"ភ្លៀងក្រហម" - ពីការចងចាំសង្រ្គាមរហូតដល់មោទនភាពជាតិ

(VOVWORLD) - មិនដល់មួយខែផង ចាប់តាំងពីការចាក់បញ្ចាំងលើកដំបូងទេ ខ្សែភាពយន្ត "ភ្លៀងក្រហម" ដែលផលិតដោយខ្សែភាពយន្តកងទ័ពប្រជាជន កំពុងក្លាយជាបាតុភូតមួយនៃឧស្សាហកម្មភាពយន្តវៀតណាម។ ខ្សែភាពយន្តនេះមិនត្រឹមតែបង្កើតប្រវត្តិសាស្ត្រឡើងវិញតាមរបៀបពិតបំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវតម្លៃមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើ
ទស្សនិកជនជាច្រើនជំនាន់។
ផុសស្ទ័រនៃខ្សែភាពយន្ត "ភ្លៀងក្រហម"។ (រូបថត៖ ផ្តល់ដោយក្រុមផលិតខ្សែភាពយន្ត)

មិនមែនគ្រាន់តែជាខ្សែភាពយន្តអំពីប្រធានបទសង្គ្រាមនោះទេ "ភ្លៀងក្រហម" បានក្លាយជាបាតុភូតវប្បធម៌ ដែលរំលឹកពីការចងចាំ បំផុសចំណាប់អារម្មណ៍ ហើយជាងនេះទៅទៀត គឺពង្រឹងមោទនភាពជាតិ និងការដឹងគុណរបស់ជំនាន់វ័យក្មេងចំពោះដូនតា។ 

“ភ្លៀងក្រហម” គឺជារឿងរ៉ាវដែលមិនចាស់ទាល់តែសោះ ហើយត្រូវបានគេដំណាលតាមរបៀបថ្មីថ្មោង។ នេះគឺជាខ្សែភាពយន្តដែលមានសាច់រឿងផ្អែកលើប្រលោមលោកក្រោមឈ្មោះដូចគ្នារបស់អ្នកអក្សរសាស្ត្រ Chu Lai។ ខ្សែភាពយន្ដនេះនិយាយអំពីការប្រយុទ្ធ ៨១ ថ្ងៃទាំងយប់នៅកំពែងបុរាណ Quang Tri ក្នុងឆ្នាំ ១៩៧២ ដែលយុវជន និងនិស្សិតរាប់ពាន់នាក់ បានពលីយុវវ័យ សាច់ស្រស់ឈាមស្រស់ដើម្បីការពារមាតុភូមិ។ ៨១ ថ្ងៃទាំងយប់នោះ បានដក់ជាប់ក្នុងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសជាតិ ជាសក្ខីភាពនៃសេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាមចំពោះ ឯករាជ្យ សេរីភាព និងការបង្រួបបង្រួមប្រទេសជាតិ ក្នុងការតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិ។

សិល្បការិនីឆ្នើម Dang Thai Huyen នាយិការងរោងកុនកងទ័ពប្រជាជន អ្នកដឹកនាំរឿង "ភ្លៀងក្រហម"។ (រូបថត៖ ផ្តល់ដោយក្រុមផលិតខ្សែភាពយន្ត)

សិល្បការិនីឆ្នើម Dang Thai Huyen នាយិការងរោងកុនកងទ័ពប្រជាជន អ្នកដឹកនាំរឿង "ភ្លៀងក្រហម" បានចែករំលែកថា៖ “អ្នកអក្សរសាស្ត្រ Chu Lai មានសាច់រឿង “ភ្លៀងក្រហម” ដ៏អស្ចារ្យហើយ។ សាច់រឿងរបស់លោកគឺកាចសាហាវ ប៉ុន្តែមិនសោកសង្រេងឡើយ ហើយមានសម្ភារៈដ៏អស្ចារ្យសម្រាប់ក្រុមផលិតយើង សម្រួលទៅជាខ្សែភាពយន្ត។ ម្យ៉ាងទៀត ដើម្បីប្រែក្លាយសាច់រឿងនៅលើក្រដាសទៅជារូបភាព ក្រុមផលិតភាពយន្តក៏ត្រូវដោះស្រាយការងារច្រើនដែរ។ ទោះជាយ៉ាងណាក៏ដោយ យើងតែងតែប្រាប់ខ្លួនឯងថា មិនថាយើងធ្វើអ្វីក៏ដោយ យើងនៅតែត្រូវរក្សាស្មារតីស្នូលនៃសាច់រឿង”។

រឿង "ភ្លៀងក្រហម" ត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃរឿងពិតជាច្រើន ដោយរួមបញ្ចូលគ្នាយ៉ាងប៉ិនប្រសប់រវាងទិន្នន័យប្រវត្តិសាស្ត្រ និងអារម្មណ៍ផ្ទាល់ខ្លួន។ ខ្សែភាពយន្តនេះយកប្រធានបទអំពីសង្រ្គាម ប៉ុន្តែអ្វីដែលនៅដក់ជាប់ក្នុងបេះដូងសាធារណៈជន គឺមិនត្រឹមតែភាពកាចសាហាវនៃការប្រយុទ្ធ ឬការទម្លាក់គ្រាប់បែកប៉ុណ្ណោះទេ ថែមទាំងក៏ជាមនោសញ្ចេតនារវាងសមមិត្ត យុទ្ធមិត្ត ជាវីរភាព និងភាពក្លាហានមោះមុតរបស់យុទ្ធជនវ័យក្មេងទៀតផង។ 

ឈុតឆាកក្នុងរឿង "ភ្លៀងក្រហម"។ (រូបថត៖ ផ្តល់ដោយក្រុមផលិតខ្សែភាពយន្ត)

ដោយដាក់ទស្សនិកជននៅក្នុងបរិបទនៃសង្រ្គាម ដែលការរស់និងការស្លាប់គ្រាន់តែក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ខ្សែភាពយន្តនេះបានរំលេចភាពស្រស់ស្អាតនៃស្មារតីប្រយុទ្ធ និងសេចក្ដីស្នេហាជាតិរបស់យុទ្ធជន។

“ខ្ញុំទើបតែបានទស្សនាម្តងកាលពីប៉ុន្មានថ្ងៃមុន ហើយខ្ញុំនឹងទៅទស្សនាម្តងទៀត។ឈុតក្នុងខ្សែភាពយន្តដែលធ្វើឲ្យខ្ញុំរំជួលចិត្តបំផុតគឺពេលដែល Tu តួអង្គក្មេងជាងគេក្នុងក្រុមយុទ្ធជនបានពលីជីវិត។ ប្រការនេះធ្វើឲ្យខ្ញុំត្រូវគិតច្រើនណាស់ អំពីទំនួលខុសត្រូវរបស់យុវជនជំនាន់បច្ចុប្បន្ន”។

“ភាពយន្តនេះពិតជាប៉ះដល់បេះដូងរបស់ខ្ញុំ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ហាក់ដូចជាខ្ញុំកំពុងរស់នៅក្នុងរយៈពេលសង្គ្រាមដ៏កាចសាហាវនោះ។ ខ្ញុំអាចទទួលបានអារម្មណ៍ឈឺចាប់ ភាពអង់អាចក្លាហានរបស់យុទ្ធជនវ័យក្មេងឆ្នាំនោះ”។

"ភ្លៀងក្រហម" ក៏ប្រៀបដូចជាស្ពានមួយ ដែលនាំអ្នកដែលបានឆ្លងកាត់សង្រ្គាមវិលត្រឡប់ទៅរកការចងចាំរបស់ពួកគេ។ សម្រាប់ទស្សនិកជនវ័យចំណាស់ជាច្រើន ទេសភាពនីមួយៗ សូរសំឡេងគ្រាប់បែកផ្ទុះនីមួយៗនៅលើអេក្រង់ តែងតែរំលឹកឡើងវិញនូវផ្នែកមួយនៃយុវវ័យ ដែលបានកន្លងផុតទៅ។ សម្រាប់ពួកគេ ខ្សែភាពយន្តនេះមិនត្រឹមតែជាស្នាដៃភាពយន្តប៉ុណ្ណោះទេ ថែមទាំងក៏ជាផ្នែកមួយនៃការចងចាំដែលត្រូវការលើកតម្កើងទៀតផង។ វរសេនីយឯក វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធ លោក Han Duy Long ដែលបានចូលរួមប្រយុទ្ធដោយផ្ទាល់ក្នុងយុទ្ធនាការ ៨១ ថ្ងៃទាំងយប់នៅកំពែងបុរាណ Quang Tri បានចែករំលែកថា៖

“ការចងចាំបានហូរត្រឡប់មកវិញ ហើយខ្ញុំមានអារម្មណ៍ថា ហាក់ដូចជាយុទ្ធមិត្តយើងអាចប្រមូលផ្ដុំគ្នានៅទីនេះ នៅពេលដែលមនុស្សគ្រប់គ្នាបានឃើញភាពអង់អាចក្លាហានរបស់យុទ្ធមិត្តយើង”។

ហើយសម្រាប់អតីតយុទ្ធជន Nguyen Xuan Thanh “ភ្លៀងក្រហម” ក៏នាំលោកត្រឡប់មកដំណាក់កាលបម្រើក្នុងជួរកងទ័ពកាលពីរាប់សិបឆ្នាំមុន។

“ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិយើងគឺអង់អាចក្លាហាន ហើយបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើន។ តាមរយៈខ្សែភាពយន្ត ភ្លៀងក្រហម ខ្ញុំឃើញថាភាពយន្តនេះមានភាពល្អិតល្អន់ ជាពិសេសឈុតឆាកប្រយុទ្ធ។ ខ្ញុំជាយុទ្ធជនម្នាក់ ដូច្នេះខ្ញុំយល់ច្បាស់ពីសមរភូមិ”។

បច្ចុប្បន្ននេះ "ភ្លៀងក្រហម" គឺជាខ្សែភាពយន្តអំពីប្រធានបទសង្គ្រាមបដិវត្តដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រភាពយន្តវៀតណាម។ គិតត្រឹមថ្ងៃទី ៥ ខែកញ្ញា ភាពយន្តនេះរកចំណូលបានប្រមាណ ៤៩០ ពាន់លានដុង (ស្មើនឹងជិត ១៨,៦ លានដុល្លារអាមេរិក)។ កេរ្តិ៍ឈ្មោះនៃខ្សែភាពយន្តនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីតួរលេខប៉ុណ្ណោះទេ ថែមទាំងបានរីកសាយភាយយ៉ាងទូលំទូលាយតាមរយៈអត្ថបទ ការពិនិត្យ និងចែករំលែកអំពី ខ្សែភាពយន្ត នៅលើបណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, TikTok, YouTube...

អាចនិយាយបានថា "ភ្លៀងក្រហម" បាននាំយកប្រវត្តិសាស្ត្រខិតមកជិតទស្សនិកជនសម័យទំនើប នៅពេលដំណាលរឿងប្រវត្តិសាស្ត្រឡើងវិញ ក្នុងភាសាភាពយន្តបែបប្រាកដនិយម ប្រកបដោយមនោសញ្ចេតនា និងមនុស្សសាស្ត្រ។ «ភ្លៀងក្រហម» រំលឹកដល់មនុស្សជំនាន់បច្ចុប្បន្ន មិនត្រូវភ្លេចការលះបង់ដ៏ធំធេងរបស់ដូនតាយើង ដើម្បីសម្រេចបានសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ