(VOVWORLD) - នាថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការយូណេស្កូ (UNESCO) បានចុះបញ្ជី "ការប្រមូលតន្ត្រីរបស់តន្ត្រីករ Hoang Van" របស់វៀតណាមទៅក្នុងបញ្ជីបេតិកភណ្ឌឯកសារពិភពលោក។ នេះជាលើកដំបូងដែលការប្រមូលតន្ត្រីវៀតណាម ត្រូវបានគេទទួលស្គាល់ជាបេតិកភណ្ឌឯកសារពិភពលោក។
ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការយូណេស្កូ (UNESCO) បានចុះបញ្ជី "ការប្រមូលតន្ត្រីរបស់តន្ត្រីករ Hoang Van" របស់វៀតណាមទៅក្នុងបញ្ជីបេតិកភណ្ឌឯកសារពិភពលោក។ (រូបថត៖ ក្រសួងការបរទេស) |
ការប្រមូលតន្ត្រីរបស់តន្ត្រីករ Hoang Van ដែលជាអ្នកដឹកនាំវង់តន្ត្រី និងជានាយកសិល្បៈដំបូងគេនៃវង់តន្រ្តីវិទ្យុ (សព្វថ្ងៃនេះជាវិទ្យុសំឡេងវៀតណាម) រួមមានស្នាដៃតន្ត្រីជាង ៧០០ និពន្ធពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ២០១០ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់ប្រទេសជាតិ និងជីវភាពខាងស្មារតីរបស់ប្រជាជនវៀតណាមតាមរយៈសម័យកាលជាច្រើន។ ជាមួយនឹងការគួបផ្សំប្រកបដោយភាពសុខដុមរមនានៃតន្ត្រីក្លាស៊ីកអឺរ៉ុប និងតន្ត្រីប្រពៃណីជាតិ ស្នាដៃរបស់តន្ត្រីករ Hoang Van គឺជាឯកសារដ៏មានតម្លៃបម្រើដល់ការស្រាវជ្រាវវប្បធម៌ សង្គម និងប្រវត្តិសាស្ត្រតន្ត្រីរបស់វៀតណាម។
“កំពែងមាតុភូមិ” គឺជាស្នាដៃកំណាព្យស៊ីមហ្វូនីដំបូងបង្អស់របស់តន្ត្រីវៀតណាមដែលនិពន្ធដោយតន្ត្រីករ Hoang Van។ លើសពីនេះ លោកក៏មានស្នាដៃតន្ត្រីរាប់សិបទៀត ដែលដាក់មូលដ្ឋានគ្រឹះសម្រាប់តន្ត្រីស៊ីមហ្វូនីវៀតណាម នាំតន្ត្រីវៀតណាមឱ្យខិតមកជិតតន្ត្រីអន្តរជាតិ។
តន្ត្រីករ Hoang Van។ (រូបភាពឯកសារ) |
តន្ត្រីករ Hoang Van ក៏ល្បីល្បាញដោយស្នាដៃតន្ត្រីបដិវត្តន៍ បទចម្រៀងអំពីសម័យកសាងសង្គមនិយម និងបង្ហាញពីសេចក្តីស្នេហាចំពោះមាតុភូមិផងដែរ។ បទចម្រៀងបែបនេះបានឆ្លុះបញ្ចាំងនូវព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ក៏ដូចជាលើកសរសើរព្រលឹងជាតិដ៏ស្រស់បំព្រងក្នុងសម័យកាលដ៏ពោរពេញទៅដោយការប្រែប្រួល។
វាយតម្លៃអំពីតន្ត្រីរបស់តន្ត្រីករ Hoang Van អ្នកដឹកនាំវង់តន្ត្រី Le Phi Phi និងតន្ត្រីករ Nguyen Tien Manh អនុប្រធានសមាគមតន្ត្រីហាណូយ បានឲ្យដឹងថា៖
"ស្នាដៃឧបករណ៍ភ្លេងរបស់លោកត្រូវបានសរសេរប្រកបដោយវិជ្ជាជីវៈ និងមានរបៀបររៀបរយ។ លោកបានប្រើប្រាស់តន្ត្រីក្លាស៊ីកនៅក្នុងបទភ្លេងរបស់ខ្លួន ហើយគួបផ្សំយ៉ាងប៉ិនប្រសប់ជាមួយនឹងបទភ្លេងប្រពៃណី ភ្លេងប្រជាប្រិយ ចម្រៀងបំពេកូន ដែលធ្វើឱ្យបទភ្លេងងាយស្រួលជ្រាបចូលក្នុងបេះដូងអ្នកស្ដាប់"។
“ស្នាដៃតន្ត្រីជាង ៧០០ របស់លោក បានក្លាយជាបទចម្រៀងអមតៈ និងដក់ជាប់ក្នុងបេះដូងអ្នកស្រឡាញ់តន្ត្រីយ៉ាងច្រើនកុះករទាំងក្នុង និងក្រៅប្រទេស។ ស្នាដៃនិពន្ធរបស់តន្ត្រីករ Hoang Van តែងតែមានលក្ខណៈសហសម័យ ដែលឆ្លុះបញ្ចាំងយ៉ាងរស់រវើកពីជីវភាពសង្គមតាមរយៈការបោះជំហាននីមួយៗក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ”។
"ការប្រមូលតន្ត្រីរបស់តន្ត្រីករ Hoang Van" របស់វៀតណាមទៅក្នុងបញ្ជីបេតិកភណ្ឌឯកសារពិភពលោក។ |
ដើម្បីបំពេញសំណុំឯកសារសម្រាប់ការតែងតាំងជាបេតិកភណ្ឌឯកសារពិភពលោកនោះ បន្ទាប់ពីតន្ត្រីករ Hoang Van ទទួលមរណភាពក្នុងឆ្នាំ ២០១៨ កូនៗរបស់លោកបានប្រមូលផ្ដុំ ស្តារឡើងវិញ និងរៀបចំជាប្រព័ន្ធនូវស្នាដៃទាំងអស់របស់តន្ត្រីកររូបនេះ។ វាជាដំណើរដ៏វែងឆ្ងាយមួយ ដែលកូនស្រី និងកូនប្រុសរបស់តន្ត្រីករបានប្រមូលផ្ដុំឯកសារ ហៅទូរស័ព្ទ និងសរសេរសំបុត្រទៅកាន់ភ្នាក់ងារ អ្នកគាំទ្រ កត់ត្រារឿងរ៉ាវ និងអនុស្សាវរីយ៍របស់សាច់ញាតិ មិត្តភក្តិ មិត្តរួមការងារ អ្នកសារព័ត៌មាន ក៏ដូចជាប្រមូលផ្ដុំអត្ថបទសរសេរ សៀវភៅបោះពុម្ព ខ្សែអាត់ ឌីស និងប្លង់ទន់នៅបណ្ណាល័យផងដែរ។ វេជ្ជបណ្ឌិត Le Y Linh កូនស្រីរបស់តន្ត្រីករ Hoang Van បានចែករំលែកអារម្មណ៍ថា៖
"យើងខ្ញុំបានចំណាយពេល ២០ ឆ្នាំក្នុងការប្រមូលឯកសារ ខ្ញុំត្រូវអរគុណមិត្តភក្តិជាច្រើនដែលបានជួយខ្ញុំ។ បន្ទាប់មក យើងខ្ញុំចំណាយពេល ១០ ឆ្នាំទៀតដើម្បីរៀបចំជាប្រព័ន្ធ ហើយស្វែងយល់ថា តើស្នាដៃទាំងនេះត្រូវបាននិពន្ធយ៉ាងដូចម្តេច ហើយស្ថានភាពបែបណានៅពេលនោះ។ យើងខ្ញុំក៏ចំណាយពេលប្រហែល ៤ដល់៥ ឆ្នាំដើម្បីរៀបចំសំណុំឯកសារចុះឈ្មោះផងដែរ។ បញ្ហាប្រឈមសម្រាប់ពួកយើងគឺធ្វើយ៉ាងណាដើម្បីបញ្ជាក់លក្ខណៈអន្តរជាតិ និងឥទ្ធិពលនៃការប្រមូលនេះ។"
ការលើកតម្កើងចំពោះប្រមូលតន្ត្រីរបស់តន្ត្រីករ Hoang Van មិនត្រឹមតែជាភាពរីករាយសម្រាប់គ្រួសារតន្ត្រីករប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃការលើកទឹកចិត្តដល់សិល្បករក្នុងការនិពន្ធស្នាដៃប្រកបដោយគុណភាព ព្រមទាំងយកចិត្តទុកដាក់ដល់ការថែរក្សាបណ្ណសារដ៏មានតម្លៃទៀតផង។ តន្ត្រីករ Nguyen Tien Manh អនុប្រធានសមាគមតន្ត្រីហាណូយ បានឲ្យដឹងថា៖
“នេះគឺជាជំហានត្រួសត្រាយមួយរបស់សិល្បករ តន្ត្រីករ ជាពិសេសក្រុមគ្រួសាររបស់សិល្បករនិងតន្ត្រីករ ដែលបានយល់ដឹងពីការថែរក្សាឯកសារតន្ត្រីដ៏មានតម្លៃនេះ។ ប្រការនោះមិនត្រឹមតែធ្វើឲ្យបណ្ណសារតន្ត្រីជាតិកាន់តែសម្បូរប៉ុណ្ណោះទេ ថែមទាំងវានឹងត្រូវបានផ្សព្វផ្សាយនៅលើពិភពលោកទៀតផង»។
ឥឡូវនេះ ពិភពលោកអាចស្ដាប់ស្នាដៃតន្ត្រីរបស់តន្ត្រីករ Hoang Van នៅគេហទំព័រ hoangvan.org ជាភាសាវៀតណាម អង់គ្លេស បារាំង អេស្ប៉ាញ និងរុស្ស៊ី។ មុននោះ ប្រជាជនវៀតណាមម្នាក់ៗ ជានិច្ចកាលនឹករលឹកដល់តន្ត្រីករដ៏មានទេពកោសល្យរូបនេះ ក្នុងស្នាដៃតន្ត្រីអមតៈជាច្រើនរបស់លោក៕