អ្នករក្សាអក្សរ Nom Dao នៅភូមិ Cuon
(VOVWORLD) - ផ្ទះតូចមួយនៅច្រលងភ្នំនៅភូមិ Cuôn ឃុំ Cho Don ខេត្ត Thai Nguyen រៀងរាល់យប់បានបន្លឺឡើងជាមួយនឹងសំឡេងសិស្សហាត់អាន។ នេះជាថ្នាក់រៀនអក្សរ Nom Dao ដោយលោក Hoang Thong Chu អ្នកភូមិ បានបើកនិងរក្សាអស់រយៈពេល ៧ឆ្នាំមកនេះ ដោយមានបំណងចង់រក្សាការសរសេរ និងអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Dao ក្រហមនៅទីនេះ។
រៀងរាល់យប់ បន្ទាប់ពីបញ្ចប់ការងារនៅស្រែចំការ មនុស្សចាស់និងក្មេងៗ ជួបជុំគ្នាជុំវិញចង្កៀង ដើម្បីរៀនអក្សរបុរាណ។ ផ្ទះសាមញ្ញនៅតាមជ្រលងភ្នំរបស់លោក Hoang Thong Chu ដែលមានអាយុ ៦០ ឆ្នាំ ឥឡូវនេះបានក្លាយទៅជាថ្នាក់រៀនសម្រាប់ជនជាតិ Dao ដើម្បីអភិរក្សការសរសេររបស់ជនជាតិខ្លួន។
លោក Hoang Thong Chu នៅតែខិតខំអភិរក្ស អក្សររបស់ជនជាតិខ្លួន។ រូបថត៖ VOV-ភូមិភាគឦសាន |
កាលនៅអាយុ១០ឆ្នាំ លោក Hoang Thong Chu ចាប់ផ្តើមរៀនអានពីជីតា និងមនុស្សចាស់នៅក្នុងភូមិ។ សម្រាប់លោក ក្រៅពីមធ្យោបាយកត់ត្រាមក អក្សរ Nom Dao បង្ហាញពីតម្លៃវប្បធម៌ ផ្ទុកនូវចំណេះដឹងប្រជាប្រិយ បើកនូវរឿងល្អៗជាច្រើន ហេតុផលត្រឹមត្រូវ និងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្លួន។ អក្សរ Nom Dao ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពខាងវិញ្ញាណនិងវប្បធម៌ ដែលពិសិដ្ឋបំផុតគឺពិធី ផ្តល់ស័កពេញវ័យ ដែលជាពិធីសម្គាល់ភាពធំដឹងក្តីរបស់បុរសជនជាតិ Dao។ ទោះយ៉ាងណាក៏ដោយ ក្នុងជីវភាពសម័យទំនើប ប្រជាជន Dao ជាច្រើន ជាពិសេសយុវជន មិនអាចអាន ឬសរសេរអក្សរ Nom Dao បានទេ។ លោក Chu មានការព្រួយបារម្ភយ៉ាងខ្លាំងថា នៅពេលណាមួយ សៀវភៅបុរាណដែលមានភាពសម្បូរបែប និងព្រលឹងជាតិនឹងលែងមានអ្នកណាអានទៀតហើយ។ ដូច្នេះហើយលោកប្ដេជ្ញាបើកថ្នាក់កៀរគរអ្នកភូមិគ្រប់ៗរូបឲ្យមករៀន។
“គោលបំណងសំខាន់នៃថ្នាក់នេះគឺចង់ជួយអ្នកភូមិ បងប្អូននិងញាតិមិត្តឲ្យចេះអក្សរ ចេះគួរសម និងថែរក្សាវប្បធម៌ជាតិ និងបេតិកភណ្ឌរបស់ជនជាតិ Dao ក្រោយមក ពេលខ្ញុំចាស់ទៅមិនអាចបង្រៀនបាន នឹងមានថ្នាក់ក្មេងមកបង្រៀន ពោលគឺ បន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយទៀត”។
ថ្នាក់រៀនមានទាំងមនុស្សចាស់ និងអ្នកវ័យក្មេងនៅក្នុងភូមិ។ រូបថត៖ VOV-ភូមិភាគឦសាន |
ពេលបើកថ្នាក់ មានមនុស្សជាច្រើនមិនបានចាប់អារម្មណ៍ទេ ព្រោះខ្លាចរៀន ហើយរវល់ធ្វើការលើស្រែចំការ។ លោក Hoang Thong Chu ត្រូវមានភាពអត់ធ្មត់ និងឧស្សាហ៍ព្យាយាមជាជំហានៗ ដើម្បីជួយអ្នកគ្រប់គ្នាឱ្យយល់ពីសារៈសំខាន់នៃអក្សរ Nom Dao និងតម្លៃវប្បធម៌ដែលបង្កប់ក្នុងតួរអក្សរនីមួយៗ។ លោក Chư ក៏ខំប្រឹងចងក្រងផែនការបង្រៀនដែលនៅជិតស្និទ្ធជាមួយជនជាតិរបស់ខ្លួន។ វគ្គនីមួយៗ ក្រៅពីការរៀនសូត្រ ជនជាតិ Dao ក៏បានសិក្សាអំពីសីលធម៌ មនុស្សធម៌ គោលការណ៍ជីវិត និងរបៀបប្រព្រឹត្តក្នុងគ្រួសារ និងសហគមន៍ Dao តាមរយៈកំណត់ត្រារបស់បុព្វបុរស ឬសៀវភៅ និងរឿងបុរាណ។ រហូតមកដល់ពេលនេះ ថ្នាក់រៀនបានដំណើរការជាប្រចាំ ជារៀងរាល់យប់។ ថ្នាក់រៀនក៏ទាក់ទាញសិស្សមកពីភូមិជិតខាង សូម្បីតែមកពីខេត្តផ្សេងៗ។ សិស្សានុសិស្សជាង ២០ នាក់តាំងពីក្មេងដល់ចាស់អង្គុយរៀនអក្សរទាំងរីករាយផងនិងមានមោទនភាព។ សិស្ស Trieu Trung Cuong ថ្នាក់ទី ៦ បានចែករំលែកថា៖ “ខ្ញុំពិតជាចូលចិត្តរៀនអក្សររបស់ជនជាតិ Dao ណាស់។ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីកុំឱ្យឪពុកម្តាយខ្ញុំខកចិត្ត និងបន្តអត្តសញ្ញាណប្រជាជនរបស់ខ្ញុំ សម្រាប់មនុស្សជំនាន់ក្រោយ"។
ចំណែកឯលោក Trieu Tien Tho ជាសិស្សចំណាស់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការលះបង់របស់លោក Hoang Thong Chu ក្នុងការថែរក្សាការសរសេររបស់ប្រជាជនរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះ លោក Chu ក៏បង្កើតកន្លែងវប្បធម៌ដែលប្រជាជន Dao ជួបជុំគ្នានិងចែករំលែកចំណេះដឹង។
"ថ្នាក់រៀនអក្សរ Nom Dao នេះមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ និងសហគមន៍ Dao ទាំងមូល។ ការរៀនអក្សរនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្វែងយល់ពីហេតុផល និងពាក្យពេជ្រដ៏មានអត្ថន័យរបស់ជនជាតិ Dao ខ្ញុំពិតជាសង្ឃឹមថា គ្រូចាស់ៗតែងតែមានសុខភាពល្អ និងបន្តបង្រៀនអ្នកដែលចង់រៀនអក្សរ Nom Dao ដើម្បីរក្សាអក្សរនេះសម្រាប់ប្រជាជនយើង"។
លោក Hoang Thong Chu ណែនាំឲ្យសិស្សសរសេរអក្សរនីមួយៗ។ រូបថត៖ VOV-ភូមិភាគឦសាន |
មកដល់ថ្នាក់របស់លោក Hoang Thong Chu មិនថាមនុស្សក្មេង កុមារ ឬមនុស្សចាស់ទេ សុទ្ធតែមានភាពរីករាយ និងមានភាពស្និទ្ធស្នាល។ ក្នុងយុគសម័យទំនើប ពេលតម្លៃប្រពៃណីជាច្រើនត្រូវបានគេបំភ្លេចចោល ថ្នាក់រៀនអក្សរ Nom Dao នៅជ្រលងភ្នំនោះប្រៀបដូចជាសក្ខីភាពនៃភាពរស់រវើកនៃវប្បធម៌។ នោះជាកន្លែងដែលតួអក្សរបុរាណនៅតែត្រូវបានគេស្រឡាញ់ ជាកន្លែងដែលអត្តសញ្ញាណមិនត្រឹមតែត្រូវបានរក្សាទុកប៉ុណ្ណោះទេ ប៉ុន្តែក៏បានបន្តនិងផ្សព្វផ្សាយជាបន្តបន្ទាប់ជាច្រើនឆ្នាំមកហើយ៕