រូបភាពតួអង្គយក្សក្នុងសិល្បៈល្ខោនបាសាក់
(VOVWORLD) - សិល្បៈល្ខោនបាសាក់ (យីកេ) គឺជាម្ហូបអាហារខាងស្មារតីដែលមិនអាចខ្វះបាននៅក្នុងសហគមន៍ជនជាតិខ្មែរណាមបូ ហើយសាច់រឿងនិងតួអង្គក្នុងសិល្បៈល្ខោនបាសាក់ បានដិតជាប់ក្នុងមនសិការបស់សហគមន៍តាំងពីយូរណាស់មកហើយ។ ក្នុងនោះ រឿងបុរាណក្នុងល្ខោនបាសាក់ តែងតែមានតួអង្គពិសេសមួយ ដែលបង្ហាញខ្លួនដោយមានការតុបតែងមុខដ៏ពិសេស និងក្បាច់របាំក៏ប្លែកពីគេដែរ ប៉ុន្តែធ្វើឱ្យទស្សនិកជនជាច្រើនចូលចិត្ត ព្រមទាំងក៏មានមនុស្សជាច្រើនទៀតត្រូវភ័យខ្លាចនោះ គឺតួអង្គយក្ស។
រូបភាពតួអង្គយក្សក្នុងសិល្បៈល្ខោនបាសាក់របស់ជនជាតិខ្មែរ។ (រូបថត៖ VOV) |
នៅក្នុងសិល្បៈល្ខោនបាសាក់ តួអង្គយក្ស គឺជាតំណាងឲ្យមនុស្សអាក្រក់។ យក្សជាតួអង្គមិនមានពិត ដែលមានកម្លាំងខ្លាំង និងមន្តអាគមដែលអាចកាឡាខ្លួនជាមនុស្ស ឬសត្វផ្សេងៗ។ យក្សមិនមែនជាមនុស្សផ្ដេសផ្ដាស ស្រេកឃ្លានទេ តែជាមនុស្សដែលមានល្បិចកលជាច្រើន ចិត្តអាក្រក់ និងល្មោភស្រីស្អាត។ ឧត្តមភាពរបស់យក្ស គឺប្រើមន្តអាគមដើម្បីបង្កសង្គ្រាម និងជម្លោះ។
ជាទូទៅក្នុងសិល្បៈល្ខោនបាសាក់ ដំណើររឿងទាក់ទងដល់ការកម្ចាត់យក្សសង្គ្រោះជីវិតមនុស្សគឺជាការពេញនិយម និងធ្លាប់ស្គាល់ជាមួយទស្សនិកជន។ តាមរយៈដំណើររឿងទាំងនោះ បង្កប់នូវអត្ថន័យដែលថា អំពើល្អនិងអំពើអាក្រក់តែងតែដើរទន្ទឹមគ្នាជានិច្ច ហើយអំពើល្អ យកឈ្នះលើអំពើអាក្រក់ គឺជាការបញ្ចប់រឿងដ៏ល្អប្រសើរដែលទស្សនិកជនទន្ទឹងរង់ចាំ។ អនុបណ្ឌិត យ័ញមេន គ្រូបង្រៀននៃសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ទីក្រុង Can Tho បានឲ្យដឹងថា៖
យក្សតែងតែប្រើសិល្ប៍យុទ្ធគុនដើម្បីបង្ក្រាបគូប្រយុទ្ធ និយាយស្តីតិច ភាគច្រើនគឺបញ្ចេញសំឡេងដូចការស្រែកហ៊ោ។ (រូបថត៖ VOV) |
យក្សតែងតែប្រើសិល្ប៍យុទ្ធគុនដើម្បីបង្ក្រាបគូប្រយុទ្ធ និយាយស្តីតិច ភាគច្រើនគឺបញ្ចេញសំឡេងដូចការស្រែកហ៊ោ។ ហេតុដូច្នេះ ដើម្បីអាចសម្តែងតួអង្គនេះឲ្យបានល្អបំផុត សិល្បករត្រូវចំណាយពេលច្រើនខែឆ្នាំ ដើម្បីហាត់សមតាមរបៀបរៀបរយម៉ត់ចត់និងល្អិតល្អន់។ លោក ឡឹមថាញ់ហ៊ុង មកពីក្រុមសិល្បៈខ្មែរទីក្រុង Can Tho បានចែករំលែកថា តួអង្គយក្សលើឆាកល្ខោនបាសាក់ មាន ចង្កូម វែងនិងកោង ១ គូ ពេលខ្លះលេបចូល ពេលខ្លះលេចចេញមាត់ទាំងសងខាង ធ្វើឲ្យទស្សនិកជនឃើញភាពសាហាវឃោរឃៅ និងអំណាចងងឹតកាន់តែច្បាស់។
តួអង្គយក្សលើឆាកល្ខោនបាកសាក់ មិនមែនគ្រាន់តែ មានលក្ខណៈមន្តអាគម និងប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែឆ្លុះបញ្ចាំងពីអំពើអាក្រក់ដែលមាននៅជុំវិញជីវភាពជាក់ស្ដែងរបស់យើងទៀតផង។ ពីមនុស្សដែលមានល្បិចកល ឃោរឃៅ និងបោកបញ្ឆោតទៅជាអ្នកដែលគំរាមកំហែងដល់អាយុជីវិតមនុស្សក្នុងជីវភាពជាក់ស្ដែង។ អនុបណ្ឌិត យ័ញមេន បានឲ្យដឹងបន្ថែមទៀតថា៖
សព្វថ្ងៃនេះ ទោះបីជារូបភាពតួអង្គយក្ស មានការផ្លាស់ប្តូរក៏ដោយ ប៉ុន្តែរចនាសម្ព័ន្ធនៃការប្រឈមមុខដាក់គ្នារវាង អំពើល្អនិងអំពើអាក្រក់ សេចក្ដីសស្បុរសនិងភាពឃោរឃៅ យុត្តិធម៌និងអយុត្តិធម៌ ការស្នេហាជាតិនិងការក្បត់ជាតិ នៅក្នុងរឿងល្ខោនប្រពៃណី ហាក់ដូចជាបានក្លាយទៅជាការពេញនិយមនៃសិល្បៈល្ខោន។ តាមរយៈរូបភាពតួអគ្គយក្សក្នុងល្ខោនបាសាក់ ជនជាតិខ្មែរណាមបូ បានបង្ហាញពីទស្សនវិជ្ជាជីវិតដ៏ថ្លៃថ្លាមួយដែលថា ទោះបីជាអំពើល្អនិងអំពើអាក្រក់ពិតជាដើរទន្ទឹមជាមួយគ្នាក៏ដោយ ប៉ុន្តែអំពើល្អតែងតែឈ្នះលើអំពើអាក្រក់ជានិច្ច។ នោះក៏ជាមេរៀនមនុសាស្ត្រដ៏ជ្រាលជ្រៅដែលសិល្បករជនជាតិខ្មែរចង់ផ្ដាំផ្ញើផងដែរ៕