ការច្រៀង Boi ត្រឡប់ទៅរកទស្សនិកជននៅក្នុងលំហកេរ្តិ៍ដំណែល

(VOVWORLD) - 
ការច្រៀង Boi ត្រឡប់ទៅរកទស្សនិកជននៅក្នុងលំហកេរ្តិ៍ដំណែល - ảnh 1កម្មវិធីសម្ដែងមួយរបស់ក្រុមសិល្បករសិល្បការិនីមកពីមហោស្រពសិល្បៈច្រៀង Boi។ (រូបថត៖ ផ្តល់ដោយរោងមហោស្រព)
ជារៀងរាល់ព្រឹកថ្ងៃអាទិត្យ លំហដ៏បុរមបុរាណនៃកេរ្តិ៍ដំណែលមួយចំនួន នៅទីក្រុងហូជីមិញ តែងតែក្លាយជាឆាកសម្រាប់សិល្បៈច្រៀង បូយ (Boi)។ តាមរយៈ ការសម្តែងដោយឥតគិតថ្លៃ និងសកម្មភាពអន្តរកម្មច្នៃប្រឌិត រោងមហោស្រពសិល្បៈ ច្រៀង Boi ទីក្រុងហូជីមិញ កំពុងទទួលបានជោគជ័យក្នុងការនាំយកសិល្បៈប្រពៃណី ខិតមកជិតសាធារណជនជាច្រើនជំនាន់។
នៅវេលាម៉ោង ៩ ព្រឹកថ្ងៃអាទិត្យ សូរសំឡេងដ៏សប្បាយរីករាយនៃស្គរនិងត្រែ តែងតែ លាន់លឺឡើងនៅប្រាង្គលោកតា Le Van Duyet។ ឆាកសម្ដែងពិសេសមួយត្រូវបាន បង្កើតឡើង។ សិល្បករច្រៀង Boi ត្រៀមរៀបចំសំលៀកបំពាក់ និងរបាំងមុខយ៉ាង ស្រស់ឆើតឆាយ សម្រាប់ការសម្តែងដោយឥតគិតថ្លៃ បម្រើសាធារណជន។ ការច្រៀង Boi (ត្រូវបានគេស្គាល់ផងដែរថាជាការច្រៀង Bo ឬល្ខោន Tuong បុរាណ) គឺជាបេតិកភណ្ឌមួយក្នុងចំណោមបេតិកភណ្ឌវប្បធម៌ដ៏ វិសេសវិសាលនៃ ភូមិភាគខាងត្បូងប្រទេសវៀតណាម។
ការច្រៀង Boi ត្រឡប់ទៅរកទស្សនិកជននៅក្នុងលំហកេរ្តិ៍ដំណែល - ảnh 2ឆាកសម្ដែងត្រូវបានដំឡើងនៅខាងក្រៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រក្នុងទីក្រុង។ (រូបថត៖ ផ្តល់ដោយរោងមហោស្រព)
ការច្រៀង Boi មានប្រភពពីការច្រៀង Bo ក្នុងរាជវាំង។ ពេលសម្តែង សិល្បករច្រៀងរាំ ដើរលើឆាក និងបញ្ចេញកាយវិការដ៏ទាក់ ទាញជាមួយវត្ថុជានិមិត្តរូប។ ទស្សនិកជនគ្រប់វ័យអាយុ តាំងពីមនុស្សចាស់ រហូតដល់គ្រួសារវ័យក្មេង និង ភ្ញៀវទេសចរបរទេស សុទ្ធតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារ។ ក្នុងនោះ មានអ្នកស្រី Minh Thao និងកូនប្រុសអាយុ ៥ ឆ្នាំ។ នាងបានសំណេះសំណាលថា ពេលមួយដែលនាង មកទស្សនាប្រាង្គលោកតា ដោយចៃដន្យ ក៏ស្របពេលដែលមានការសម្តែងច្រៀង Boi ផងដែរ។ ចាប់តាំងពីពេលនោះមក នាងនិងកូនប្រុស បានក្លាយជាទស្សនិកជន ដ៏ស្មោះត្រង់ ហើយតែងតែតាមដានកាលវិភាគប្រចាំសប្តាហ៍ ដើម្បីមិនខកខានមើលការ សម្ដែង។ នាងក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទទួលបទពិសោធន៍ ដូចជា៖ ការរៀនក្បាច់របាំ និងការគូររបាំងមុខទៀតផង។ អ្នកស្រី Thao បានចែករំលែកថា៖
"ខ្ញុំគិតថា នេះជាកម្មវិធីល្អ និងប្រកបដោយភាពច្នៃប្រឌិត ដោយនាំយកប្រវត្តិ សាស្រ្ត វប្បធម៌ និងសិល្បៈឱ្យកាន់តែខិតមកជិតជាមួយមនុស្សគ្រប់រូប មិនត្រឹមតែ យុវជនប៉ុណ្ណោះទេ។ ការសម្របសម្រួលជាមួយមិត្តយុវជន ក្នុងការសម្តែងលើកមុនៗ គឺជាប្រការគួរឲ្យស្វាគមន៍ និងវិជ្ជមាន”។
សិល្បការិនី Kieu My ដែលបានផ្សារភ្ជាប់នឹងសិល្បៈច្រៀង Boi ជាង២០ឆ្នាំ បាននិយាយថា សម្រាប់ការសម្តែងនីមួយៗ សិល្បករសិល្បការិនី ត្រូវមកមុន ១-២ ម៉ោង ដើម្បីតុបតែងមុខនិងត្រៀមរៀបចំដោយខ្លួនឯង។ យ៉ាងណាមិញ នាងនិងសហការី នៅតែសប្បាយចិត្តខ្លាំងណាស់ ព្រោះទស្សនិកជនជាច្រើនកំពុងរង់ចាំការសម្តែងរបស់ពួកគេ។ រង្វាន់ដ៏អស្ចារ្យបំផុតសម្រាប់សិល្បករសិល្បការិនីគឺជាក្រសែ ភ្នែករបស់កុមារដែលយកចិត្តទុកដាក់ដល់ការទស្សនា និងការទះដៃផ្គរលាន់ពី ទស្សនិកជន។ សិល្បការិនី Kieu My បានចែករំលែកថា៖
«ពេលឃើញទស្សនិកជនមកទស្សនានិងទះដៃ សិល្បករយើងមានអារម្មណ៍ ហាក់ដូចជាបានបន្ថែមកម្លាំងចិត្ត។ ប្រការនោះធ្វើឲ្យខ្ញុំកាន់តែស្រឡាញ់សិល្បៈ ប្រពៃណី ហើយកាន់តែចង់បណ្តុះ និងអភិវឌ្ឍន៍វាបន្ថែមទៀត ដើម្បីឲ្យសិល្បច្រៀង Boi កាន់តែប្រសើរឡើង និងមានភាពជិតស្និទ្ធជាមួយទស្សនិកជន»។
ការច្រៀង Boi ត្រឡប់ទៅរកទស្សនិកជននៅក្នុងលំហកេរ្តិ៍ដំណែល - ảnh 3ទស្សនិកជនជាច្រើនដែលមានអាយុខុសៗគ្នាបានមកទស្សនាការសម្តែងតាំងពីដើមដល់ចប់។ (រូបថត៖ Vu Huong/VOV-ទីក្រុងហូជីមិញ)
រោងមហោស្រពសិល្បៈច្រៀង Boi ទីក្រុងហូជីមិញបានរក្សាការសម្ដែងជា ប្រចាំនៅទីតាំងកេរ្តិ៍ដំណែលអស់រយៈពេលជាង ៣ ឆ្នាំកន្លងមក។ យោងតាមលោក Nguyen Thanh Binh ប្រធានផ្នែករៀបចំការសម្ដែង រោងមហោស្រពសិល្បៈច្រៀង Boi ទីក្រុងហូជីមិញ ឲ្យដឹងថា នេះជាយុទ្ធសាស្ត្រ "ទ្វេរដង"៖ ទាំងផ្សព្វផ្សាយតម្លៃនៃ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផង ទាំងបង្កើតឱកាសសម្រាប់ការច្រៀង Boi ខិតមកជិត ទស្សនិកជនសម័យទំនើបតាមវិធីធម្មជាតិបំផុតផង។ ជារៀងរាល់សប្តាហ៍ រឿងរ៉ាវដ៏ ល្បីល្បាញអំពីប្រវត្តិសាស្ត្រ ប្រជាប្រិយ ត្រូវបានសម្ដែងនៅទីតាំងចំនួនពីរគឺ ប្រាង្គ លោកតា Le Van Duyet និងសារមន្ទីរប្រវត្តិសាស្ត្រទីក្រុងហូជីមិញ។ កម្មវិធីនេះក៏ រួមបញ្ចូលគ្នានូវការឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ លក្ខណៈពិសេសនៃសិល្បៈច្រៀង Boi និងសកម្មភាពអន្តរកម្មដូចជាការគូររបាំងមុខ ការសាកល្បងជាសិល្បករ ជាដើម។ លោក Nguyen Thanh Binh បានចែករំលែកថា៖
“សញ្ញាល្អគឺទស្សនិកជនវ័យក្មេង បានអង្គុយទស្សនា តាំងពីដើមរហូតដល់ចប់ កម្មវិធី។ យើងទទួលបានមតិវិជ្ជមានខ្លាំងអំពីកម្មវិធី ហើយទស្សនិកជនមិនត្រឹមតែ បានមកទស្សនាប៉ុណ្ណោះទេ ថែមទាំងទទួលបានបទពិសោធន៍ទៀតផង ហើយប្រការ នោះ បាននាំមកនូវលក្ខណៈអន្តរកម្មរវាងសិល្បៈបុរាណ និងមនុស្សជំនាន់បច្ចុប្បន្ន”។
ការសម្តែងច្រៀង Boi ត្រូវបានប្រារព្ធឡើងជាប្រចាំនៅទីកន្លែងសាធារណៈ បានរួមចំណែកបង្កើតភាពរស់រវើកថ្មីសម្រាប់ទម្រង់សិល្បៈប្រពៃណីនៅក្នុងលំហទីក្រុងទំនើប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ