ការថែរក្សានិងបង្រៀនភ្លេង Then នៅខេត្ត Thai Nguyen
(VOVWORLD) - ក្នុងបរិយាកាសព្រៃភ្នំដ៏ធំល្វឹងល្វើយ សូរសំឡេងដ៏ពិរោះរណ្ដំនៃចាប៉ី ទីញ (tinh) និងបទចម្រៀង ថែន (then) នៅតែបន្លឺឡើងជារៀងរាល់ថ្ងៃ ដោយស៊ីសង្វាក់គ្នាជាមួយនឹងជីវភាពដ៏សាមញ្ញរបស់អ្នកភូមិជនជាតិ Tay, Nung ក្នុងខេត្ត Thai Nguyen។ សម្រាប់ពួកគេ Then មិនមែនគ្រាន់តែជាតន្ត្រីប៉ុណ្ណោះទេ ថែមទាំងក៏ជាការចងចាំ ជាព្រលឹង និងជាខ្សែអំបោះដែលតភ្ជាប់អតីតកាលជាមួយបច្ចុប្បន្ន កាលទៀតផង។ នៅឆ្នាំ ២០១៩ នៅពេលដែលការប្រតិបត្តិសិល្បៈ Then ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សជាតិ មោទនភាពនោះត្រូវបានពង្រីកកាន់តែខ្លាំងឡើង ដែលជាការចាប់ផ្តើមនៃដំណើរថែរក្សានិងបង្រៀនភ្លេង Then ឲ្យកាន់តែជ្រាលជ្រៅ និងយូរអង្វែង។
ការច្រៀងចម្រៀង Then និងលេងចាប៉ី Tinh គឺជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍ក្នុងតំបន់។ (រូបថត៖ Thai Nguyen TV) |
ឃុំ Cho Don បានលេចចេញជា "ចំណុចភ្លឺ" មួយនៅក្នុងចលនាថែរក្សាភ្លេង Then នៅខេត្ត Thai Nguyen ជាមួយនឹងការបង្កើត និងរក្សាក្លឹបច្រៀងចម្រៀង Then និងលេងចាប៉ី Tinh។ ឃុំទាំងមូលបច្ចុប្បន្នមានក្លឹបប្រហែល ៨ ដែលទាក់ទាញប្រជាជនយ៉ាងច្រើនកុះករឱ្យចូលរួមប្រជុំជីវភាព។ ក្នុងចំណោមនោះ លេចធ្លោជាងគេគឺក្លឹប "សូរសំឡេង Tinh នៃស្រុកកំណើត" ដែលប្រមូលផ្តុំសមាជិកគ្រប់វ័យជិត ៣០ នាក់ ដែលចែករំលែកចំណង់ចំណូលចិត្តចំពោះចាប៉ី Tinh និងចម្រៀង Then ជាប្រពៃណី។ លោកស្រី Vu Thi Luong ប្រធានក្លឹប "សូរសំឡេង Tinh នៃស្រុកកំណើត" បាននិយាយថា៖
“យើងបានកសាងកម្មវិធីសិល្បៈប្រជាប្រិយដ៏វិសេសវិសាល ដើម្បីបម្រើភ្ញៀវទេសចរ តាមនោះផ្សព្វផ្សាយ និងថែរក្សាបទចម្រៀងប្រជាប្រិយប្រពៃណីរបស់ជនជាតិយើង ហើយផ្សព្វផ្សាយវាយ៉ាងទូលំទូលាយ ដើម្បីឱ្យមនុស្សកាន់តែច្រើនបានស្គាល់និងរួមគ្នាថែរក្សា”។
នៅក្នុងថ្នាក់រៀនច្រៀង Then Tay របស់លោកគ្រូ Van Tien Khoi ក្នុងឃុំ Cho Don កុមារជាច្រើនកំពុងផ្ដោតអារម្មណ៍ផ្ទៀងស្តាប់និងរៀនណោតភ្លេង និងទំនុកច្រៀងនីមួយៗដោយយកចិត្តទុកដាក់។ អាស្រ័យដោយមានការជក់ចិត្ត និងភាពឧស្សាហ៍ព្យាយាម ក្នុងរយៈពេលដ៏ខ្លី កុមារជាច្រើនបានទន្ទេញចាំទាំងបទចម្រៀង Then បុរាណ និងបទចម្រៀង Then ថ្មីៗ។
“ខ្ញុំចូលចិត្តមុខវិជ្ជានេះបំផុត ព្រោះលោកគ្រូបង្រៀនខ្ញុំនូវណោតភ្លេងនីមួយៗ។ ខ្ញុំក៏ចង់ថែរក្សាលក្ខណៈវប្បធម៌របស់ជនជាតិខ្លួនផងដែរ”។
“ដំបូងឡើយ ខ្ញុំគិតថាវាពិបាក ប៉ុន្តែបន្តិចម្តងៗ ខ្ញុំមានអារម្មណ៍ថា វាងាយស្រួលជាង ហើយខ្ញុំរៀនបានលឿន និងច្រើនជាងមុន។ ក្រោយមក ខ្ញុំនឹងខិតខំបង្រៀនទៅឲ្យជំនាន់ក្រោយ ដើម្បីថែរក្សាលក្ខណៈវប្បធម៌របស់ជនជាតិខ្លួន”។
នៅ Thai Hai កុមារដែលមានអាយុចាប់ពី ៥-៦ ឆ្នាំឡើងទៅ បានចេះច្រៀងចម្រៀង Then និងលេងចាប៉ី Tinh។ (រូបថត៖ Thai Nguyen TV) |
ការច្រៀងចម្រៀង Then និងលេងចាប៉ី Tinh គឺជាលក្ខណៈវប្បធម៌ដ៏ពិសេសរបស់សហគមន៍អ្នកស្រុក ដូច្នេះ នៅភូមិវប្បធម៌ Thai Hai ក្នុងឃុំ Tan Cuong ចម្រៀង Then មានវត្តមានដូចដង្ហើមជីវិតអញ្ចឹង។
នៅក្នុងផ្ទះឈើផុតពីដីដែលមានអាយុកាលរាប់រយឆ្នាំ ស្ថិតនៅក្រោមម្លប់ដើមឈើព្រៃ នៅទីធ្លាមុខផ្ទះ កុមារជាច្រើនកំពុងប្រមូលផ្តុំគ្នានៅជុំវិញសិប្បករវ័យចំណាស់ ដោយសម្លឹងមើលម្រាមដៃរបស់សិប្បករដែលកំពុងលេងចាប៉ី Tinh ដោយយកចិត្តទុកដាក់។ លោកស្រី Ma Thi Dang នៅភូមិ Thai Hai បាននិយាយថា៖
លោកស្រី Ma Thi Dang នៅភូមិ Thai Hai បង្រៀនការច្រៀង Then និងលេងចាប៉ី Tinh ដល់កុមារ។ (រូបថត៖ Thai Nguyen TV) |
"ភូមិនេះមានកុមារប្រហែល ៣០-៤០ នាក់ ហើយទាំងអស់គ្នាចេះលេងចាប៉ី Tinh និងច្រៀង Then។ ខ្ញុំជាមនុស្សជំនាន់មុន ដែលត្រូវបានបង្រៀនពីជីដូនជីតាដែរ ដូច្នេះឥឡូវនេះខ្ញុំបង្រៀនជូនកូនៗ ដើម្បីថែរក្សាវប្បធម៌ចាប៉ី Tinh ចម្រៀង Then របស់ជនជាតិខ្លួន។ ការបង្រៀនមិនមានកាលវិភាគជាក់លាក់ទេ។ កាលណាដែលយើងមានពេលទំនេរ ឬនៅពេលយប់ យើងហៅកូនចៅប្រមូលផ្ដុំគ្នាដើម្បីបង្រៀនឲ្យពួកគេ។ រហូតមកដល់ពេលនេះជាជំនាន់ទី ៣ ហើយ"។
នៅភូមិ Thai Hai ការច្រៀងចម្រៀង Then និងលេងចាប៉ី Tinh មិនត្រឹមតែជាលក្ខណៈវប្បធម៌សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែអ្នកភូមិថែមទាំងគួបផ្សំសិល្បៈ Then ជាមួយនឹងទេសចរណ៍ទៀតផង។ ភ្ញៀវទេសចរមកទីនេះមិនត្រឹមតែបានទស្សនាទេសភាពដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ថែមទាំងស្តាប់បទចម្រៀង Then ដ៏ពិរោះរណ្ដំដែលបន្លឺឡើងនៅក្នុងផ្ទះឈើបុរាណទៀតផង។ អ្នកស្រី Dao Thi Lan ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយ បានចែករំលែកថា៖
“មុនពេលមកដល់ទីនេះ ខ្ញុំបានស្វែងយល់ ហើយទន្ទឹងរង់ចាំស្តាប់ចម្រៀង Then និងភ្លេងចាប៉ី Tinh ដោយអន្ទះសារ ព្រោះវាជាលក្ខណៈវប្បធម៌ដ៏លេចធ្លោបំផុតនៃតំបន់នេះ។ នៅពេលទស្សនាការសម្តែងរបស់អ្នកស្រុក ខ្ញុំមានអារម្មណ៍ថា ការច្រៀងពិតជាស្រទន់ និងចុះសម្រុងគ្នាជាមួយនឹងទេសភាពដ៏សុខសាន្តនៅទីនេះ”។
ចាប់ពីថ្នាក់រៀនតូចៗនៅផ្ទះវប្បធម៌ Cho Don រហូតដល់រាត្រីដ៏ភ្លឺចែងចាំងនៅ Thai Hai សំឡេងនៃចាប៉ី Tinh និងចម្រៀង Then បន្លឺឡើងនៅក្នុងការស្វាគមន៍ដ៏រីករាយរបស់ភ្ញៀវទេសចរ… ដែលបង្កើតជាផ្ទាំងគំនូរដ៏រស់រវើកនៃដំណើរអភិរក្សបេតិកភណ្ឌនៅ Thai Nguyen។ ភ្លេងចម្រៀង Then និងចាប៉ី Tinh នៅតែរស់នៅក្នុងជីវភាពសម័យទំនើប ដោយសារក្ដីស្រឡាញ់ចំពោះវប្បធម៌ ភាពស្អិតរមួតនៃសហគមន៍ និងមោទនភាពជាតិដែលត្រូវបានទទួលមរតកពីជំនាន់មួយទៅជំនាន់មួយទៀត៕