ការសន្យាធានាសន្តិសុខសម្រាប់អ៊ុយក្រែន ប្រឈមមុខនឹងការមន្ទិលសង្ស័យពីគោលនយោបាយរបស់អាមេរិក
(VOVWORLD) - កិច្ចប្រជុំនាថ្ងៃទី ៦ ខែមករា នៅទីក្រុងប៉ារីស ប្រទេសបារាំង របស់សម្ព័ន្ធភាពស្ម័គ្រចិត្តនៃបណ្តាប្រទេសលោកខាងលិចដែលគាំទ្រអ៊ុយក្រែន សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកសាងការសន្យាចំពោះសន្តិសុខនាពេលអនាគតសម្រាប់អ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ វិធានការយោធា និងការទូតនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោក បានបង្កការមន្ទិលសង្ស័យចំពោះការសន្យាទាំងនេះ។
កិច្ចប្រជុំនៃសម្ព័ន្ធភាពស្ម័គ្រចិត្តដែលគាំទ្រអ៊ុយក្រែន នៅថ្ងៃទី ៦ ខែមករា នៅទីក្រុងប៉ារីស បានប្រមូលផ្តុំមេដឹកនាំមកពីប្រទេសជិត ៣០ ភាគច្រើនជាសមាជិកសហភាពអឺរ៉ុប (EU) ចក្រភពអង់គ្លេស និងប្រទេសមួយចំនួននៅខាងក្រៅទ្វីបអឺរ៉ុបប៉ុន្តែជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ដូចជាកាណាដា អូស្ត្រាលី និងនូវែលសេឡង់។
មេដឹកនាំពិភពលោកចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសម្ព័ន្ធភាពស្ម័គ្រចិត្ត នៅវិមានអេលីសេក្នុងទីក្រុងប៉ារីសប្រទេសបារាំងថ្ងៃទី ៦ ខែមករាឆ្នាំ ២០២៦។ រូបថត៖ YOAN VALAT/REUTERS |
ការសន្យាផ្នែកសន្តិសុខរយៈពេលវែង
នៅក្នុងសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីសន្និសីទ សមាជិកនៃសម្ព័ន្ធភាពស្ម័គ្រចិត្តបានសង្កត់ធ្ងន់ថា រាល់កិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែននាពេលអនាគត ត្រូវតែរួមបញ្ចូលការសន្យាផ្នែកសន្តិសុខដ៏រឹងមាំ និងមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់សម្រាប់អ៊ុយក្រែន។ ប្រទេសទាំងនេះក៏បានសន្យាឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ ប្រកបដោយចីរភាព ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា សមត្ថភាពការពារខ្លួនឯងរបស់អ៊ុយក្រែន គឺជាកត្តាចំបាច់សម្រាប់សន្តិសុខនាពេលអនាគតរបស់ប្រទេសនេះ និងស្ថិរភាពនៃតំបន់អឺរ៉ូ-អាត្លង់ទិក។
ការសន្យាជាក់ស្តែងដ៏សំខាន់បំផុតបានមកពីប្រទេសបារាំង និងអង់គ្លេស ដែលជាមហាអំណាចយោធាឈានមុខគេទាំងពីរនៅអឺរ៉ុប។ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer រួមជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចុះហត្ថលេខាលើសេចក្តីប្រកាសអំពីចេតនាដាក់ពង្រាយកងកម្លាំងពហុជាតិសាសន៍ដើម្បីត្រួតពិនិត្យ និងធានាការអនុវត្តបទឈប់បាញ់នៅអ៊ុយក្រែន នៅពេលដែលភាគីជម្លោះឈានដល់បទឈប់បាញ់បែបនេះ។ ទាំងប្រទេសបារាំង និងអង់គ្លេសបានត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅចូលរួម និងគាំទ្រអ៊ុយក្រែនក្នុងការបង្កើតមូលដ្ឋានយោធាជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន ដើម្បីការពារ និងស្តុកទុកឧបករណ៍យោធា។ គួរឲ្យកត់សម្គាល់ថា សម្ព័ន្ធភាពនេះជាលើកដំបូងបានទទួលការធានាជំនួយសន្តិសុខពីសហរដ្ឋអាមេរិក ទោះបីក្នុងនាមជាអ្នកឃ្លាំមើលក៏ដោយ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឲ្យដឹងថា៖ “មានការធានាសន្តិសុខជាច្រើន ដែលអាមេរិកបានបង្ហាញយ៉ាងច្បាស់ពីការចូលរួមរបស់ពួកគេ ជាពិសេសក្នុងការស៊ើបអង្កេត និងការឃ្លាំមើលនៅខ្សែជួរមុខ។ សមត្ថភាពរបស់អាមេរិកក្នុងវិស័យនេះគឺមានលក្ខណៈស្លាប់រស់ និងត្រូវបានបញ្ជាក់រួចហើយ។ អាចនិយាយបានថា នាប៉ុន្មានខែថ្មីៗនេះ យើងបានបង្កើតផែនការដ៏រឹងមាំនិងសមហេតុផលមួយ។ ភាគីអាមេរិកបានស្នើឱ្យយើងធ្វើសកម្មភាពបន្ថែមទៀត ហើយយើងបានធ្វើដូច្នេះ”។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ចាប់ដៃគ្នា បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការដាក់ពង្រាយកងកម្លាំង បន្ទាប់ពីបទឈប់បាញ់នៅវិមាន អេលីសេ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦។ រូបថត៖ Ludovic Marin/REUTERS |
យោងតាមបេសកជនពិសេសលោក Steve Witkoff រដ្ឋបាលសហរដ្ឋអាមេរិកមិនត្រឹមតែសន្យាដឹកនាំយន្តការត្រួតពិនិត្យបទឈប់បាញ់ និងជួយគាំទ្រកងកម្លាំងពហុជាតិសាសន៍ក្នុងការស៊ើបអង្កេតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាមួយអ៊ុយក្រែននាពេលអនាគតទៀតផង។
"ខ្ញុំគិតថា យើងស្ទើរតែសម្រេចរួចរាល់ជាមួយយន្តការសន្តិសុខ ដែលមានសារៈសំខាន់ណាស់ ដើម្បីឲ្យប្រជាជនអ៊ុយក្រែនដឹងថា នៅពេលដែលជម្លោះបញ្ចប់ វានឹងបញ្ចប់តែម្តង។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺយើងបានខិតមកជិតការបញ្ចប់កិច្ចព្រមព្រៀងដ៏រុងរឿង ដែលគ្មានប្រទេសណាធ្លាប់បានឃើញបន្ទាប់ពីជម្លោះដូចនេះទេ"។
សញ្ញាសួរពីទំនាក់ទំនងអន្តរអាត្លង់ទិក
ទោះជាយ៉ាងណាក៏ដោយ ទាំងមុន ក្នុង និងក្រោយកិច្ចប្រជុំនៅទីក្រុងប៉ារីស បញ្ហាភូមិសាស្ត្រនយោបាយមួយទៀតបានលេចចេញ ដោយគំរាមកំហែងថា នឹងបំផ្លាញការឯកភាពគ្នាដ៏ផុយស្រួយនៅក្នុងសម្ព័ន្ធភាពនេះ នោះគឺការមិនចុះសម្រុងគ្នាកាន់តែខ្លាំងរវាងអឺរ៉ុប និងអាមេរិកទាក់ទងនឹងវិបត្តិវេណេស៊ុយអេឡា និងចេតនារបស់អាមេរិកក្នុងការបញ្ចូលកោះហ្គ្រីនឡែន របស់ដាណឺម៉ាក។ បញ្ហាទាំងពីរនេះបានគ្របដណ្ដប់លើការពិភាក្សាជាច្រើននៅទីក្រុងប៉ារីស និងបានបង្ខំឲ្យមេដឹកនាំអឺរ៉ុបស្វែងរកការឆ្លើយតបសមស្រប។
នៅទីក្រុងប៉ារីស មេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ អង់គ្លេស និងដាណឺម៉ាក បានចេញសេចក្តីថ្លែងការណ៍រួមដោយសង្កត់ធ្ងន់ថា ហ្គ្រីនឡែន ជាកម្មសិទ្ធិរបស់ប្រជាជនដាណឺម៉ាក ដូច្នេះមានតែប្រទេសដាណឺម៉ាកនិងប្រជាជនហ្គ្រីនឡែនប៉ុណ្ណោះដែលមានសិទ្ធិសម្រេចចិត្តលើបញ្ហាទាក់ទងនឹងកោះនេះ។
លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ នៅវិមានអេលីសេ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ រូបថត៖ YOAN VALAT/REUTERS |
យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ អឺរ៉ុបកំពុងប្រឈមមុខនឹងជម្រើសដ៏លំបាកមួយ នៅពេលដែលត្រូវការឆ្លើយតបយ៉ាងខ្លាំងចំពោះគោលនយោបាយការបរទេសថ្មីរបស់អាមេរិក និងត្រូវធានាការចូលរួមរបស់អាមេរិកក្នុងការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយសារអាមេរិកនៅតែដើរតួនាទីមិនអាចខ្វះបានផ្នែកនយោបាយ យោធា និងសន្តិសុខ នៅក្នុងដំណើរការនេះ។ ទាក់ទងនឹងយុទ្ធសាស្ត្ររយៈពេលវេង អឺរ៉ុបក៏ត្រូវការឆ្លើយតបឱ្យបានត្រឹមត្រូវចំពោះសហរដ្ឋអាមេរិក ដើម្បីរក្សាឯកភាព ឬសូម្បីតែការរស់រានមានជីវិតរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលជាឆ្អឹងខ្នងនៃរចនាសម្ព័ន្ធសន្តិសុខរបស់អឺរ៉ុប អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ ដូច្នេះហើយ បញ្ហាប្រឈមដ៏ធំបំផុតចំពោះយថាទស្សន៍នៃការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន អាចស្ថិតនៅក្នុងរបៀបដែលអឺរ៉ុបនឹងកសាងទំនាក់ទំនងអន្តរអាត្លង់ទិកថ្មី ជាមួយសហរដ្ឋអាមេរិកដែលកំពុងផ្លាស់ប្តូរកាន់តែខ្លាំងឡើង៕