(VOVWORLD) - ការធានាសន្តិសុខនិងសុវត្ថិភាពតាមអ៊ីនធឺណិត ជាបញ្ហាដែលបក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់ជានិច្ច ដោយចាត់ទុកនេះជាលក្ខខណ្ឌដំបូងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ទិវាអ៊ីនធឺណិតកាន់តែមានសុវត្ថិភាព (ថ្ងៃទី ១០ ខែកុម្ភៈ) មិនត្រឹមតែជាឱកាសដើម្បីលើកកំពស់ការយល់ដឹងរបស់សហគមន៍ប៉ុណ្ណោះទេ ថែមទាំងក៏បញ្ជាក់ពីវិធីអភិក្រមដ៏ឥតងាករេរបស់វៀតណាមចំពោះការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ដោយដាក់មនុស្សជាកត្តាស្នូល ធានាតម្លាភាព យុត្តិធម៌ និងការគោរពភាពឯកជនផងដែរ។
រូបថតឧទាហរណ៍៖ VGP |
វៀតណាម៖ ប្រទេសគំរូមួយក្នុងការអនុវត្ត AI ទៅក្នុងសេដ្ឋកិច្ច
នៅប្រទេសវៀតណាម គោលជំហរនិងគោលនយោបាយសំខាន់ៗរបស់បក្ស និងរដ្ឋស្តីពីការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍បានដាក់ AI នៅចំណុចកណ្តាល ដោយជ្រៀតចូលបន្តិចម្តងៗទៅក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ច តាមនោះបង្កើនផលិតភាព ប្រសិទ្ធភាពអភិបាលកិច្ច និងបង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
យោងតាមរបាយការណ៍ថ្មីបំផុតស្តីពីសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម ដែលបានប្រកាសដោយ Google សហការជាមួយ Temasek និង Bain & Company ទំហំសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមក្នុងឆ្នាំ២០២៥ បានឈានដល់ប្រហែល ៣៩ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៧% បើប្រៀបធៀបទៅនឹងឆ្នាំមុន និងជាអត្រាកំណើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ (អាស៊ាន)។
ពាណិជ្ជកម្មអេឡិចត្រូនិកជាប់ចំណាត់ថ្នាក់លេខពីរនៅក្នុងតំបន់អាស៊ានទាំងទំហំ និងល្បឿន។ ហិរញ្ញវត្ថុឌីជីថល និងការស្វែងរកឌីជីថលក៏កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងផងដែរ។ បច្ចុប្បន្ននេះ វៀតណាមកំពុងនាំមុខគេក្នុងតំបន់អាស៊ានក្នុងការទទួលយកនិងទំនុកចិត្តលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ ល្បឿនអ៊ីនធឺណិតចល័តនៅឆ្នាំ ២០២៥ ស្ថិតនៅក្នុងចំណោមកំពូលទាំង ២០ លើពិភពលោក ហើយសន្ទស្សន៍សន្តិសុខតាមអ៊ីនធឺណិតសកល ជាប់ចំណាត់ថ្នាក់លេខ ១៦ នៅលើពិភពលោក... ពីពាណិជ្ជកម្មអេឡិចត្រូនិករហូតដល់កម្មវិធីបញ្ញាសិប្បនិម្មិតផ្សេងទៀត វៀតណាមកំពុងឈានឡើងក្លាយជាមហាអំណាចឌីជីថលពិតប្រាកដ។ លោក Mark Woo នាយកប្រតិបត្តិក្រុមហ៊ុន Google វៀតណាម បានបញ្ជាក់ថា៖
“យើងបានចំណាយរយៈពេល ១០ ឆ្នាំកន្លងមកនេះដើម្បីស្រាវជ្រាវសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់ ហើយខ្ញុំបានសង្កេតឃើញថា សេដ្ឋកិច្ចឌីជីថលពិតជាកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម។ នាពេលអនាគត នៅឆ្នាំ ២០៣០ ទំហំសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមអាចឡើងដល់ ២០០ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជិត ៥០% នៃផលិតផលក្នុងស្រុកសរុបបច្ចុប្បន្នរបស់វៀតណាម។ និន្នាការពីរដែលកំពុងផ្ទុះឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិក និងការដែល មួយភាគបីនៃចំនួនប្រជាជន
វៀតណាមមានគណនីកាបូបអេឡិចត្រូនិកសកម្ម។ ការអនុវត្ត AI នៅក្នុងប្រទេសវៀតណាមពិតជាគួរឱ្យចាប់អារម្មណ៍ណាស់”។
ការដែលវៀតណាមបានជំរុញការអនុវត្ត AI ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ក្នុងការចាប់យកឱកាសនៃសម័យកាលបច្ចេកវិទ្យា។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យ AI ក្លាយជាកម្លាំងចលករកំណើនថ្មីយ៉ាងពិតប្រាកដ វៀតណាមកំពុងកែលម្អក្របខ័ណ្ឌស្ថាប័នដោយឥតឈប់ឈរ ក្នុងនោះការ
កកើតនៃច្បាប់ AI ដំបូងបង្អស់គឺជាចំណុចរបត់ដ៏សំខាន់មួយ។ លោក Tran Van Son អនុប្រធានវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរឌីជីថលជាតិ ក្រសួងវិទ្យា
សាស្ត្រ និងបច្ចេកវិទ្យា បានចាត់ទុកថា៖
“ការកកើតនៃច្បាប់ AI របស់វៀតណាម ឆ្ពោះទៅរកគោលដៅពីរទន្ទឹមគ្នានោះគឺ បំពេញចន្លោះប្រហោងផ្នែកច្បាប់ដើម្បីគ្រប់គ្រងបញ្ហាប្រឈមថ្មីៗ ផ្លាស់ប្តូរពីផ្នត់គំនិតអកម្មទៅជាផ្នត់គំនិតស្ថាបនា តាមនោះនាំគោលនយោបាយរបស់បក្សអំពី AI ក្លាយជាកម្លាំងចលករកំណើនសេដ្ឋកិច្ចស្នូលសម្រាប់ប្រទេសជាតិ។ ការចេញផ្សាយច្បាប់ AI មិនត្រឹមតែជាឧបករណ៍គ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសន្យាជាយុទ្ធសាស្ត្ររបស់វៀតណាមក្នុងការធ្វើជាម្ចាស់លើបច្ចេកវិទ្យា ការពារមនុស្ស និងស្ថាបនាអនាគតឌីជីថលប្រកបដោយភាពសកម្ម សុវត្ថិភាព និងមនុស្សសាស្ត្រផងដែរ”។
ការអភិវឌ្ឍ AI ដោយសុវត្ថិភាពនិងការទទួលខុសត្រូវ
ហេតុដូច្នេះ នៅក្នុងប្រទេសវៀតណាម សំណួរដែលចោទឡើងមិនមែនគ្រាន់តែជា "តើការអភិវឌ្ឍ AI នឹងលឿនប៉ុណ្ណា" នោះទេ ប៉ុន្តែថែមទាំងជា "របៀបអភិវឌ្ឍន៍ AI ដោយសុវត្ថិភាពនិងការទទួលខុសត្រូវយ៉ាងដូចម្ដ៉េច"។ សុវត្ថិភាពតាមអ៊ីនធឺណិតគឺជាមូលដ្ឋានគ្រឹះសម្រាប់ AI ពង្រីកតម្លៃប្រកបដោយចីរភាព។ លោក Tran Minh Tuan ប្រធាននាយកដ្ឋានសេដ្ឋកិច្ច និងសង្គមឌីជីថល ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានអះអាងថា ដើម្បីឱ្យសេដ្ឋកិច្ចឌីជីថលក្លាយជាសសរស្តម្ភនៃការអភិវឌ្ឍ គឺបញ្ហាសន្តិសុខព័ត៌មាន និងសុវត្ថិភាពបណ្តាញត្រូវតែជាអាទិភាពចម្បងជានិច្ច៖
“សន្តិសុខព័ត៌មានគឺមិនអាចខ្វះបានឡើយ។ ត្រូវតែការពារប្រជាជននៅកម្រិតមូលដ្ឋាន។ កម្រិតមូលដ្ឋាននេះមានន័យថា ប្រជាជនអាចចូលប្រើកម្មវិធីរុករកតាមអ៊ីនធឺណិតដោយសុវត្ថិភាព គ្មានការហៅទូរស័ព្ទនិងសាររំខានឬបោកប្រាស់។ យើងត្រូវតែដំឡើងកម្មវិធីប្រឆាំងមេរោគនៅកម្រិតមូលដ្ឋាន; ត្រូវតែធានាសុវត្ថិភាពព័ត៌មាននៅលើវេទិកាឌីជីថលជាតិតាំងពីដំណាក់កាលរចនា មានន័យថា យើងត្រឹមតែប្រើប្រាស់វេទិកាឌីជីថលដែលបំពេញតាមតម្រូវការផ្នែកច្បាប់ទាក់ទងនឹងសុវត្ថិភាពព័ត៌មានតាមបណ្ដាញប៉ុណ្ណោះ”។
នៅក្នុងប្រទេសវៀតណាម ការជំរុញការអនុវត្ត និងការនាំ AI ក្លាយជាកម្លាំងចលករសម្រាប់
ការអភិវឌ្ឍប្រកបដោយសុវត្ថិភាព គឺជាទិដ្ឋភាពពីរដែលអមដំណើរគ្នា និងមិនអាចបំបែកគ្នាបានឡើយ។ នៅពេលដែលសុវត្ថិភាព និងសិទ្ធិមនុស្សត្រូវបានដាក់នៅចំណុចកណ្តាល បញ្ញាសិប្បនិម្មិត (AI) នឹងពង្រីកតម្លៃបានយ៉ាងពេញលេញ ដោយរួមចំណែកជាក់ស្តែងដល់កំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងអនាគតឌីជីថលប្រកបដោយចីរភាព៕