមាំ សម្រាប់ការការពារ ភាពឯកជនរបស់ប្រជាពលរដ្ឋ។ លោក Pham Trung Thanh តំណាងសមាគមសន្តិសុខតាមអ៊ីនធឺណិតជាតិ ចាត់ទុកថា នេះគឺជាការបោះជំហានដោយមានលក្ខណៈទម្លុះទម្លាយ ដោយបញ្ជាក់ពីការសន្យាដាក់មនុស្សនៅទីតាំងមជ្ឈមណ្ឌលនៃដំណើរការផ្លាស់ប្តូរឌីជីថល៖

“កំណើតនៃច្បាប់នេះ ដូចជាកូនសោរសម្រាប់ការពារភាពឯកជនរបស់អ្នកប្រើប្រាស់អញ្ចឹង។ ច្បាប់បានចែងយ៉ាងច្បាស់ថា អ្នកប្រើប្រាស់មានសិទ្ធិយល់ព្រមចំពោះការប្រមូលទិន្នន័យដោយអាជីវកម្ម។ អ្នកប្រើប្រាស់ថែមទាំងមានសិទ្ធិបដិសេធ ឬដកការយល់ព្រមពីមុន ហើយទិន្នន័យរបស់ពួកគេនឹងត្រូវបានការពារ។ ជាពិសេស ច្បាប់ក៏ហាមឃាត់យ៉ាងដាច់ខាតចំពោះការលក់ទិញទិន្នន័យផងដែរ”។

ការដែលច្បាប់ចែងយ៉ាងច្បាស់អំពីសិទ្ធិនានា ដូចជា សិទ្ធិទទួលបានដំណឹង សិទ្ធិចូលប្រើ សិទ្ធិកែសម្រួល សិទ្ធិលុប និងសិទ្ធិជំទាស់នឹងការប្រើប្រាស់ទិន្នន័យដែលគ្មានការអនុញ្ញាត មិនត្រឹមតែជាការទទួលខុសត្រូវផ្នែកច្បាប់សម្រាប់អង្គការ និងអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងក៏ជាឧបករណ៍ដើម្បីការពារសិទ្ធិមនុស្សនៅក្នុងបរិយាកាសឌីជីថល ដែលបង្កើតឱកាសសម្រាប់ប្រជាពលរដ្ឋឱ្យមានស្វ័យភាពជាងមុន ក្នុងការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនទៀតផង។

“ខ្ញុំមានសិទ្ធិលុបទិន្នន័យរបស់ខ្ញុំ លុបរូបភាពរបស់ខ្ញុំ។ ខ្ញុំមានសិទ្ធិធ្វើដូច្នេះហើយក្រុមហ៊ុនបច្ចេកវិទ្យាខ្លួនឯងគួរតែផ្ដល់ឲ្យអ្នកប្រើប្រាស់នូវមុខងារ ដើម្បីឱ្យពួកគេធ្វើរឿងបែបនេះដោយខ្លួនឯង”។

“ខ្ញុំពិតជារីករាយណាស់ដែលច្បាប់នេះត្រូវបានអនុម័ត ពីព្រោះថ្មីៗនេះមានករណីឆបោក និងការលួចព័ត៌មានជាច្រើន ដែលប៉ះពាល់ដល់ក្រុមគ្រួសារនិងញាតិសន្ដានរបស់ខ្លួន ហើយខ្ញុំផ្ទាល់ក៏ធ្លាប់បានជួបប្រទះដែរ។ ដូច្នេះ ច្បាប់ថ្មីនេះមានអត្ថន័យខ្លាំងណាស់”។

ដោយមានបទប្បញ្ញត្តិច្បាស់លាស់លើទង្វើដែលត្រូវហាមឃាត់ ដូចជា៖ ការលក់ទិញទិន្នន័យ ការប្រើប្រាស់ទិន្នន័យដោយខុសច្បាប់ ឬការផ្ទេរទិន្នន័យទៅក្រៅប្រទេសដោយគ្មានការគ្រប់គ្រង ច្បាប់នេះបង្កើតរបាំងផ្លូវច្បាប់ដើម្បីកាត់បន្ថយហានិភ័យនៃការរំលោភសិទ្ធិឯកជនភាព ជៀសវាងការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួន ដែលកាន់តែកើនឡើងក្នុងយុគសម័យឌីជីថល។ មេធាវី Nguyen Van Hau មកពីសមាគមមេធាវីទីក្រុងហូជីមិញ បានបញ្ជាក់ថា៖

“ខ្ញុំសង្កេតឃើញថា ច្បាប់នេះមានទណ្ឌកម្ម សមស្របណាស់។ ទីមួយ វាហាមឃាត់ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន ការរំលោភលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកដទៃ។ ទីពីរ ច្បាប់នេះស្របនឹងបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ដោយបញ្ជាក់ពីមាត្រានានាដែលត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ។ ឧទាហរណ៍ ភាពឯកជន អាថ៌កំបាំងផ្ទាល់ខ្លួន និងព័ត៌មានឯកជន គឺមិនអាចរំលោភបាន។ អាថ៌កំបាំងទាំងនេះត្រូវបានការពារដោយច្បាប់ និងត្រូវបានចែងយ៉ាងជាក់លាក់នៅក្នុងច្បាប់នេះ”។

និន្នាការជៀសមិនរួចនៅក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ

ពីទស្សនៈអន្តរជាតិ ច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន បានដាក់ប្រទេសវៀតណាមនៅក្នុងនិន្នាការសកលនៃការការពារភាពឯកជន និងទិន្នន័យផ្ទាល់ខ្លួនស្របតាមស្តង់ដារអន្តរជាតិ ដូចជា បទប្បញ្ញត្តិការពារទិន្នន័យទូទៅ (GDPR) របស់សហភាពអឺរ៉ុប។ នេះត្រូវបានចាត់ទុកថា ជាស្តង់ដារខ្ពស់បំផុតនៅលើពិភពលោកសម្រាប់សិទ្ធិឯកជនភាពទិន្នន័យ។

ពីទស្សនៈសិទ្ធិមនុស្ស ច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួនគឺជាការបោះជំហានដ៏សំខាន់មួយ ដោយកំណត់ស្វ័យភាពទិន្នន័យជាផ្នែកមួយដែលមិនអាចបំបែកចេញពីសិទ្ធិមនុស្សនៅក្នុងយុគសម័យឌីជីថល។ ច្បាប់នេះមិនត្រឹមតែបង្កើនការយល់ដឹងផ្នែកច្បាប់អំពីសិទ្ធិទិន្នន័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងដាក់គ្រឹះសម្រាប់សង្គមឌីជីថលដែលមានយុត្តិធម៌ សុវត្ថិភាព និងការគោរពសិទ្ធិសេរីភាពផ្ទាល់ខ្លួនជាងមុន នៅក្នុងយុគសម័យឌីជីថលនៅប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ