(VOVWORLD) - ចាប់តាំងពីថ្ងៃបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥) រហូតមកដល់បច្ចុប្បន្ន ការអភិវឌ្ឍនៃសិល្បៈល្ខោនរដ្ឋធានីហាណូយ ជានិច្ចកាលអមដំណើរប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ ឆ្លងកាត់រយៈពេលជាងកន្លះសតវត្ស ល្ខោនរដ្ឋធានីសម្រេចបានសមិទ្ធិផលដ៏ត្រចះត្រចង់ ដែលបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏ជាក់ច្បាស់ក្នុងជីវភាពវប្បធម៌ និងសិល្បៈនៃប្រទេសទាំងមូល។
ទិដ្ឋភាពនៅសិក្ខាសាលាអំពីសមិទ្ធិផល ៥០ ឆ្នាំនៃសិល្បៈល្ខោនរដ្ឋធានីហាណូយ។ (រូបថត៖ Ngoc Anh/VOV5) |
ដំណើរពាក់កណ្តាលសតវត្សនៃសិល្បៈល្ខោនរដ្ឋធានីអាចបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលដំបូងគឺចាប់ពីថ្ងៃរំដោះភាគខាងត្បូងទាំងស្រុង និងបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥) ដល់ឆ្នាំ ១៩៨៥។ ក្នុងអំឡុងពេលនេះ ល្ខោននិយាយបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ដំណាក់កាលទី ២ នៃសិល្បៈល្ខោនរដ្ឋធានី គឺចាប់ពីសម័យផ្លាស់ប្ដូរថ្មី (ឆ្នាំ១៩៨៦ រហូតដល់បច្ចុប្បន្ន) ជាពេលដែលសិល្បៈល្ខោនឈានចូលដំណាក់កាលផ្លាស់ប្ដូរថ្មី។ អ្នកនិពន្ធរឿង Le Quy Hien បាននិយាយថា៖
“ការបង្រួបបង្រួមប្រទេសជាតិបានធ្វើឱ្យល្ខោនភាគខាងជើងនិងភាគខាងត្បូងលាយបញ្ចូលគ្នា។ នៅឆ្នាំ ១៩៨៦ យើងមានការផ្លាស់ប្ដូរថ្មី ដូច្នេះរូបរាងល្ខោនគឺខុសពីមុន ពោលគឺឈានត្រង់ចូលក្នុងជីវភាពសង្គម។ ជាឧទាហរណ៍ អ្នកនិពន្ធរឿង Luu Quang Vu ជាបាតុភូតមួយ។ ទីក្រុងហាណូយមានមោទនភាពដោយមានរឿងល្ខោនល្អបំផុតដែលបានចាប់ផ្ដើមសម័យផ្លាស់ប្ដូរថ្មី នោះគឺរឿង ខ្ញុំនិងពួកយើង របស់លោក Luu Quang Vu។ ចាប់ពីឆ្នាំ ១៩៩៦ នៅពេលដែលប្រទេសយើងឈានចូលក្នុងរបបសេដ្ឋកិច្ចទីផ្សារ គឺល្ខោនក៏មានរូបរាងថ្មីដែរ។ ក្នុងអំឡុងពេលនេះមានជំរុំនិពន្ធជាក់ស្តែង ដូច្នេះមជ្ឈដ្ឋានសិល្បករចូលចិត្តខ្លាំងណាស់”។
ស្នាដៃល្ខោននៃរដ្ឋធានីហាណូយបានឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅនូវជីវភាពសង្គមដោយជះឥទ្ធិពលខ្លាំង និងវិជ្ជមានចំពោះសាធារណជន ហើយបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ជាមួយនឹងរឿងល្ខោនល្បីល្បាញដូចជា៖ រស់ជារៀងរហូតនៅអាយុ ១៧ ឆ្នាំ ពាក្យកុហកចុងក្រោយ ខ្ញុំនិងពួកយើង (របស់រោងល្ខោនវៀតណាម) នាង Sita (រោងល្ខោន cheo ហាណូយ) បញ្ញាវ័ន្ត ថាំងឡុង (រោងល្ខោន cai luong ហាណូយ)។ ល។
ប្រធានបទនៃសិល្បៈល្ខោនរដ្ឋធានីហាណូយមានភាពចម្រុះ និងសម្បូរបែប។ ស្នាដៃភាគច្រើនត្រូវបានដំឡើងដោយផ្នត់គំនិតថ្មី មានរបៀបរៀយរយ និងល្អិតល្អន់។ សិល្បៈករប្រជាជន Nguyen Trung Hieu នាយករោងល្ខោនទីក្រុងហាណូយបានឲ្យដឹងថា៖
“ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រោងល្ខោនហាណូយបាននាំ ល្ខោននិយាយ ចូលសាលារៀន ដោយផ្សាភ្ជាប់ជាមួយស្នាដៃអក្សរសាស្ត្រ និងឥស្សរជនប្រវត្តិសាស្ត្រក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដើម្បីឲ្យសិស្សានុសិស្សបានស្គាល់សិល្បៈល្ខោនតាំងពីពេលពួកគេនៅរៀនក្នុងសាលានៅឡើយ។ ប្អូនៗគឺជាទស្សនិកជននៃល្ខោននាពេលអនាគត”។
ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ល្ខោនរដ្ឋធានីមានជួរសិល្បៈករយ៉ាងច្រើនកុះករ តាំងពីសិល្បៈករជើងចាស់ រហូតដល់ជំនាន់វ័យក្មេងក្រោយៗ។ សិល្បៈករប្រជាជន Nguyen Hoang Tuan ប្រធានសមាគមល្ខោនទីក្រុងហាណូយបានសង្កត់ធ្ងន់ថា៖
“មិនមានព្រឹត្តិការណ៍នយោបាយ ឬវប្បធម៌ធំៗរបស់ហាណូយ និងប្រទេសជាតិដែលល្ខោនហាណូយមិនចូលរួមនោះទេ។ ក្នុងចំណោមសមាជិកនៃសមាគមល្ខោនហាណូយ មានសមាជិកចំនួន ២ នាក់បានទទួលពានរង្វាន់ហូជីមិញ សមាជិកចំនួន ២៤ នាក់បានទទួលពានរង្វាន់រដ្ឋផ្នែកអក្សរសាស្ត្រនិងសិល្បៈ។ សមាជិកជាច្រើនក៏ទទួលបានពានរង្វាន់ពីសម្ព័ន្ធសមាគមអក្សរសិល្ប៍សិល្បៈវៀតណាម និងសមាគមឯកទេសមជ្ឈិមនិងរដ្ឋធានីផងដែរ”។
លើសពីនេះ ជួរអ្នករិះគន់ទ្រឹស្ដី កវី និងអ្នកអក្សរសាស្ត្រ នៅរដ្ឋធានីហាណូយក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតរូបរាង និងលើកកំពស់គុណភាពសិល្បៈល្ខោនរបស់រដ្ឋធានីក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកផងដែរ។ ពួកគេមិនត្រឹមតែផ្ដល់ទ្រឹស្ដី ការរិះគន់ប៉ុណ្ណោះទេ ថែមទាំងចូលរួមក្នុងការបង្រៀន រៀបចំសន្និសីទ សិក្ខាសាលា... អំពីល្ខោនរដ្ឋធានីទៀតផង។ មតិបដិវាទបានចង្អុលបង្ហាញដោយទាន់ពេលវេលា ពីចំណុចខ្លាំង និងចំណុចខ្សោយនៃរឿងល្ខោននីមួយៗ តាមនោះរួមចំណែកជួយសិល្បករកែសម្រួល និងប្រសើរឡើង។ កវី អ្នកអក្សរសាស្ត្រ Nguyen Thi Van Kim បានឲ្យដឹងថា៖
“ល្ខោនរដ្ឋធានីបានឧទ្ទេសនាមដល់ទស្សនិកជនក្នុងស្រុក និងមិត្តភក្តិអន្តរជាតិ អំពីរឿងល្ខោនតាមប្រភេទជាច្រើនដូចជា៖ cheo tuong ល្ខោនរាំអាយ៉ង ល្ខោននិយាយ។ ល្ខោនរដ្ឋធានីមានការច្នៃប្រឌិត ការរួមបញ្ចូលដោយឥតឈប់ឈរនៃប្រធានបទ ខ្លឹមសារ ទម្រង់ រចនាបថនិពន្ធ និងតួរសម្តែង ដើម្បីបន្តបំផុសគំនិត និងបណ្ដុះតម្លៃមនោគមវិជ្ជាមនុស្សធម៌ លទ្ធិស្នេហាជាតិ និងតម្លៃវប្បធម៌តាំងពីយូរលង់មកហើយបំពេញតម្រូវការរីករាយនឹងសិល្បៈរបស់សាធារណជនរដ្ឋធានីនាពេលបច្ចុប្បន្ន”។
រដ្ឋធានីហាណូយ ជាមួយនឹងវប្បធម៌រាប់ពាន់ឆ្នាំ គឺជាមជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈរបស់ប្រទេសជាតិទាំងមូល។ ក្នុងដំណើរនោះ ល្ខោនរដ្ឋធានីបានអះអាងនូវឋានៈ ថែរក្សាប្រពៃណី ទទួលមរតក និងអភិវឌ្ឍន៍តាមនិន្នាការបច្ចុប្បន្ន។ ជាកន្លែងប្រមូលផ្តុំអ្នកដឹកនាំរឿង តារាសម្តែង និងអ្នកនិពន្ធរឿងឆ្នើមៗជាច្រើន ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ល្ខោនរដ្ឋធានីបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងសមិទ្ធិផលនៃសិល្បៈល្ខោន និងការអភិវឌ្ឍវប្បធម៌សិល្បៈរបស់ប្រទេសជាតិ៕