ទីក្រុង Da Nang ចំណាយធនធានជាច្រើនដើម្បីអភិវឌ្ឍន៍វប្បធម៌

(VOVWORLD) - ក្នុងអាណត្តិកន្លងទៅ ទីក្រុង Da Nang បានយកចិត្តទុកដាក់ពិសេសចំពោះការវិនិយោគអភិវឌ្ឍន៍លើវិស័យវប្បធម៌។ ក្នុងរយៈពេលត្រឹមតែ៥ឆ្នាំថ្មីៗនេះ ទីក្រុងបានចំណាយថវិការាប់ពាន់លានដុងដើម្បីជួសជុល និងកែលម្អកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ ព្រមទាំង កសាងសំណង់ និងស្ថាប័នវប្បធម៌ថ្មីៗជាច្រើនផងដែរ។


ទីក្រុង Da Nang ចំណាយធនធានជាច្រើនដើម្បីអភិវឌ្ឍន៍វប្បធម៌ - ảnh 1រូបសំណាកលោកប្រធានហូជីមិញអង្គុយអានសៀវភៅ នៅក្នុងបរិវេណបណ្ណាល័យ Da Nang។ (រូបថត៖  Dinh Thieu/VOV)

ក្នុងឱកាសរំលឹកខួបលើកទី៨០ទិវាបុណ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥) និងស្វាគមន៍មហាសន្និបាតបក្ខភាគទីក្រុង Da Nang លើកទី ១ អាណត្តិ ២០២៥ - ២០៣០ ទីក្រុង Da Nang បានសម្ពោធរូបសំណាកលោកប្រធានហូជីមិញអង្គុយអានសៀវភៅ នៅក្នុងបរិវេណបណ្ណាល័យ Da Nang។ នេះជាសំណង់តែមួយគត់នៅប្រទេសវៀតណាមនាបច្ចុប្បន្ន ដែលបានក្លាយជានិមិត្តរូបដ៏វិសេសវិសាលនៃវប្បធម៌អាន និងស្មារតីឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ នៅក្នុងទីក្រុង Da Nang ព្រមទាំងជាកន្លែងវប្បធម៌ពិសេសដើម្បីអប់រំប្រពៃណីឧស្សាហ៍ព្យាយាមសិក្សាផងដែរ។ លោកស្រី Nguyen Phuong Hoa ប្រជាពលរដ្ឋនៅទីក្រុង Da Nang បានសម្តែងថា៖

“ខ្ញុំឃើញថា សព្វថ្ងៃនេះ នៅតាមកន្លែងជាច្រើនក៏មានរូបសំណាកលោកប្រធានហូជីមិញដែរ ប៉ុន្តែភាគច្រើនជារូបសំណាកលោកអ៊ុំឈរ បក់ដៃ ប៉ុន្តែទីក្រុង Da Nang បានដាក់រូបសំណាកលោកប្រធានហូជីមិញអង្គុយអានសៀវភៅនៅក្នុងកន្លែងដ៏ពិសេសបំផុតគឺបណ្ណាល័យ។ សំណង់នេះមានអត្ថន័យពិសេស ដែលជំរុញស្មារតីនៃការសិក្សារៀនសូត្រ ក៏ដូចជាការអានសៀវភៅសម្រាប់ជំនាន់យុវជន រួមចំណែកអភិវឌ្ឍន៍វប្បធម៌អានសៀវភៅ”។

ទីក្រុង Da Nang ចំណាយធនធានជាច្រើនដើម្បីអភិវឌ្ឍន៍វប្បធម៌ - ảnh 2សារមន្ទីរ Da Nang។ (រូបថត៖  Dinh Thieu/VOV)

មុននោះ ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវារំដោះទីក្រុង Da Nang (ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ១៩៧៥ - ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥) ទីក្រុងក៏បានប្រារព្ធពិធីសម្ពោធសារមន្ទីរ Da Nang ថ្មីនៅលេខ ៤២ និង ៤៤ វិថី Bach Dang។ សំណង់នេះមានទុនវិនិយោគសរុបជាង ៥០០ ពាន់លានដុង ដែលរក្សាទុកឯកសារ និងវត្ថុជិត ៣០០០ ដោយរួមបញ្ចូលគ្នានូវរចនាបទបង្ហាញបែបប្រពៃណីជាមួយនឹង

បច្ចេកវិទ្យាបញ្ចាំងរូបភាពបែបទំនើប; ជាពិសេសការបញ្ចាំងភាពយន្ត 3D Mapping ភាពយន្តឯកសារ និងស្លាយរូបភាព ដើម្បីបង្កើនបទពិសោធន៍ និងអន្តរកម្មសម្រាប់អ្នកទស្សនា។ នេះជាសារមន្ទីរដំបូងគេក្នុងប្រទេសដែលអនុវត្តន៍បញ្ញាសិប្បនិម្មិតក្នុងការបកស្រាយនិងការសម្តែង។ 

ការដែលទីក្រុង Da Nang បានផ្លាស់ទីសារមន្ទីរ Da Nang ចាស់ ចេញពីកេរ្តិ៍ដំណែលជាតិពិសេស វិមាន Dien Hai ហើយប្រើប្រាស់ទីស្នាក់ការក្រុមប្រឹក្សាប្រជាជនទីក្រុងនៅលេខ ៤២ និង ៤៤ វិថី Bach Dang ធ្វើជាសារមន្ទីរ Da Nang ថ្មី គឺជាចំណុចរបត់មួយក្នុងដំណើរការកសាង អភិរក្ស និងពង្រីកតម្លៃវប្បធម៌។ លោក Huynh Dinh Quoc Thien នាយកសារមន្ទីរ Da Nang មានប្រសាសន៍ថា៖

“គម្រោងជួសជុលនិងស្តារ កេរ្តិ៍ដំណែលជាតិពិសេស វិមាន Dien Hai បានបញ្ចប់ដំណាក់កាលទី ១ រួចរាល់ហើយ។ ក្នុងដំណាក់កាលទី២ យើងនឹងបន្តស្តារឡើងវិញនូវ សំណង់រាជវាំងទាំងអស់ដែលបានសាងសង់ក្នុងរាជ្ជកាលស្តេច Minh Mang ដូចជា៖ លំនៅដ្ឋាន បង្គោលដងទង់ ផ្ទះស្តុកកាំភ្លើង ឃ្លាំងស្បៀងអាហារ... ដែលយើងរំពឹងថា នឹងសម្រេចក្នុងឆ្នាំនេះ”។

ទីក្រុង Da Nang ចំណាយធនធានជាច្រើនដើម្បីអភិវឌ្ឍន៍វប្បធម៌ - ảnh 3កេរ្តិ៍ដំណែលជាតិ Hai Van Quan។ (រូបថត៖ Dinh Thieu/VOV)

ក្នុងអាណត្តិកន្លងទៅ ទីក្រុង Da Nang បានចំណាយធនធានជាច្រើនដើម្បីវិនិយោគលើវិស័យវប្បធម៌។ ទីក្រុងនេះបានចំណាយថវិការាប់ពាន់លានដុងលើការសាងសង់ថ្មី ជួសជុល និងកែលម្អកេរ្តិ៍ដំណែលនិងស្ថាប័នវប្បធម៌។ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang ក៏ទើបតែបានអនុម័តលើគោលជំហរវិនិយោគសាងសង់គម្រោងមជ្ឈមណ្ឌលវប្បធម៌ភាពយន្ត។ គម្រោងនេះមានគោលបំណងបង្កើតស្ថាប័នវប្បធម៌ទំនើប ក្លាយជាកន្លែងរៀបចំព្រឹត្តិការណ៍នយោបាយ ពិធីបុណ្យ និងសន្និសីទធំៗរបស់ទីក្រុង។ លោកស្រី Nguyen Thi Anh Thi អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា៖

“ទីក្រុង Da Nang បានបង្កើតគម្រោងជាច្រើន ហើយថ្មីៗនេះបានប្រកាសគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភាពយន្តនៃទីក្រុង Da Nang ក៏ដូចជាគម្រោងអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងភាពយន្តរបស់ទីក្រុង Da Nang។ ប្រាកដណាស់ថា នៅពេលអនាគត ទីក្រុង Da Nang ក៏នឹងមានផែនការជាក់លាក់ជាច្រើន ដើម្បីជំរុញការអភិវឌ្ឍទីក្រុង Da Nang ឱ្យក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងភាពយន្តនៃប្រទេសទាំងមូល”។

ទីក្រុង Da Nang ចំណាយធនធានជាច្រើនដើម្បីអភិវឌ្ឍន៍វប្បធម៌ - ảnh 4ទីលាន ២៩ មីនា នៅទីក្រុង Da Nang។ (រូបថត៖ Nguyen Trinh/VOV)

ទីក្រុង Da Nang បានកំណត់អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ ធ្វើឱ្យទីក្រុង Da Nang ក្លាយជាមជ្ឈមណ្ឌលវប្បធម៌ សិល្បៈ ស្រាវជ្រាវវិទ្យាសាស្ត្រ និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវប្បធម៌សិល្បៈនៃតំបន់ប៉ែកខាងជើងនិងតំបន់ឆ្នេរភូមិភាគកណ្ដាល។ ទីក្រុងនឹងផ្តោតសំខាន់លើការអភិរក្ស និងពង្រីកតម្លៃនៃបេតិកភណ្ឌវប្បធម៌ ជាពិសេសបេតិកភណ្ឌដែលបានចុះបញ្ជីដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដូចជា៖ ទីក្រុងបុរាណ Hoi An តំបន់ប្រាសាទ My Son ព្រមទាំងស្ដារឡើងវិញ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវកេរ្តិ៍ដំណែលជាតិពិសេសដូចជា Ngu Hanh Son និង វត្តពុទ្ធសាសនា Dong Duong។ ទីក្រុងបានកំណត់គោលដៅថា នៅឆ្នាំ២០៣០ ១០០% នៃកេរ្តិ៍ដំណែលដែលត្រូវបានចុះបញ្ជី នឹងត្រូវបានជួសជុល កែលម្អ; បេតិកភណ្ឌអរូបីទាំងអស់នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ថ្នាក់ជាតិ នឹងត្រូវបានអភិរក្ស និងពង្រីកតម្លៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ