និន្នាការ​ដែល​កំពុង​បង្កើត​រូបរាងពិភពលោក​​ក្នុង​ឆ្នាំ ២០២៦

(VOVWORLD) - ពិភពលោកឈានចូលឆ្នាំ ២០២៦ ជាមួយនឹងភាពមិនប្រាកដប្រជាជាច្រើន ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ វិវាទពាណិជ្ជកម្ម និងវិបត្តិអាកាសធាតុបានបង្កើតក្តីបារម្ភជាច្រើន ប៉ុន្តែការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ក៏នាំមកនូវក្តីសង្ឃឹមថ្មីផងដែរ។

នៅក្នុងការព្យាករណ៍សេដ្ឋកិច្ចដែលបាននាំចេញនៅចុងឆ្នាំ ២០២៥ អង្គការសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនបានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៦ នឹងមានកំណើនយឺតជាងឆ្នាំ ២០២៥ ដោយសារតែភាពមិនប្រាកដប្រជាជាច្រើន ប៉ុន្តែក៏មានសក្តានុពលទម្លុះទម្លាយដោយបច្ចេកវិទ្យាផងដែរ។

ភាពតានតឹងភូមិសាស្ត្រនយោបាយ

នៅថ្ងៃទី ២៣ ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានប្រកាសផែនការសន្តិភាព ២០ ចំណុចដែលអ៊ុយក្រែន អាមេរិកនិងប្រទេសអឺរ៉ុបមួយចំនួនបានចរចាអស់រយៈពេលជាច្រើនសប្តាហ៍។ ជោគវាសនានៃផែនការនេះ ជាមួយនឹងដំណាក់កាលទី ២ នៃផែនការសន្តិភាពនៅហ្គាហ្សា និងភាពតានតឹងរវាងអាមេរិកនិងវេណេស៊ុយអេឡា នឹងក្លាយជាកត្តាដែលកំណត់ថា តើភាពតានតឹងភូមិសាស្ត្រនយោបាយនឹងបន្តជាកត្តាចម្បងដែលគ្រប់គ្រងផ្ទាំងគំនូរនយោបាយ-សេដ្ឋកិច្ចសកលឆ្នាំ ២០២៦ ដែរឬទេ។ លោក Neil Melvin នាយកសន្តិសុខអន្តរជាតិនៅវិទ្យាស្ថានការពារជាតិនិងសន្តិសុខអង់គ្លេស បានវាយតម្លៃថា អស្ថិរភាពភូមិសាស្ត្រនយោបាយសកល នៅតែជាចំណុចលេចធ្លោនៅឆ្នាំ ២០២៦ ហើយសម្បីតែគ្រោះថ្នាក់ជាង នៅពេលដែលជម្លោះក្នុងតំបន់មិនត្រូវបានគ្រប់គ្រងយ៉ាងល្អ និងជំរុញឱ្យមហាអំណាចត្រូវប្រឈមមុខដាក់គ្នា។

“អ្វីដែលយើងកំពុងមើលឃើញនៅពេលនេះ គឺជានិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលកំពុងជំរុញឱ្យមហាអំណាចពិភពលោកធ្លាក់ចូលការប្រឈមមុខដាក់គ្នាដោយផ្ទាល់។ នេះគឺជានិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលកំពុងកើតឡើងនៅក្នុងតំបន់ជាច្រើន និងទូទាំងពិភពលោក”

និន្នាការ​ដែល​កំពុង​បង្កើត​រូបរាងពិភពលោក​​ក្នុង​ឆ្នាំ ២០២៦ - ảnh 1ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky។ រូបថត៖ REUTERS/Stephanie Lecocq

អស្ថិរភាពភូមិសាស្ត្រនយោបាយត្រូវបានលើកឡើងម្តងហើយម្តងទៀតក្នុងការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោករបស់អង្គការអន្តរជាតិជាច្រើន។ នៅក្នុងរបាយការណ៍ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចពិភពលោក ចេញផ្សាយនាថ្ងៃទី ២ ខែធ្នូ អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចពិភពលោកប្រហែល ២,៩% ក្នុងឆ្នាំ ២០២៦។ កាលពីខែតុលា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានព្យាករណ៍ដោយប្រុងប្រយ័ត្នពីកំណើន ៣,១% នៅឆ្នាំ២០២៦។ យ៉ាងណាក៏ដោយ មិនមែនការព្យាករណ៍ទាំងអស់សុទ្ធតែមានសុទិដ្ឋិនិយមនោះទេ។ ការរីកចម្រើននៃបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត (AI) អាចជាកត្តាផ្លាស់ប្តូរល្បែងលេងទាំងស្រុង។ លោក Pierre-Olivier Gourinchas នាយកស្រាវជ្រាវនៅ IMF បានធ្វើអត្ថាធិប្បាយថា៖ “ការវិវឌ្ឍន៍សំខាន់ៗជាច្រើនអាចបំភ្លឺផ្ទាំងគំនូរសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ជាដំបូង និងសំខាន់បំផុត គឺការបន្ធូរបន្ថយភាពមិនប្រាកដប្រជានៃគោលនយោបាយ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនិងពហុភាគី រួមជាមួយនឹងការកាត់បន្ថយពន្ធ អាចជួយជំរុញកំណើនរយៈពេលខ្លី។ បន្ទាប់មក AI មានសក្តានុពលក្នុងការបង្កើនផលិតកម្ម។ មនុស្សជាច្រើនកំពុងប្រើប្រាស់ AI ហើយអាចបញ្ជាក់ពីអត្ថប្រយោជន៍ដែល AI នាំមកជូន”

និន្នាការ​ដែល​កំពុង​បង្កើត​រូបរាងពិភពលោក​​ក្នុង​ឆ្នាំ ២០២៦ - ảnh 2លោក Pierre-Olivier Gourinchas នាយកស្រាវជ្រាវនៅ IMF ។ រូបថត៖ IMF/REUTERS

សំណួរជុំវិញ AI

បច្ចេកវិទ្យា AI គឺជាក្តីសង្ឃឹមដ៏អស្ចារ្យសម្រាប់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសនីមួយៗ ក៏ដូចជាជំរុញលំហូរពាណិជ្ជកម្មសកល។ ប៉ុន្តែបច្ចេកវិទ្យា AI ក៏បានដាក់ចេញនូវសញ្ញាសួរជាច្រើនផងដែរ មិនត្រឹមតែអំពីទិសដៅអភិវឌ្ឍ AI និងរបៀបគ្រប់គ្រង AI នៅទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអត្ថប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែងដែល AI នឹងនាំមកជូនទៀតផង។ ពាក្យ «ពពុះ AI» ត្រូវបានលើកឡើងកាន់តែច្រើននៅឆ្នាំ ២០២៥ អាចក្លាយជាក្តីកង្វល់សម្រាប់ក្រុមហ៊ុននិងប្រទេសនានានៅឆ្នាំ ២០២៦។ យោងតាមអ្នកជំនាញ Carl-Benedikt Frey សាស្ត្រាចារ្យរងផ្នែក AI និងការងាររនៅវិទ្យាស្ថានអ៊ីនធឺណិត Oxford (UK) បច្ចុប្បន្ន ការទទួលយក AI កំពុងបន្ថយល្បឿន ឬសម្បីតែធ្លាក់ចុះ។ ដូច្នេះហើយ សំណួរនៃឆ្នាំ២០២៦ គឺថា តើនិន្នាការនេះនឹងបន្តឬអត់ ហើយថា តើពិភពលោកនឹងមើលឃើញការប្រើប្រាស់ AI កើនឡើងដែរឬទេ? ហើយសំណួរទីពីរគឺថា តើសាជីវកម្មដែលវិនិយោគលើ AI អាចទទួលបានផលចំណេញដែរឬទេ?       

AI គឺជាបច្ចេកវិទ្យាដ៏អស្ចារ្យ (ដូចជាអាកាសចរណ៍) ប៉ុន្តែក៏ជាផ្នែកឧស្សាហកម្មមិនមានប្រាក់ចំណេញ ដោយសារតែការប្រកួតប្រជែងយ៉ាងតឹងរឹង។ យើងកំពុងមើលឃើញការប្រកួតប្រជែងយ៉ាងខ្លាំង ជាពិសេសពីគំរូកម្មវិធីកូដបើកចំហ ដែលកំពុងអភិវឌ្ឍនៅប្រទេសចិន ដែលជំរុញឱ្យប្រាក់ចំណេញធ្លាក់ចុះ។ ដូច្នេះហើយ សំណួរគឺថា តើឆ្នាំ ២០២៦ នឹងក្លាយជាឆ្នាំដែល AI «បំបែក» ផ្នែកហិរញ្ញវត្ថុ ហើយតើនឹងមានអ្វីកើតឡើងចំពោះបច្ចេកវិទ្យានេះ ប្រសិនបើបែកពពុះ?

និន្នាការ​ដែល​កំពុង​បង្កើត​រូបរាងពិភពលោក​​ក្នុង​ឆ្នាំ ២០២៦ - ảnh 3រូបភាព៖ REUTERS/Dado Ruvic

វិបត្តិអាកាសធាតុគឺជាកត្តាសំខាន់មួយទៀតដែលអាចជះឥទ្ធិពលដល់ពិភពលោកនៅឆ្នាំនេះ។ នៅឆ្នាំ ២០២៥ ការខាតបង់សេដ្ឋកិច្ចពិភពលោកពីបាតុភូតអាកាសធាតុធ្ងន់ធ្ងរត្រូវបានប៉ាន់ប្រមាណប្រហែល ១៣៥ ពាន់លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលការខូចខាត់អាយុជីវិតមនុស្សឡើយ។ ដូច្នេះហើយ មជ្ឈដ្ឋានអ្នកជំនាញបានព្រមានថា ការមិនដាក់បញ្ចូលហានិភ័យអាកាសធាតុទៅក្នុងការរៀបចំគោលនយោបាយអាចធ្វើឱ្យប្រទេសនានាមានភាពអកម្មកាន់តែខ្លាំង ក្នុងការទប់ទល់នឹងការខូចខាត។ លោកស្រី Emily Theokritoff អ្នកស្រាវជ្រាវការខូចខាតអាកាសធាតុនៅវិទ្យាស្ថាន Grantham សម្រាប់ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន (អង់គ្លេស) បានអះអាងថា ក្នុងរយៈពេលវែង ឫសគល់នៃបញ្ហានេះ នៅតែជាការកាត់បន្ថយការបំភាយឧស្ម័ន។      “ប្រការដ៏សំខាន់បំផុត គឺកាត់បន្ថយការបំភាយឧស្ម័ន ដើម្បីធានាថាព្រឹត្តិការណ៍ (អាកាសធាតុ) មិនកាន់តែអាក្រក់ទៅៗ ពីព្រោះភាពធន់នៅមានដែនកំណត់។ យើងបានជួបប្រទះនឹងព្រឹត្តិការណ៍ដែលបង្ហាញថា បើទោះបីជាយើងត្រៀមខ្លួនបានល្អប៉ុណ្ណានោះទេ នៅតែពិបាកណាស់ក្នុងការជៀសវាងផលប៉ះពាល់អវិជ្ជមាន”។

និន្នាការ​ដែល​កំពុង​បង្កើត​រូបរាងពិភពលោក​​ក្នុង​ឆ្នាំ ២០២៦ - ảnh 4លោកស្រី Emily Theokritoff អ្នកស្រាវជ្រាវការខូចខាតអាកាសធាតុនៅវិទ្យាស្ថាន Grantham សម្រាប់ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន (អង់គ្លេស)។ រូបថត៖ REUTERS

ជាទូទៅ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ជឿជាក់ថា និន្នាការសំខាន់ៗនៃឆ្នាំ ២០២៥ នឹងបន្តគ្របដណ្ដប់លើឆ្នាំ ២០២៦។ លទ្ធផលយ៉ាងណា គឺអាស្រ័យទៅលើសមត្ថភាពកែសម្រួលគោលនយោបាយរបស់ប្រទេសនីមួយៗ  និងការច្នៃប្រឌិតនៃប្រព័ន្ធពហុភាគី ដែលបានប្រឈមមុខនឹងបញ្ហាប្រឈមធំៗក្នុងឆ្នាំ ២០២៥ ប៉ុន្តែក៏បានបង្ហាញពីភាពធន់ល្អគួរសមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ