សារមន្ទីរ - ស្ពានបេតិកភណ្ឌនៅទីក្រុងហូជីមិញ

(VOVWORLD) - ទីក្រុងហូជីមិញមានសារមន្ទីរចំនួន ១៧ ក្នុងនោះមានសារមន្ទីរឯកជនចំនួន ៦។ សារមន្ទីរនីមួយៗតាំងបង្ហាញ និងថែរក្សាប្រធានបទផ្សេងៗគ្នាដូចជា ប្រវត្តិសាស្ត្រ វិចិត្រសិល្បៈ សង្គ្រាម អាវផាយ នារី ជាដើម។ សារមន្ទីរបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបន្តិចម្តងៗ ក្លាយជាចំណុចតភ្ជាប់ប្រកបដោយភាពច្នៃប្រឌិតរវាងបេតិកភណ្ឌវប្បធម៌ និងសាធារណ ជន។

សារមន្ទីរ - ស្ពានបេតិកភណ្ឌនៅទីក្រុងហូជីមិញ - ảnh 1វត្ថុដាក់តាំងនៅសារមន្ទីរប្រវត្តិសាស្ត្រទីក្រុងហូជីមិញ។ រូបថត៖ Vu Huong/VOV

Le Thi Ha និស្សិតឆ្នាំទី១នៅសាកលវិទ្យាល័យ Hung Vuong នៅពេលទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រទីក្រុងហូជីមិញ បានចែករំលែកថា នេះជាលើកទីមួយហើយដែល នាងទៅទស្សនា
សារមន្ទីរក្នុងទីក្រុង។ មុននោះ នាងធ្លាប់តែឃើញនៅលើបណ្ដាញសង្គម និងបានឮព័ត៌មានពីមិត្តភក្តិប៉ុណ្ណោះ៖

“ខ្ញុំឃើញថាសារមន្ទីរដាក់តាំងបង្ហាញទៅតាមសម័យកាលប្រវត្តិសាស្ត្រនីមួយៗ ហើយសម័យកាលក្រោយៗ មានលម្អិតកាន់តែប្រណិតនិងរស់រវើកជាង។ ពេលទៅទស្សនាផ្ទាល់ ខ្ញុំឃើញថាលំហធំទូលាយ និងស្រស់ស្អាតជាង”។

សារមន្ទីរ - ស្ពានបេតិកភណ្ឌនៅទីក្រុងហូជីមិញ - ảnh 2អ្នកទស្សនាអាចអានព័ត៌មានលម្អិតអំពីវត្ថុ និងសម័យកាលប្រវត្តិសាស្ត្រនៅលើអេក្រង់ដែលបានដំឡើងនៅក្នុងសារមន្ទីរ។ រូបថត៖ Vu Huong/VOV

យោងតាមលោកស្រី Nguyen Khac Xuan Thi នាយិការងសារមន្ទីរប្រវត្តិសាស្ត្រទីក្រុងហូជីមិញ ទីកន្លែងនេះថែរក្សាវត្ថុប្រហែល ៤៤ ពាន់ពីសម័យបុរេប្រវត្តិរហូតដល់រាជកាលស្ដេច Nguyen រួមជាមួយនឹងវត្ថុវប្បធម៌ជាច្រើននៃបណ្ដាជនជាតិភាគខាងត្បូង និងប្រទេសអាស៊ីមួយចំនួន។ ក្រៅពីការអនុវត្តបច្ចេកវិទ្យាដើម្បីគ្រប់គ្រងវត្ថុ សារមន្ទីរក៏អនុវត្តន៍បច្ចេកវិទ្យាក្នុងសកម្មភាពតាំងបង្ហាញដូចជា ការដំឡើងអេក្រង់ប៉ះ និងលេខកូដ QR នៅក្នុងតំបន់តាំងពិព័រណ៍ដើម្បីឱ្យអ្នកទស្សនាអាចស្វែងយល់បន្ថែម។ នាពេលខាងមុខ សារមន្ទីរនឹងដាក់ពង្រាយប្រព័ន្ធពន្យល់ស្វ័យប្រវត្តិពីរភាសា (វៀតណាម-អង់គ្លេស) ដើម្បីណែនាំបន្ទប់ដាក់តាំងបង្ហាញដែលមានស្រាប់ចំនួន ១៨ បន្ទប់។ បើតាមលោកស្រី Thi សារមន្ទីរផ្តោតសំខាន់លើការងារផ្សព្វផ្សាយ ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីទាក់ទាញយុវជន៖

"កាលពីឆ្នាំមុន ក្នុងឱកាសរំលឹកខួប ៤៥ ឆ្នាំនៃការបង្កើត សារមន្ទីរបានបង្ហាញមុខអត្តសញ្ញាណម៉ាកថ្មី ដែលទទួលបានប្រតិកម្មជាវិជ្ជមានពីសាធារណជន ជាពិសេសយុវជន ដែលពេលខ្លះ មានការចូលមើលជាង ២ លានដងក្នុងមួយខែ។ រួមជាមួយនឹងសកម្មភាពតាំងបង្ហាញតាមអ៊ីនធឺណិត នេះក៏ជាមធ្យោបាយទំនាក់ទំនងដ៏មានប្រសិទ្ធភាពផងដែរ។"

ដូចគ្នាដែរ សារមន្ទីរនារីភាគខាងត្បូងក៏កំពុងរក្សាវត្ថុ ប្រមាណ ៣ ម៉ឺនដោយប្រធានបទដូចជា៖ ប្រពៃណីនារីភាគខាងត្បូង លោកប្រធានហូចីមិញជាមួយនារីភាគខាងត្បូង និងនារីភាគខាងត្បូងជាមួយលោកប្រធានហូចីមិញ ការបង្កើតនិងអភិវឌ្ឍអង្គការនារីវៀតណាម; នារីភាគខាងត្បូងបន្ទាប់ពីថ្ងៃបង្រួបបង្រួមប្រទេសជាតិ នារីភាគខាងត្បូងនៅក្នុងនយោបាយ កងទ័ព និងកិច្ចការបរទេស។ សារមន្ទីរក៏សម្របសម្រួលជាមួយភ្នាក់ងារទេសចរណ៍ និងសាលារៀន ដើម្បីនាំភ្ញៀវមកទស្សនា ទទួលយកបទពិសោធន៍ និងស្វែងយល់អំពីប្រវត្តិសាស្ត្រផងដែរ។

ក្នុងពេលជាមួយគ្នានោះ ប្រព័ន្ធសារមន្ទីរឯកជននៅទីក្រុងហូជីមិញ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងផ្សព្វផ្សាយតម្លៃវប្បធម៌។ សារមន្ទីរមួយចំនួនមានវត្ថុដ៏កម្រ ពិសេស និងលេចធ្លោជាច្រើនដូចជា សារមន្ទីរអាវផាយវៀតណាម សារមន្ទីរឱសថបុរាណវៀតណាម សារមន្ទីរ Do Hung (ខ័ណ្ឌទី ១) សារមន្ទីរកងទ័ពពិសេស Sai Gon ជាដើម។

នៅសារមន្ទីរ អាវផាយ ដែលជាសារមន្ទីរមួយក្នុងចំណោមសារមន្ទីរឯកជនដំបូងគេនៅទីក្រុងហូជីមិញ ដែលបង្កើតឡើងដោយអ្នករចនាម៉ូដ Si Hoang នោះ កំពុងដាក់តាំងបង្ហាញអាវផាយតាំងពីសម័យដើមរហូតមកដល់សម័យទំនើប។ សារមន្ទីរអភិវឌ្ឍន៍ដោយរួមបញ្ចូលគ្នានូវការទស្សនាជាមួយសកម្មភាពទេសចរណ៍។

សារមន្ទីរ - ស្ពានបេតិកភណ្ឌនៅទីក្រុងហូជីមិញ - ảnh 3ភ្ញៀវទេសចរនៅសារមន្ទីរព្រះបរមរាជវាំងនៃរាជវង្ស Nguyen។ រូបថត៖ Vu Huong/VOV

ថ្មីៗនេះ ទីក្រុងហូជីមិញមានសារមន្ទីឯកជនថ្មីចំនួនពីរ ដែលស្ថិតនៅក្នុងប្រព័ន្ធសារមន្ទីរ Do Hung នោះគឺ សារមន្ទីរគ្រឿងអលង្ការនៃជនជាតិភាគតិចវៀតណាមទាំង ៥៤ និងសារមន្ទីរព្រះបរមរាជវាំងនៃរាជវង្ស Nguyen។ សារមន្ទីរគ្រឿងអលង្ការនៃជនជាតិវៀតណាមទាំង ៥៤ មានគ្រឿងអលង្ការបុរាណរាប់ពាន់ និងសំលៀកបំពាក់ប្រពៃណីរាប់ពាន់ឈុត របស់បណ្ដាជនជាតិ ដែលឆ្លុះបញ្ចាំងពីទស្សនៈសោភ័ណភាព ជំនឿ និងទំនៀមទម្លាប់របស់បណ្ដាជនជាតិតាំងពីជាង ២៥០០ ឆ្នាំមុន។ ចំណែកឯសារមន្ទីរព្រះបរមរាជវាំងនៃរាជវង្ស Nguyen តាំងបង្ហាញវត្ថុបុរាណដ៏មានតម្លៃជាច្រើនដែលជាកម្មសិទ្ធិរបស់ស្តេច Nguyen ទាំង ១៣ អង្គ ចាប់ពីរបស់របរប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់សំលៀកបំពាក់។ លោកបណ្ឌិត Phan Thanh Hai នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Thua Thien Hue បានឲ្យដឹងថា៖

"ខ្ញុំភ្ញាក់ផ្អើលពេលឃើញការប្រមូលសំលៀកបំពាក់ និងគ្រឿងអលង្ការដ៏សម្បូរបែបរបស់ជនជាតិទាំង ៥៤។ ខ្ញុំអាចបញ្ជាក់បានថា សំលៀកបំពាក់របស់ជនជាតិទាំង ៥៤ មានគ្រប់គ្រាន់នៅក្នុងសារមន្ទីរនេះ។ វត្ថុដ៏មានតម្លៃបំផុតគឺគ្រឿងអលង្ការ។ គ្រឿងអលង្ការស្ទើរតែជាការលាយបញ្ចូលគ្នានៃវប្បធម៌និងផ្នត់គំនិត ទេពកោសល្យរបស់សិប្បករ ដូច្នេះគ្រឿងអលង្ការបង្ហាញពីភាពថ្លៃថ្នូរ"។

យោងតាមលោកស្រី Le Tu Cam ប្រធានសមាគមបេតិកភណ្ឌវប្បធម៌ទីក្រុងហូជីមិញ ប្រព័ន្ធសារមន្ទីរនៅទីក្រុងហូជីមិញកំពុងដំណើរការយ៉ាងផុសផុលបើធៀបនឹងសារមន្ទីរនៅទូទាំងប្រទេស។

“ថ្វីត្បិតតែសារមន្ទីរខ្លះដំណើរការយ៉ាងរលូន ខ្លះទៀតនៅតែប្រឈមនឹងការលំបាកក៏ដោយ ប៉ុន្តែជាទូទៅ ទាំងប្រព័ន្ធសារមន្ទីសាធារណៈ និងឯកជននៅទីក្រុងហូជីមិញ បានរួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌”។

សារមន្ទីរនៅទីក្រុងហូជីមិញ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ បច្ចុប្បន្ននេះ បណ្ដាសារមន្ទីរកំពុងរៀបចំផែនការបង្កើតសកម្មភាពពិសោធន៏ដ៏សម្បូរបែប ព្រមទាំងធ្វើឌីជីថលភាវូបនីយកម្មនូវវត្ថុតាំងបង្ហាញ ដើម្បីបម្រើភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ