គម្រោង Ha Hoi ២០២៥៖ តភ្ជាប់សិល្បៈ Tuong ជាមួយនឹងទស្សនិកជនសម័យទំនើប
(VOVWORLD) - ក្នុងសិល្បៈ Tuong “Ha Hoi” (ហាហូយ) គឺជាទីបញ្ចប់នៃជំពូកមួយដើម្បីត្រៀមឈានចូលដល់ជំពូកថ្មីមួយទៀត។ យុវជនដែលស្រឡាញ់សិល្បៈប្រពៃណី បានយកឈ្មោះនេះដាក់ឲ្យគម្រោងមួយអំពីការអភិរក្ស Tuong ជាមួយនឹងក្តីសង្ឃឹម បន្តសរសេរជំពូកថ្មីសម្រាប់ទម្រង់សិល្បៈប្រពៃណីដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើននៅក្នុងជីវភាពសម័យទំនើប។ គម្រោង Ha Hoi ២០២៥ ផ្តោតលើការបង្កើតបរិយាកាសសម្តែង និងផលិតផលច្នៃប្រឌិតប្លែកៗ ឆ្ពោះទៅរកការតភ្ជាប់សិល្បករប្រពៃណី ជាមួយទស្សនិកជនសម័យទំនើប។
គម្រោង "Ha Hoi" ផ្ដោតសំខាន់លើសិល្បៈល្ខោន Tuong។ |
Ha Hoi ២០២៥ រួមមានសកម្មភាពជាច្រើនដូចជា៖ កម្មវិធី talkshow ដំណើរកំសាន្តស្វែងយល់ពីសិល្បៈ ការផលិត ផតឃែស្ថ និងភាពយន្តឯកសារ ក្នុងគោលបំណងបង្ហាញពីគុណតម្លៃ និងលក្ខណៈដ៏វិសេសវិសាលបំផុតនៃសិល្បៈ Tuong ព្រមទាំងនាំមកនូវទស្សនវិស័យសហសម័យលើល្ខោន Tuong ក្នុងបរិបទបច្ចុប្បន្នផងដែរ។
“Ha Hoi talkshow – ជំពូកបន្ទាប់” គឺជាព្រឹត្តិការណ៍ដំបូងក្នុងគម្រោង Ha Hoi ២០២៥ ដែលប្រព្រឹត្តទៅនៅអគារ Complex លេខ ១ (ហាណូយ) នាថ្ងៃទី ១៤ ខែកក្កដាកន្លងទៅ ដោយទាក់ទាញយុវជនជាច្រើនមកចូលរួម។ ក្នុងអំឡុងពេលសន្ទនា ប្រវត្តិនៃសិល្បៈ Tuong ត្រូវបានអ្នកស្រាវជ្រាវ និងសិល្បៈករឧទ្ទេសនាមនិងពន្យល់ពីមូលហេតុដែល Tuong ត្រូវបានគេហៅថា ទម្រង់សិល្បៈលំដាប់ខ្ពស់។ លោក Ta Van Sop អតីតនាយករងនៃរោងមហោស្រព Tuong វៀតណាមមានប្រសាសន៍ថា៖
“Tuong គឺជាទម្រង់សិល្បៈប្រពៃណីរបស់វៀតណាម ជាមួយនឹងដំណើរការអភិវឌ្ឍន៍ដ៏យូរអង្វែង។ ពីសតវត្សទី ១៨ ដល់ទី ១៩ ក្រោមរជ្ជកាលស្ដេច Nguyen ល្ខោន Tuong ត្រូវបានលើកតម្កើងជាល្ខោនជាតិ។ អ្នកនិពន្ធ Tuong គឺជាមន្ត្រីក្នុងរាជវាំងដែលមានកម្រិតចំណេះដឹងខ្ពស់ សូម្បីតែស្តេច Tu Duc ក៏ចូលរួមក្នុងការនិពន្ធ Tuong ដែរ។ Tuong ត្រូវបានអភិវឌ្ឍន៍និងកែសម្រួលដោយផ្អែកលើរបៀបរបប គោលការណ៍ពីអក្សរសិល្ប៍ រហូតដល់តន្ត្រី វិចិត្រសិល្បៈ ការតុបតែងមុខ សំលៀកបំពាក់ និងការរួមផ្សំនៃបច្ចេកទេសច្រៀង រាំ និងសម្តែងដើម្បីបង្កើតជាស្នាដៃសិល្បៈ Tuong”។
នៅក្នុងព្រឹត្តិការណ៍នេះដែរ សិប្បករ និងសិល្បករវ័យចំណាស់នានា ដែលបានចំណាយពេលអស់មួយជីវិតដើម្បីសម្ដែងនិងអភិរក្ស Tuong ដូចជាលោក Ta Van Sop បានសំណេះសំណាលជាមួយសិល្បករ និងអ្នកបង្កើតខ្លឹមសារ ក្នុងគោលបំណងបំផុសសេចក្ដីស្រឡាញ់សិល្បៈប្រពៃណី និងតភ្ជាប់សិល្បករជាមួយទស្សនិកជនវ័យក្មេងក្នុងយុគសម័យឌីជីថល។ សិល្បការិនីវ័យក្មេង Nguyen Thi Thanh Phuong បានឲ្យដឹងថា៖
“គម្រោងនេះមានលក្ខណៈសហគមន៍ ដូច្នេះហើយងាយស្រួលខិតជិតមកទស្សនិកជន។ យើងនាំយកនូវអ្វីៗដែលពិតប្រាកដបំផុតជូនទស្សនិកជន។ ពេលចូលរួមក្នុងសកម្មភាពនៃគម្រោង Ha Hoi ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ព្រោះខ្ញុំបានឡើងសម្តែងលើឆាកផ្សេងៗគ្នាជាច្រើន។ ជាពិសេសទស្សនិកជនដែលមកទស្សនា សុទ្ធតែជាទស្សនិកជនវ័យក្មេង។ ប្រការនេះបង្ហាញថា Ha Hoi ធ្វើឱ្យមិត្តវ័យក្មេងចាប់អារម្មណ៍ចំពោះសិល្បៈប្រពៃណី”។
ព្រឹត្តិការណ៍ "Ha Hoi talkshow" ជួយទស្សនិកជនត្រូវបានជួបប្រាស្រ័យជាមួយសិល្បករសិល្បការិនី Tuong ដ៏ល្បីល្បាញ។ |
ខ្សែភាពយន្តឯកសារក្នុងគម្រោង Ha Hoi របស់អ្នកដឹកនាំរឿងវ័យក្មេង Nguyen Huu Thai Son គឺជាផ្នែកសំខាន់ពិសេសនៃគម្រោង Ha Hoi ២០២៥។ ដោយធ្លាប់បានសិក្សាអស់រយៈពេលជាច្រើនឆ្នាំនៅប្រទេសកាណាដា ហើយយល់មួយផ្នែកអំពីចំណងចំណូលចិត្តរបស់ជនបរទេស Thai Son បានជ្រើសរើសវិធីបង្ហាញរូបភាព និងនិទានរឿង Tuong ខុសពីធម្មតាបន្តិច។ នោះគឺជាការសន្ទនារវាងយុវជនសម័យនេះ ជាមួយនឹងកេរ្តិ៍មរតកប្រពៃណីរបស់ដូនតា។ ភាពយន្តនេះត្រូវបានគេរំពឹងថា នឹងក្លាយទៅជាកាណាល់សារព័ត៌មានដើម្បីនាំ Tuong ទៅកាន់ឆាកអន្តរជាតិ ជួយទស្សនិកជនបរទេសស្វែងយល់អំពីសិល្បៈប្រពៃណីវៀតណាម។ អ្នកដឹកនាំរឿង Nguyen Huu Thai Son បាននិយាយថា៖
"ប្រសិនបើមើលគេសម្ដែងលើឆាក យើងអាចគិតថាវាងាយស្រួលណាស់។ ប៉ុន្តែដើម្បីអាចច្រៀងបានពិរោះ ឬចលនាដៃ សិល្បករត្រូវការពេលវេលាច្រើនឆ្នាំ។ ហើយរយៈពេលច្រើនឆ្នាំទាំងនោះ ក៏ជាពេលវេលាជជែកពិភាក្សាជាមួយសិល្បករផ្សេងទៀតដើម្បីស្វែងរកអ្វីៗដែលល្អបំផុត ដើម្បីសម្ដែងតួអង្គឲ្យបានល្អបំផុត។ វាមិនងាយស្រួលទេ។ ខ្ញុំចង់បង្ហាញពីអារម្មណ៍ និងបទពិសោធន៍របស់ខ្លួន ជាអ្នកដែលមិនដឹងអ្វីសោះអំពី Tuong ចូលក្នុងភាពយន្ត"។
គោលដៅនៃគម្រោង Ha Hoi គឺអភិវឌ្ឍន៍គំរូប្រកបដោយនិរន្តរភាព ដែលសិល្បករអាចសម្តែងជាប្រចាំ បង្រៀនជំនាញ និងចូលរួមក្នុងសកម្មភាពច្នៃប្រឌិត អាស្រ័យហេតុនោះ រស់នៅយ៉ាងពេញលេញជាមួយនឹងវិជ្ជាជីវៈនេះ។ អ្នកស្រី Bui Yen Linh ប្រធានគម្រោង បានឲ្យដឹងថា៖
“បច្ចុប្បន្ននេះ មាននិយមន័យល្អគួរសមមួយអំពីល្ខោន ពោលគឺល្ខោនមាននៅគ្រប់ទីកន្លែង។ នៅពេលដែលខ្ញុំមើលល្ខោនតាមនិយមន័យនោះ យើងនឹងមានវិធីសាស្រ្តដើម្បីអភិរក្សសិល្បៈ Tuong។ ក្នុងគម្រោងនេះ យើងសង្កត់ធ្ងន់ទៅលើកត្តាទាក់ទងនឹងវប្បធម៌ប្រចាំស្រុក។ យើងចង់ឱ្យអ្នកគ្រប់គ្នាអាចទទួលយកបទពិសោធន៍នៃសិល្បៈល្ខោនប្រពៃណីនៅគ្រប់ទីកន្លែង ជាពិសេសនៅកន្លែងដែលទាក់ទងនឹងវប្បធម៌សាលាភូមិ និងភូមិស្រុកស្រែ។ ដោយសារតែនេះគឺជាទីកន្លែងដែលបានចិញ្ចឹមបីបាច់និងបង្កើតឡើងតម្លៃប្រពៃណីនៃសិល្បៈ Tuong”។
គម្រោង Ha Hoi ២០២៥ បង្ហាញពីសញ្ញាវិជ្ជមានថា មជ្ឈដ្ឋានយុវជននៅតែគោរពស្រឡាញ់ និងចង់រួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈប្រពៃណី។ កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងជួយឱ្យសិល្បៈប្រពៃណី រួមទាំង Tuong រីកសាយភាយកាន់តែខ្លាំងក្លានៅក្នុងសហគមន៍ និងងាយស្រួលតភ្ជាប់ជាមួយទស្សនិកជនវ័យក្មេង៕