ការ​នាំ​ចេញ​គ្រឿង​អេឡិច​ត្រូនិក​ឆ្ពោះទៅ​រក​​គោល​ដៅសម្រេចបាន ១៤៥​ ពាន់​លាន​ដុល្លារ

(VOVWORLD) - ក្នុងបរិបទដែលស្ថានភាពភូមិសាស្ត្រនយោបាយនិងបច្ចេកវិទ្យាជាសកលមានការផ្លាស់ប្តូរជាបន្តបន្ទាប់ វៀតណាមកំពុងផ្លាស់ប្តូរជាលំដាប់ "រោងចក្រផលិតកម្ម" ទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាខ្ពស់ក្នុងតំបន់។ 

ជាមួយនឹងការនាំចេញគ្រឿងអេឡិចត្រូនិកសម្រេចបានជាង ១២៥ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤ និងនិន្នាការកំណើនយ៉ាងឆាប់រហ័ស រួមជាមួយនឹងការកើនឡើងនៃមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បរទេស (R&D) វៀតណាមកំពុងឆ្ពោះទៅរកគោលដៅនៃការនាំចេញចំនួន ១៤៥ពាន់លានដុល្លារ។

ការនាំចេញគ្រឿងអេឡិចត្រូនិករបស់វៀតណាមក្នុងឆ្នាំ ២០២៤ បានឈានដល់ជិត ១២៦,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧ ពាន់លានដុល្លារបើធៀបនឹងឆ្នាំ ២០២៣។ ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ផ្នែកទំនិញកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់គឺជាផ្នែកទំនិញនាំចេញច្រើនជាងគេដែលឈានដល់ប្រហែល ៧០ ពាន់លានដុល្លារ។ នេះជាផ្នែកទំនិញដែលមានចំណូលខ្ពស់បំផុតក្នុងការនាំចេញសរុបរបស់ប្រទេសទាំងមូល។

ដើម្បីសម្រេចបានលទ្ធផលនេះ ក្រៅពីការតម្រង់ទិសយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក៏មានភាពម្ចាស់ការរបស់សហគ្រាសនីមួយៗផងដែរ។ ក្រុមហ៊ុនភាគហ៊ុន VNPT Technology គឺជាឧទាហរណ៍មួយ។ ក្រុមហ៊ុនតែងតែកំណត់យ៉ាងច្បាស់នូវបេសកកម្មដោយម្ចាស់ការក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល ធ្វើជាម្ចាស់ប្រព័ន្ធគ្រប់គ្រងក្នុងផលិតកម្ម។ លោក Tran Duc Hoa នាយករងផ្នែកអាជិវកម្មនៃក្រុមហ៊ុន VNPT Technology បានឲ្យដឹងថា៖ “VNPT Technology បានកែលម្អគុណភាពដោយឥតឈប់ឈរ បង្កើនប្រសិទ្ធភាពផលិតកម្ម ជាពិសេសគឺការអនុវត្តបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត(AI) អ៊ិនធឺណិតនៃវត្ថុ(IoT) ទៅក្នុងផលិតកម្ម។ VNPT Technology បានវិនិយោគលើ មនុស្សយន្តស្វ័យប្រវត្តិមួយចំនួនដែលអាចដំឡើងស្រោម វីស ឆ្លាក់ឡាស៊ែរ, កាម៉េរ៉ាវាយតម្លៃរូបរាងផលិតផលដោយស្វ័យប្រវត្តិ និងមនុស្សយន្តដែលធ្វើតេស្តមុខងាររបស់ផលិតផលដោយស្វ័យប្រវត្តិ។ តាមការរំពឹងទុក ក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត VNPT Technology នឹងបន្តបណ្ដាក់ទុនលើមនុស្សយន្តស្វ័យប្រវត្តិបន្ថែមទៀត ត្រូវតែជំរុញការផ្លាស់ប្ដូរឌីជីថល និងជំរុញស្វ័យប្រវត្តិកម្មដើម្បីកាត់បន្ថយការពឹងផ្អែក”

ទន្ទឹមនឹងនោះ ធនធានវិនិយោគលើផលិតកម្មក្នុងឧស្សាហកម្មអេឡិចត្រូនិកនៅវៀតណាមកំពុងកើនឡើងយ៉ាងខ្លាំង ដែលត្រូវបានបង្ហាញតាមរយៈគម្រោងដែលបាននិងកំពុងវិនិយោគ រៀបនឹងដំណើរការ និងត្រៀមចូលវៀតណាមផងដែរ។ ជាឧទាហរណ៍ ក្រុមហ៊ុន Foxconn ជាមួយការវិនិយោគចំនួន ៥០០លានដុល្លារ នឹងចាប់ផ្តើមផលិតកម្មនិងធ្វើអាជីវកម្មជាផ្លូវការចាប់ពីខែឧសភា ឆ្នាំ ២០២៧ ឬរោងចក្រទីបីនៅវៀតណាមរបស់ Pegatron Group (តៃវ៉ាន់) ដោយមានទុនវិនិយោគសរុប ៥០០ លានដុល្លារ ដែលគ្រោងនឹងត្រូវបានវិនិយោគនៅទីក្រុង Hai Phong ក្នុងអំឡុងឆ្នាំ ២០២៥-២០២៦។ល។

គម្រោងទាំងនេះបានពង្រឹងឋានៈរបស់វៀតណាមទៅជាមជ្ឈមណ្ឌលនាំចេញផលិតផលបច្ចេកវិទ្យានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាជាសកល ហើយទន្ទឹមនឹងនោះគឺជាកម្លាំងចលករសម្រាប់កំណើននាំចេញប្រចាំឆ្នាំក្នុងវិស័យនេះ។ លោកស្រី Do Thi Thuy Huong សមាគមធុរកិច្ចអេឡិចត្រូនិកវៀតណាមបានអត្ថាធិប្បាយថា

ការ​នាំ​ចេញ​គ្រឿង​អេឡិច​ត្រូនិក​ឆ្ពោះទៅ​រក​​គោល​ដៅសម្រេចបាន ១៤៥​ ពាន់​លាន​ដុល្លារ - ảnh 1លោកស្រី Do Thi Thuy Huong សមាគមធុរកិច្ចអេឡិចត្រូនិកវៀតណាម។ រូបថត៖ viettimes.vn

“សហគ្រាសអេឡិចត្រូនិក FDI មានគុណភាពខ្ពស់និងឈានមុខគេជាច្រើនបានវិនិយោគក្នុងទីផ្សារវៀតណាម។ ប្រការនេះ បានបង្កើតឱកាសសម្រាប់សហគ្រាស វៀតណាមក្លាយជាអ្នកផ្គត់ផ្គង់នៅក្នុងចំណោមសហគ្រាសឈានមុខគេទាំងនេះ។ ជាពិសេស Samsung មានកម្មវិធីបណ្ដុះបណ្ដាលនៅសហគ្រាសនានា ដើម្បីជំរុញសហគ្រាសក្នុងស្រុកឱ្យរីកចម្រើន បង្កើតឱកាសសម្រាប់សហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ នេះគឺជាសញ្ញាដ៏ល្អ”

ទោះជាយ៉ាងណាក៏ដោយ ដើម្បីធ្វើឲ្យឧស្សាហកម្មអេឡិចត្រូនិកវៀតណាម ផ្លាស់ប្តូរពីមជ្ឈមណ្ឌលដំឡើងក្លាយទៅប្រទេសផលិតកម្មស៊ីជម្រៅនោះ នៅមានការងារជាច្រើនណាស់។ លោក Tran Quy Hien នាយកប្រតិបត្តិនៃក្រុមហ៊ុន EcomStone មានប្រសាសន៍ថា៖ “យើងត្រូវមានផែនការស៊ីជម្រៅមួយ ក្រៅពីការតំរង់ទិសរបស់រដ្ឋាភិបាល គោលនយោបាយច្បាប់ និងយន្តការពន្ធដារ ដើម្បីលើកទឹកចិត្តសហគ្រាសឱ្យអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅក្នុងវិស័យនេះ។ ផ្តោតលើការវិនិយោគលើតំបន់បច្ចេកវិទ្យាខ្ពស់សំខាន់ៗ ហើយទន្ទឹមនឹងនោះ ត្រូវមានការសម្របសម្រួលរវាងសាលារៀន វិទ្យាស្ថាន និងសាកលវិទ្យាល័យ ដើម្បីបណ្តុះបណ្តាលវិស្វករ និងកម្មករដែលមានសមត្ថភាពខ្ពស់ និងលើកទឹកចិត្តដល់មូលដ្ឋានដែលមានសក្តានុពលក្នុងផលិតកម្មនិងការនាំចេញ”

យោងតាមមជ្ឈដ្ឋានអ្នកវិភាគ បរិបទបច្ចុប្បន្នគឺជាឱកាសសម្រាប់វៀតណាមក្នុងការរៀបចំឡើងវិញហេដ្ឋារចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ ជំរុញបរិវត្តកម្មឌីជីថល និងពង្រីកទីផ្សារតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនដើម្បីបង្កើនការនាំចេញ។ លោកស្រី Do Thi Thuy Huong បានបន្ថែមថា៖ “សហគ្រាសចាំបាច់ត្រូវធ្វើពិពិធកម្មទីផ្សារនាំចេញ ដោយទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីចំនួន ១៧ ដែលរដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាជាមួយខឿនសេដ្ឋកិច្ចចំនួន ៧០។ នេះជាឧត្តមភាពរបស់វៀតណាម។ ឧត្តមភាពមួយទៀតគឺថា វៀតណាមមានទីផ្សារពិសេសជាច្រើនដូចជាអឺរ៉ុបខាងជើង អាមេរិកខាងត្បូង មជ្ឈិមបូព៌ា ឬអាហ្វ្រិក។ ទីពីរ សហគ្រាសត្រូវស្រាវជ្រាវទីផ្សារថ្មីនិងមានសក្តានុពល ដូចជាប្រទេសឥណ្ឌា ជាទីផ្សារដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក។ សហគ្រាសត្រូវមានយុទ្ធសាស្ត្ររយៈពេលវែងដើម្បីវិនិយោគក្នុងការស្រាវជ្រាវទីផ្សារ និងបង្កើតម៉ាកយីហោនៅក្នុងទីផ្សារថ្មី”

វៀតណាមស្ថិតក្នុងតំបន់ដែលមានឧស្សាហកម្មអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនោះ គឺទីផ្សារក្នុងស្រុកមានប្រជាជនជាង ១០០ លាននាក់ និងសមត្ថភាពឈានចូលទីផ្សារដែលមានប្រជាជនចំនួន ៦០០ លាននាក់នៅក្នុងតំបន់អាស៊ាន ទីផ្សារនាំចេញអន្តរជាតិដ៏ធំធេង ដោយមានកិច្ចព្រមព្រៀង FTA ជាមួយប្រទេសជាច្រើនជុំវិញពិភពលោក។ ទាំងនេះគឺជាលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមក្នុងការជំរុញការនាំចេញអេឡិចត្រូនិក ភាពម្ចាស់ការ ផ្លាស់ប្តូរពី "រោងចក្រផលិតកម្ម" ទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាខ្ពស់នៃតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ