សូរសំឡេងគែន ថែរក្សាព្រលឹងរបស់ជនជាតិ Mong
(VOVWORLD) - ខណៈពេលដែលសូរសំឡេងគែន កំពុងរសាត់បាត់ទៅបន្តិចម្តងៗនៅតាមភូមិឃុំជាច្រើនរបស់ជនជាតិ Mong នៅក្នុងភូមិ Ta So ឃុំ Moc Chau ខេត្ត Son La ប្រជាជនកំពុងអនុវត្តន៍បានល្អនូវការងារថែរក្សានិងមរតក។ គោលបំណងរបស់ពួកគេគឺចង់ឱ្យសូរសំឡេងគែន បន្តបន្លឺឡើងនៅក្នុងពិធីបុណ្យនានា ដោយតភ្ជាប់ស្មារតី និងអភិវឌ្ឍន៍ជាមួយអនាគត។
ភូមិ Ta So មើលពីខាងលើ។ (រូបថត៖ VOV) |
យុវជន Mong ស្លៀកពាក់សំលៀកបំពាក់ប្រពៃណី ដៃកាន់គែន ផ្លុំបន្លឺសំឡេងដ៏រីករាយ ជើងធ្វើចលនាបង្វិលទៅតាមចង្វាក់រាំ។ នៅពេលដែលមានពិធីបុណ្យ ឬឱកាសពិសេស យុវជននៅក្នុងភូមិ តែងតែសម្តែងសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទីទស្សនា ដោយជួយពួកគេឱ្យយល់ដឹងអំពីអត្តសញ្ញាណប្រពៃណីរបស់ជនជាតិ Mong។ លោក Mua A Cua នៅភូមិ Ta So បាននិយាយថា៖
«នៅក្នុងភូមិមានក្រុមគែនមួយក្រុម ដូច្នេះយើងក៏រក្សាការហាត់រៀនជាមួយគ្នា ហើយក៏សាមគ្គីនិងជិតស្និទ្ធជាមួយគ្នាផងដែរ។ នៅពេលដែលមានក្រុមភ្ញៀវទេសចរមក ឬមានពិធីបុណ្យ យើងមករាំឱ្យពួកគេទស្សនា ដើម្បីថែរក្សាអត្តសញ្ញាណជនជាតិ មិនឱ្យវាបាត់បង់ទៅ”។
គែន Mong ត្រូវបានសម្តែងនៅក្នុងពិធីបុណ្យនៅមូលដ្ឋាន។ (រូបថត៖ VOV) |
សម្រាប់ជនជាតិ Mong សូរសំឡេងគែនមានអត្ថន័យសំខាន់ណាស់ ក្នុងជីវភាពហើយមានតម្លៃខាងវិញ្ញាណដ៏ពិសិដ្ឋ។ គ្រូគែនបាននិយាយថា គែនអាចបន្លឺសំឡេងសោកសៅ ក្រៅពីសំឡេងរីករាយ។ នៅពេលដែលសំឡេងគែនសោកសៅបន្លឺឡើង នោះគឺជាការជូនដំណើរមនុស្សដែលចែកឋានទៅកាន់ពិភពផ្សេងទៀត។ ដូច្នេះ សំឡេងគែនមិនអាចខ្វះបាន នៅក្នុងពិធីបុណ្យសពបានទេ។ ចំណែកសំឡេងគែនរីករាយ នឹងបន្លឺឡើងនៅក្នុងពិធីបុណ្យទាន ឬឱកាសដែលកំលោះបង្ហាញទេពកោសល្យនៅចំពោះមុខក្រមុំដែលគាត់ស្រឡាញ់។ លោក Mua A Trong គ្រូគែនចាស់វស្សាម្នាក់ ដែលបានលេងគែនអស់រយៈពេលជាច្រើនឆ្នាំមកហើយ បាននិយាយថា៖
"ជីវភាពរបស់ជនជាតិ Mong តាំងពីបុរាណកាលមក បានភ្ជាប់នឹងគែនហើយ។ នៅពេលដែលមានខួបមរណភាព ពិធីបុណ្យសព ឬទទួលអំណរបុណ្យតេត ត្រូវលេងគែនទើបមានភាពសប្បាយរីករាយ។ ជីដូនជីតាជនជាតិ Mong បានបន្សល់ទុកមក ពីជំនាន់មួយទៅជំនាន់មួយទៀត”។
សិប្បករ Mua A Cua (នៅកណ្ដាល) ណែនាំយុវជនក្នុងភូមិរាំគែន។ (រូបថត៖ baosonla.vn) |
ជាកូនប្រុសរបស់លោក Mua A Trong លោក Mua A Cua បានចាប់ផ្តើមរៀនលេងគែន ពីឪពុកតាំងពីអាយុ ១៥ ឆ្នាំ។ ពេលមានអាយុ ២០ ឆ្នាំ លោកបានក្លាយជាគ្រូគែន ដោយជួយក្រុមគ្រួសារផ្លុំគែន ក្នុងពិធីបុណ្យសព និងពិធីបុណ្យទានផ្សេងៗ។ រហូតមកដល់ពេលនេះ លោក Cua បានផ្សាភ្ជាប់ជាមួយគែនអស់រយៈពេល ៣០ ឆ្នាំមកហើយ។ កាលពីប៉ុន្មានឆ្នាំមុន លោកបានទៅរកយុវជនដែលមានទេពកោសល្យ ឃោសនាឲ្យគេយល់អំពីតម្លៃដ៏ថ្លៃថ្លារបស់គែនសម្រាប់ជនជាតិខ្លួន បង្រៀនពួកគេលេងគែន ហើយជាបណ្ដើរៗបានអភិវឌ្ឍន៍ទៅជាក្រុមគែនរបស់ភូមិ។ លោក Mua A Cua បាននិយាយថា៖
«ចាំបាច់ថែរក្សាណាស់ ពីព្រោះនេះជាអត្តសញ្ញាណរបស់ជនជាតិខ្លួន។ ខ្ញុំទាំងលេងគែន ទាំងអំពាវនាវឲ្យក្មួយៗមកឲ្យខ្ញុំបង្រៀន។ ប្រសិនបើក្មួយណាម្នាក់ចូលចិត្តសិក្សា ខ្ញុំនឹងបង្រៀន ដើម្បីឲ្យក្មួយៗអាចថែរក្សាអត្តសញ្ញាណរបស់ជនជាតិ។ ពេលក្រោយមក ខ្ញុំចាស់ទៅ ក្មួយៗនៅតែចេះផ្លុំគែន ដើម្បីថែរក្សាមិនឲ្យសំឡេងគែនបាត់បង់ទៅ»។
បច្ចុប្បន្ន ក្រុមផ្លុំគែននិងរាំគែនរបស់ភូមិ Ta So មានមនុស្សប្រហែល ១៥ នាក់។ បន្ទាប់ពីធ្វើការធ្វើស្រែចម្ការដ៏លំបាក នៅក្នុងពេលទំនេរ មនុស្សគ្រប់គ្នាប្រមូលផ្តុំគ្នាដើម្បីរៀនផ្លុំគែន។ ការរៀនគែនគឺពិបាកណាស់ ដូច្នេះទាំងសិស្ស និងគ្រូ ត្រូវតែខិតខំព្យាយាម និងជួយគ្នាទៅវិញទៅមកបន្តិចម្ដងៗ។ លោក Mua A Khu សមាជិកម្នាក់ក្នុងក្រុមគែនភូមិ Ta So បាននិយាយថា៖
"ខ្ញុំទៅរៀន ពីព្រោះខ្ញុំចូលចិត្តខ្លាំងណាស់ ហើយរៀន ៣ ឆ្នាំទើបស្ទាត់ជំនាញ។ គែននេះត្រូវបានជីដូនជីតាបន្សល់ទុកមក។ ខ្ញុំទៅរៀនដើម្បីពេលក្រោយមកបង្រៀនឲ្យកូនចៅ ដើម្បីឱ្យពួកគេស្គាល់ទំនៀមទំលាប់។ ការរៀនគែននេះពិបាកណាស់ ដូច្នេះអ្នកត្រូវតែផ្តោតអារម្មណ៍ ទើបរៀនបាន”។
នៅក្នុងផ្ទះជាច្រើនរបស់ជនជាតិ Mong នៅភូមិ Ta So គែនចាស់ៗរបស់ដូនតា នៅតែត្រូវបានព្យួរនៅទីតាំងដ៏ឱឡារិក ដូចជាការរំលឹកឲ្យមិនត្រូវបំភ្លេចអត្តសញ្ញាណរបស់ជនជាតិឡើយ។ សំឡេងគែន មានបទភ្លេងផ្សេងៗគ្នាជាច្រើនដែលបង្ហាញពីការគិតរបស់ជនជាតិ Mong អំពីជីវិតនិងសេចក្តីស្រឡាញ់។ បច្ចុប្បន្ននេះ មនុស្សជាច្រើននៅតែកំពុងបង្រៀនដោយឧស្សាហ៍ព្យាយាម ដើម្បីឱ្យសូរសំឡេងគែន មិនត្រឹមតែបង្កប់នូវការចងចាំរបស់ដូនតាប៉ុណ្ណោះទេ ថែមទាំងនឹងអភិវឌ្ឍន៍ជាមួយភូមិ ដោយបង្ហាញពីភាពស្រស់ស្អាតនៅក្នុងព្រលឹងរបស់ជនជាតិ Mong ទៀតផង៕