៨០ ឆ្នាំនៃទិវាបោះឆ្នោតសកលលើកដំបូងរបស់រដ្ឋសភាវៀតណាម៖ សញ្ញាសម្គាល់ដ៏ភ្លឺស្វាងនៃស្ថាប័នប្រជាធិបតេយ្យ
(VOVWORLD) - កាលពី ៨០ ឆ្នាំមុន នាថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៤៦ ការបោះឆ្នោតសកលលើកដំបូងដើម្បីជ្រើសរើសរដ្ឋសភាវៀតណាមត្រូវបានប្រារព្ធធ្វើឡើងតាមគោលការណ៍ប្រជាធិបតេយ្យ និងជឿនលឿនបំផុត៖ ការបោះឆ្នោតជាសកល ស្មើភាព ដោយផ្ទាល់ និងសម្ងាត់។ ចាប់ពីព្រឹត្តិការណ៍ដ៏សំខាន់នោះ ចរន្តនៃប្រជាធិបតេយ្យត្រូវបានដោះសោរ ទទួលមរតក ហើយបានក្លាយជាមូលដ្ឋានគ្រឹះនយោបាយ និងគតិយុត្តិដ៏រឹងមាំសម្រាប់បុព្វហេតុតស៊ូបដិវត្តន៍ និងការកសាងប្រទេសជាតិ។
ប្រជាជននិងប្រជាកម្មករនៅទីក្រុងហាណូយ ធ្វើយុទ្ធនាការគាំទ្រការបោះឆ្នោតសកលលើកដំបូង។ (ប្រភព៖ បណ្ណសារ VNA) |
អស់រយៈពេល ៨០ ឆ្នាំកន្លងមក រដ្ឋសភាវៀតណាមគឺជាកន្លែងដែលប្រមូលផ្ដុំនិងទទួលមរតកនូវចរន្តប្រជាធិបតេយ្យរបស់ប្រទេសជាតិ។ ចាប់ពីការបោះឆ្នោតសកលលើកដំបូងក្នុងឆ្នាំ ១៩៤៦ រហូតដល់រដ្ឋសភាសព្វថ្ងៃនេះ ស្មារតី "ប្រជាជនគឺជាឫសគល់" ជានិច្ចកាលមានវត្តមាន នៅក្នុងដំណើរការអភិវឌ្ឍនៃស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន ព្រមទាំងជាស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។
ប្រជាធិបតេយ្យចាប់ពីសន្លឹកឆ្នោតដំបូង
លក្ខណៈប្រជាធិបតេយ្យរបស់រដ្ឋសភាវៀតណាមត្រូវបានបង្កើតចាប់តាំងពីថ្ងៃកំណើត។ ការបោះឆ្នោតសកលនាថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៤៦ មិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រអំពីសិទ្ធិធ្វើម្ចាស់របស់ប្រជាជនផងដែរ។ ជាលើកដំបូង ប្រជាជនវៀតណាមត្រូវបានអនុវត្តន៍សិទ្ធិបោះឆ្នោត និងឈរឈ្មោះដោយឈរលើមូលដ្ឋានសកល ស្មើភាព ដោយផ្ទាល់ និងការបោះឆ្នោតសម្ងាត់ ដោយគ្មានការរើសអើងពីភេទ សាសនា ឬវណ្ណៈសង្គមឡើយ។ នៅក្នុងបរិបទដែលប្រជាជាតិទើបតែដណ្ដើមបានឯករាជ្យ ហើយកំពុងប្រឈមមុខនឹងការលំបាករាប់មិនអស់នោះ ការរៀបចំការបោះឆ្នោតសកលបានបង្ហាញយ៉ាងច្បាស់អំពីមនោគមវិជ្ជានៃការដាក់ប្រជាជននៅទីតាំងមជ្ឈមណ្ឌលនៃរដ្ឋវ័យក្មេង។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន ថ្លែងនៅក្នុងពិធីមិទ្ទិញរំលឹកខួបលើកទី ៨០ ទិវាបោះឆ្នោតសកលលើកដំបូងរបស់រដ្ឋសភាវៀតណាម។ (រូបថត៖ Le Tuyet/VOV) |
ថ្លែងនៅក្នុងពិធីមិទ្ទិញរំលឹកខួបលើកទី ៨០ ទិវាបោះឆ្នោតសកលលើកដំបូងរបស់រដ្ឋសភាវៀតណាម (ថ្ងៃទី ៦ ខែមករា) ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន បានបញ្ជាក់ថា៖ “ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៤៦ គឺជាសញ្ញាសម្គាល់ដ៏ភ្លឺស្វាងមួយដែលបានបើកសម័យកាលអភិវឌ្ឍន៍ថ្មីសម្រាប់ប្រជាជាតិវៀតណាម។ ជ័យជម្នះនៃការបោះឆ្នោតសកលបានអះអាងយ៉ាងរឹងមាំអំពីសិទ្ធិធ្វើម្ចាស់របស់ប្រជាជន ពីឋានៈទាសករបានក្រោកឈរឡើងដណ្ដើមឯករាជ្យ រៀបចំរដ្ឋផ្ទាល់ខ្លួន ជាមួយនឹងមូលដ្ឋានច្បាប់ពេញលេញដែលតំណាងឱ្យប្រជាជនទាំងអស់នៅក្នុងស្រុក និងអន្តរជាតិ និងជារដ្ឋប្រជាធិបតេយ្យដំបូងគេនៅអាស៊ីអាគ្នេយ៍”។
ឆ្លងកាត់សម័យកាលនានានៃការតស៊ូ បង្រួបបង្រួម និងផ្លាស់ប្ដូរថ្មី លក្ខណៈប្រជាធិបតេយ្យនេះមិនត្រូវបានរំខានឡើយ។ រដ្ឋសភានៅតែជាវេទិកាសម្រាប់ឆ្លុះបញ្ចាំងពីឆន្ទៈ និងសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោត ទោះបីជាស្ថិតក្នុងកាលៈទេសៈប្រវត្តិសាស្ត្រខុសៗគ្នាក៏ដោយ។ ការរក្សាការបោះឆ្នោតតាមកាលកំណត់ ការពង្រីកសមាសភាពសមាជិកសភា ការបង្កើនចំនួនសមាជិកសភាជាស្ត្រី ជនជាតិភាគតិច បញ្ញវន្ត និងពលករ បានបង្ហាញថា ប្រជាធិបតេយ្យត្រូវបានពង្រីក និងធ្វើឲ្យស៊ីជម្រៅបន្តិចម្តងៗ។ ប្រការនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថា តំណាងប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន សុទ្ធតែមានសំឡេងនៅក្នុងសាលប្រជុំរដ្ឋសភា។
ប្រជាធិបតេយ្យ – តម្លៃដ៏ស្ថិតស្ថេរក្នុងរយៈពេល ៨០ ឆ្នាំនៃរដ្ឋសភាវៀតណាម
ប្រសិនបើសន្លឹកឆ្នោតគឺជាចំណុចចាប់ផ្តើមនៃប្រជាធិបតេយ្យនោះ សកម្មភាពរបស់រដ្ឋសភាគឺជាកន្លែងដែលលក្ខណៈប្រជាធិបតេយ្យត្រូវបានផ្ទៀងផ្ទាត់និងធ្វើឲ្យស៊ីជម្រៅថែមទៀត។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋសភាមានការផ្លាស់ប្ដូរថ្មីជាច្រើន តាមទិសបើកចំហរ តម្លាភាព និងកាន់តែជិតស្និទ្ធនឹងប្រជាជន។ សម័យប្រជុំ និងសម័យសួរដេញដោល ត្រូវបានផ្សាយផ្ទាល់ ដែលអនុញ្ញាតឱ្យអ្នកបោះឆ្នោតតាមដាន និងត្រួតពិនិត្យសកម្មភាពរបស់សមាជិកសភា។ ការជជែកដេញដោលកាន់តែជាក់ស្ដែង ដែលបង្ហាញយ៉ាងច្បាស់អំពីតួនាទីបដិវាទ និងការទទួលខុសត្រូវរបស់រដ្ឋសភាចំពោះប្រជាជន។
ការបង្ហាញដ៏សំខាន់មួយទៀតនៃលក្ខណៈប្រជាធិបតេយ្យនោះគឺការពង្រីកការប្រមូលមតិយោបល់ពីប្រជាជនចំពោះសេចក្តីព្រាងច្បាប់។ គោលនយោបាយសំខាន់ៗជាច្រើនត្រូវបានលើកយកមកពិភាក្សាយ៉ាងទូលំទូលាយនៅក្នុងសង្គមមុនពេលត្រូវបានអនុម័ត ដោយហេតុនេះរួមចំណែកដល់ការកែលម្អគុណភាពនៃច្បាប់ ហើយធានាសិទ្ធិរបស់ប្រជាជនក្នុងការចូលរួមផ្ដល់យោបល់លើដំណើរការតាក់តែងច្បាប់។ អនុប្រធានរដ្ឋសភា លោកស្រី ង្វៀន ធីថាញ់ បានសង្កេតឃើញថា៖
“ខ្ញុំចាត់ទុកថា មានមេរៀនសំខាន់ៗចំនួនបី រួមទាំងមេរៀនអំពីការប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ និងធានាសិទ្ធិធ្វើម្ចាស់របស់ប្រជាជន។ ដោយទទួលមរតកនូវស្មារតីនោះ រដ្ឋសភាពីអាណត្តិមួយទៅអាណត្តិមួយ តែងតែផ្តោតសំខាន់ជានិច្ចលើការពង្រីកប្រជាធិបតេយ្យ បង្កើនភាពជាតំណាង និងផ្លាស់ប្ដូរថ្មីវិធីសាស្រ្តធ្វើការដើម្បីឲ្យកាន់តែជិតស្និទ្ធនឹងប្រជាជន បម្រើយ៉ាងពិតប្រាកដ ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកបោះឆ្នោតនិងប្រជាជន”។
ក្រឡេកមើលដំណើរជិត ៨០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍របស់រដ្ឋសភាវៀតណាម អាចឃើញយ៉ាងច្បាស់ពីខ្សែអំបោះក្រហមមួយពីអតីតកាលរហូតដល់បច្ចុប្បន្នកាលនោះគឺលក្ខណៈប្រជាធិបតេយ្យ។ វាមិនមែនជារឿងចៃដន្យទេ ដែលរដ្ឋសភាត្រូវបានកំណត់ជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន និងជាស្ថាប័នអំណាចរដ្ឋខ្ពស់បំផុត។ ចាប់ពីប៉ុន្មានថ្ងៃដ៏លំបាករហូតដល់ដំណាក់កាលសមាហរណកម្ម និងអភិវឌ្ឍន៍នាសព្វថ្ងៃ រដ្ឋសភាវៀតណាមជានិច្ចកាលភ្ជាប់ជោគវាសនារបស់ខ្លួនទៅនឹងសិទ្ធិធ្វើម្ចាស់របស់ប្រជាជន ដោយយកប្រជាធិបតេយ្យជាមូលដ្ឋានគ្រឹះផង និងជាគោលដៅសម្រាប់ការសុក្រិតដោយឥតឈប់ឈរផង៕