(VOVWORLD) - នៅខេត្ត Thai Nguyen វប្បធម៌របស់បណ្ដាជនជាតិ នៅតែត្រូវបានថែរក្សាដូចលំហូរដ៏និរន្តរពីជំនាន់មួយទៅជំនាន់មួយទៀត។ ក្នុងជីវភាពសម័យទំនើប ជាមួយនឹងការប្រែប្រួលនៃស្រុកកំណើត រាល់បទចម្រៀង ក្បាច់របាំ និងសូរសំឡេងឧបករណ៍ភ្លេងប្រជាប្រិយនៅតែបន្លឺឡើង ដូចជាខ្សែអំបោះដែលតភ្ជាប់អតីតកាល និងបច្ចុប្បន្នកាល។ នៅទីនេះ គំរូក្លឹបវប្បធម៌ និងសិល្បៈប្រជាប្រិយបាននិងកំពុងក្លាយជាស្ពានតភ្ជាប់ប្រកបដោយចីរភាព ដែលជួយ
សហគមន៍បណ្ដាជនជាតិ មិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីដ៏ថ្លៃថ្លាប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយតម្លៃទាំងនោះទៀតផង។
ក្លឹប Soong Co Tam Thai នៅឃុំ Dong Hy។ (រូបថត៖ Thai Nguyen TV) |
នៅក្នុងឃុំ Dong Hy ជារៀងរាល់សប្តាហ៍ សមាជិកនៃក្លឹប Soong Co Tam Thai តែងតែប្រមូលផ្តុំគ្នានៅផ្ទះវប្បធម៌ ដើម្បីហាត់ច្រៀងចម្រៀង Soong Co ដែលជាចម្រៀងប្រពៃណីរបស់ជនជាតិ San Diu នៅមូលដ្ឋាន។ ក្នុងសម្លៀកបំពាក់ប្រពៃណីចម្រុះពណ៌ ស្ត្រីនិងបុរសវ័យកណ្តាល អង្គុយជាមួយគ្នា កំពុងច្រៀងចម្រៀងសាសងគ្នា។ លោកស្រី Au Thi Pham និងលោកស្រី Do Thi Tuyet សមាជិកនៃក្លឹប Soong Co Tam Thai បានចែករំលែកថា៖
“យើងបានរក្សាការច្រៀង Soong Co នេះជាយូរមកហើយ។ រីករាយបំផុតគឺថានៅអាយុនេះហើយ យើងនៅតែចូលរួមនិងច្រៀងជាមួយគ្នា”។
“វប្បធម៌របស់ជនជាតិ San Diu ត្រូវបានចារឹកយ៉ាងជ្រៅនៅក្នុងចិត្តរបស់ខ្ញុំហើយ ដូច្នេះខ្ញុំស្រឡាញ់ចម្រៀង Soong Co របស់ជនជាតិខ្លួនណាស់។ រាល់ពេលដែលខ្ញុំច្រៀង ខ្ញុំមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយរីករាយមែនទែន”។
នៅឆ្នាំ ២០១៥ ការច្រៀងចម្រៀង Soong Co របស់ជនជាតិ San Diu នៅក្នុងស្រុក Dong Hy (ពីមុន) ត្រូវបានទទួលស្គាល់ថា ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ ចាប់តាំងពីពេលនោះមក ការប្រជុំជីវភាពនៅតាមក្លឹប ត្រូវបានពង្រីកកាន់តែទូលំទូលាយ។ លោក Diep Minh Tai សិប្បករឆ្នើមនិងជាប្រធានក្លឹប Soong Co Tam Thai អស់រយៈពេលជាច្រើនឆ្នាំមក បានខិតខំព្យាយាមបកប្រែសៀវភៅបុរាណ កត់ត្រាឡើងវិញ និងបង្រៀនជូនយុវជនជំនាន់ក្រោយ។ លោក Diep Minh Tai បាននិយាយថា៖
“ក្លឹបនេះត្រូវបានបង្កើតឡើងដំបូងគេនៅក្នុងស្រុក Dong Hy។ ដំបូងឡើយ វាមានតែនៅក្នុងភូមិ និងឃុំប៉ុណ្ណោះ បន្ទាប់មក ក្លឹបផ្សេងទៀតបានមករៀនជាបណ្ដើរៗ ហើយបង្កើតជាចលនារួមមួយ ដែលភ្ជាប់ឃុំមួយជាមួយឃុំមួយទៀតសូម្បីតែខេត្តមួយជាមួយខេត្តមួយទៀត”។
របាំ Tac Xinh គឺជាមោទនភាពរបស់ជនជាតិ San Chay ហើយត្រូវបានប្រជាជនថែរក្សាអស់រយៈពេលជាច្រើនជំនាន់មកហើយ។ (រូបថត៖ Thai Nguyen TV) |
មិនត្រឹមតែជនជាតិ San Diu ប៉ុណ្ណោះទេ ជនជាតិ San Chay នៅក្នុងឃុំ Vo Tranh ក៏កំពុងខិតខំប្រឹងប្រែងថែរក្សាក្បាច់របាំ Tac Xinh ជាទម្រង់សម្តែងមួយដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិផងដែរ។
របាំ Tac Xinh គឺជាមោទនភាពរបស់ជនជាតិ San Chay ហើយត្រូវបានប្រជាជនថែរក្សាអស់រយៈពេលជាច្រើនជំនាន់មកហើយ។ អ្នកស្រី Tran Thi Bac សមាជិកក្លឹប Tac Xinh ក្នុងឃុំ Vo Tranh បានចែករំលែកថា៖
“ខ្ញុំពិតជាមានមោទនភាព ដែលជាបុត្រធីតាម្នាក់របស់ជនជាតិ San Chay។ ខ្ញុំតែងតែមានបំណងចង់អភិរក្សក្បាច់របាំ Tac Xinh របស់យើង ដើម្បីកុំឱ្យវាបាត់បង់ទៅ។ នេះគឺជាលក្ខណៈវប្បធម៌អរូបី ដូច្នេះយើងត្រូវរៀនពីមនុស្សជំនាន់មុនៗ ដើម្បីថែរក្សារហូតមកដល់ពេលនេះ”។
បច្ចុប្បន្ន ក្លឹបនេះមានសមាជិកជាង ២០ នាក់ ដែលចូលរួមការហ្វឹកហាត់ ប្រជុំជីវភាព សម្តែង និងជួបប្រាស្រ័យជាប្រចាំ។ ភាពសាមញ្ញ និងភាពខ្លៀវក្លា ក្នុងការថែរក្សាអត្តសញ្ញាណ រួមជាមួយនឹងការយកចិត្តទុកដាក់ ការសម្រួលពីអាជ្ញាធរមូលដ្ឋាន បានជួយក្បាច់របាំ Tac Xinh នៅក្នុងឃុំ Vo Tranh ក្លាយជាចំណុចភ្លឺមួយនៅក្នុងចលនាអភិរក្សវប្បធម៌ប្រជាប្រិយរបស់ខេត្ត។
សិល្បការិនីនិងស្ត្រីជនជាតិ Tay ច្រៀងចម្រៀង Then និងលេងចាប៉ី Tinh។ (រូបថត៖ Thai Nguyen TV) |
ក៏ជាផ្នែកមួយក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សវប្បធម៌ប្រពៃណីផងដែរ បងប្អូនជនជាតិ Tay នៅភូមិអេកូឡូស៊ី Thai Hai កំពុងរស់នៅជារៀងរាល់ថ្ងៃនៅក្នុងបរិយាកាសវប្បធម៌ដើម ជាកន្លែងដែលសូរសំឡេងនៃបទចម្រៀង Then និងសំឡេងចាប៉ី Tinh នៅតែបន្លឺឡើងនៅកណ្ដាលព្រៃភ្នំ។
នៅភូមិ Thai Hai បណ្ដាសិប្បករសិប្បការិនី និងស្ត្រីជនជាតិ Tay នៅតែច្រៀងបទចម្រៀង Then ដ៏ពិរោះរណ្ដំ ក្នុងឱកាសពិធីបុណ្យទាន បុណ្យតេត ឬគ្រាន់តែពេលស្វាគមន៍ភ្ញៀវមកកាន់ភូមិ។ អ្នកស្រី Le Thi Hang ជាជនជាតិ Tay នៅភូមិអេកូឡូស៊ី Thai Hai បានចែករំលែកថា៖
“នៅទីនេះ ប្រជាជនបន្សល់ទុកឲ្យជំនាន់ក្រោយៗ ដើម្បីមានការទទួលមរតក កុំឲ្យវប្បធម៌ប្រពៃណីរបស់ជនជាតិសាបសូន្យទៅ។ ដូចខ្ញុំដែរ ក៏ទទួលមរតកពីលោកតាលោកយាយ ហើយខ្ញុំក៏មានការទទួលខុសត្រូវការងារបន្សល់ទុកឲ្យកូនចៅ”ជំនាន់ក្រោយ។
ពីក្លឹបតូចមួយនៅក្នុងភូមិរហូតដល់បរិយាកាសវប្បធម៌ដ៏រស់រវើក សូរសម្លេងច្រៀង រាំ សំឡេងចាប៉ី Tinh ចង្វាក់ស្គរ និងទំនុកច្រៀង Soong Co នៅតែបន្លឺឡើងយ៉ាងសប្បាយអ៊ូអរ។ វាមិនត្រឹមតែជាសូរសំឡេងរបស់ភូមិប៉ុណ្ណោះទេ ថែមទាំងក៏ជាសូរសំឡេងនៃមោទនភាព ជាសក្ខីភាពនៃកម្លាំងរស់ប្រកបដោយនិរន្តរភាព នៃវប្បធម៌របស់បណ្ដាជនជាតិនៅខេត្ត Thai Nguyen ជាកន្លែងដែលប្រពៃណីមិនត្រឹមតែត្រូវបានអភិរក្សប៉ុណ្ណោះទេ ថែមទាំងត្រូវបានរស់រានមានជីវិតឡើងវិញក្នុងជីវភាពសព្វថ្ងៃទៀតផង៕