ក្វាងនិញ៖ អភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលរាត្រីជាមួយនឹងសក្តានុពលដ៏ធំធេង
(VOVWORLD) - នៅក្នុងផ្ទាំងគំនូរអភិវឌ្ឍន៍ទីក្រុងទំនើប សេដ្ឋកិច្ចនាពេលរាត្រីកំពុងក្លាយជាចំណុចលេចធ្លោជាយុទ្ធសាស្ត្រ មិនត្រឹមតែសម្រាប់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករដើម្បីពង្រីកខ្សែសង្វាក់តម្លៃសេដ្ឋកិច្ចសង្គមសម្រាប់ទីក្រុងធំៗទៀតផង។ នៅភាគខាងជើងវៀតណាម ខេត្តក្វាងនិញកំពុងខិតខំទាញយកសក្តានុពលនេះ ដោយឆ្ពោះទៅរកការកសាង "ទីក្រុងមិននិទ្ទ្រា" ដ៏អ៊ូអរទាំងយប់ទាំងថ្ងៃ។
ទេសភាពឈូងសមុទ្រហាឡុងនៅពេលរាត្រី។ រូបថត៖ Truong Giang/VOV-ភាគឦសាន |
ក្វាងនិញគឺជាខេត្តមួយក្នុងចំណោមខេត្ត/ក្រុងទាំង ១២ ដែលត្រូវបានអនុញ្ញាតឱ្យសាកល្បង "គម្រោងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ពេលរាត្រី" របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក្រោម "គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលរាត្រីនៅវៀតណាម" ដែលចេញផ្សាយដោយនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ ជាមួយនឹងគុណសម្បត្តិដ៏ធំធេង ទាំងទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប រួមទាំងតំបន់បេតិកភណ្ឌពិភពលោកចំនួន២ (ហាឡុង និងអៀនទឺ) ខេត្តក្វាងនិញបានធ្វើពិពិធកម្មផលិតផលទេសចរណ៍ពេលរាត្រី ដោយបង្កើតបទពិសោធន៍ដ៏វិសេសវិសាល ក៏ដូចជាបង្កើនរយៈពេលស្នាក់នៅ និងការចំណាយរបស់ភ្ញៀវទេសចរ។
លោក Doan Anh Vu នាយកផ្នែកទីផ្សារនៃ BIM Group ជាក្រុមហ៊ុនដែលកំពុងអភិវឌ្ឍវិថីដើរថ្មើរជើង កម្មវិធីតន្ត្រីលើទឹក និងមហោស្រពតន្ត្រីជាបន្តបន្ទាប់ បានឲ្យដឹងថា៖ “ខេត្តក្វាងនិញ ត្រូវការផលិតផលលេចធ្លោ ដើម្បីធ្វើឲ្យអ្នកទេសចរក្នុងស្រុក និងអន្តរជាតិនៅពេលនិយាយអំពីខេត្តក្វាងនិញគឺនិយាយដល់សកម្មភាពនោះ។ យើងក៏ចង់ស្នើឲ្យជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពេលរាត្រី នៅក្រៅរដូវទេសចរណ៍ ពោលគឺបន្ទាប់ពីអំឡុងពេលកំពូលនៃរដូវក្តៅ ពីព្រោះនេះជារដូវកាលសម្រាប់អ្នកទេសចរអន្តរជាតិ។ ជាទីបំផុត គឺតួនាទីនៃការចូលរួម និងការដឹកនាំរបស់ភ្នាក់ងាររដ្ឋ ទាក់ទងនឹងការៀបចំគោលនយោបាយ និងការឧបត្ថម្ភ ដល់វិស័យទេសចរណ៍”។
កប៉ាល់ទេសចរណ៍ពេលរាត្រីគឺជាផលិតផលទេសចរណ៍ដ៏លេចធ្លោមួយរបស់ខេត្តក្វាងនិញ។ រូបថត៖ Truong Giang/VOV-ភាគឦសាន |
បរិយាកាសសេដ្ឋកិច្ចពេលរាត្រីដ៏លេចធ្លោបំផុតមួយនៅខេត្ត ក្វាងនិញ គឺ Halong Marina Street Fest ជាវិថីដើរថ្មើរជើងពេលរាត្រីនៅសង្កាត់ Bai Chay។ មិនដូចផ្សាររាត្រីបែបប្រពៃណីនោះទេ Halong Marina ត្រូវបានរៀបចំឡើងជាពិធីបុណ្យបើកចំហរ ដែលមានរចនាបថអន្តរជាតិ បម្រើអ្នកទស្សនាទាំងថ្ងៃទាំងយប់ ជាមួយនឹងសេវកម្មនិងបទពិសោធន៍ចម្រុះសម្រាប់មនុស្សគ្រប់វ័យ។
សកម្មភាពនៅ Halong Marina Street Fest មិនគ្រាន់តែធ្វើឡើងនៅពេលរាត្រីប៉ុណ្ណោះទេ ប៉ុន្តែបានប្រព្រឹត្តិទៅពេញមួយសប្តាហ៍ ជាមួយនឹងតូបលក់អាហាររាប់រយ កន្លែងកម្សាន្ត កន្លែងទិញទំនិញ កន្លែងថតរូប Check-in និងកម្មវិធីចម្រុះជាច្រើន។ បន្ទាប់ពីបើកដំណើរការចាប់ពីខែកក្កដារហូតដល់ខែកញ្ញា ឆ្នាំ២០២៥ កន្លែងនេះបានទាក់ទាញអ្នកទស្សនាជាង ១២.០០០នាក់ ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃដំបូងប៉ុណ្ណោះ ដែលបង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំងនៃ "ទីក្រុងរាត្រី" ដ៏ស្វាហាប់។ អ្នកស្រី Nguyen Thi Thanh Dung មកពីសង្កាត់ Bai Chay បានចែករំលែកថា៖ "នេះគឺជាបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ នៅចុងសប្តាហ៍ជាមួយក្រុមគ្រួសារ មិត្តភក្តិ និងសាច់ញាតិ។ ជាពិសេស នៅទីនេះមានកម្មវិធីតន្ត្រីដ៏ល្អណាស់"។
យោងតាមលទ្ធផលស្ថិតិ នៅក្នុងតំបន់ Ha Long ចាស់ សកម្មភាពសេដ្ឋកិច្ចពេលរាត្រី «រួមចំណែកប្រហែល ៧០% នៃប្រាក់ចំណូលទេសចរណ៍» ហើយភ្ញៀវទេសចរម្នាក់ៗអាចបង្កើនការចំណាយប្រហែល ៣០០-៤០០ ដុល្លារបន្ថែមទៀត ដោយសារតែសេវាកម្មពេលរាត្រីដ៏លេចធ្លោ។
ខេត្តក្វាងនិញបានរៀបចំមហោស្រពតន្ត្រីទ្រង់ទ្រាយធំជាបន្តបន្ទាប់ បង្កើតជាចំណុចលេចធ្លោដ៏រស់រវើកសម្រាប់ទេសចរណ៍ក្នុងស្រុក និងទាក់ទាញភ្ញៀវទេសចរមួយចំនួនធំ។ រូបថត៖ Vu Mien/VOV-ភាគឦសាន |
ទោះជាយ៉ាងណាក៏ដោយ យោងតាមមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងនិញ សេដ្ឋកិច្ចពេលរាត្រីរបស់ខេត្ត មិនទាន់អភិវឌ្ឍដូចការរំពឹងទុកនៅឡើយទេ ដោយសារទំហំនៅតែមានកម្រិត កង្វះលក្ខណៈតភ្ជាប់តំបន់ ហើយហេដ្ឋារចនាសម្ព័ន្ធនិងសន្តិសុខពេលរាត្រីនៅក្នុងតំបន់មួយចំនួន មិនទាន់ធ្វើសមកាលកម្មនៅឡើយទេ។
ដោយចូលរួមមតិយោបល់លើការអភិវឌ្ឍសេដ្ឋកិច្ចពេលរាត្រីនៅក្វាងនិញយ៉ាងខ្លាំងក្លា លោកបណ្ឌិត ង្វៀន អាញ ទួន នាយកវិទ្យាស្ថានសេដ្ឋកិច្ចទេសចរណ៍ បានចាត់ទុកថា៖ “នៅក្នុងគម្រោងអភិវឌ្ឍក្វាងនិញទៅជាមជ្ឈមណ្ឌលតភ្ជាប់តំបន់ និងអន្តរជាតិ យើងបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កម្មវិធីសម្តែងពេលរាត្រី ដែលមានទ្រង់ទ្រាយធំ និងកម្មវិធីសម្តែងដោយមានទិដ្ឋភាពជាក់ស្តែង ពីព្រោះគ្មានកន្លែងណាអាចប្រៀបធៀបទៅនឹងឈូងសមុទ្រហាឡុងបានទេ។ ដូច្នេះហើយ យើងត្រូវតែរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផលិតផល និងសេវាកម្មឲ្យក្លាយទៅជាផលិតផលពេលរាត្រីប្រកបដោយសមកាលកម្ម”។
ពិធីបុណ្យតាមដងផ្លូវ បានក្លាយជាចំណុចលេចធ្លោមួយនៅក្នុងព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍របស់ខេត្តក្វាងនិញ ។ រូបថត៖ Truong Giang/VOV-ភាគឦសាន |
ខេត្តក្វាងនិញកំពុងប្រឈមមុខនឹងឱកាសដ៏ល្អដើម្បីប្រែក្លាយសេដ្ឋកិច្ចពេលរាត្រីទៅជាកម្លាំងចលករអភិវឌ្ឍន៍ប្រកបដោយចីរភាព មិនត្រឹមតែសម្រាប់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សេដ្ឋកិច្ចក្នុងស្រុកទៀតផង។ ចាប់ពី Halong Marina Street Fest រហូតដល់វិថីដើរថ្មើរជើងពេលរាត្រី មហោស្រពតន្ត្រី និងកន្លែងកម្សាន្តវប្បធម៌ ទាំងអស់នេះបានរួមចំណែកដល់ការបង្កើតទីក្រុងដ៏រស់រវើក ២៤ម៉ោងក្នុងមួយថ្ងៃ។
បើទោះបីប្រឈមមុខនឹងបញ្ហាសាកល្បងជាច្រើនក៏ដោយ ដោយមានទិសដៅយុទ្ធសាស្ត្រ ការវិនិយោគជាប្រព័ន្ធ និងការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ ខេត្តក្វាងនិញមានលក្ខខណ្ឌចាំបាច់ដើម្បីបង្កើនសក្តានុពលនៃសេដ្ឋកិច្ចពេលរាត្រី ដោយផ្លាស់ប្តូរ "ពេលយប់ងងឹត" ទៅជាប្រភពចំណូលថ្មី រួមចំណែកលើកកម្ពស់បទពិសោធន៍ ទាក់ទាញភ្ញៀវទេសចរ ជំរុញកំណើន និងកសាងទីក្រុងទេសចរណ៍-សេវាកម្មដ៏ស្វាហាប់ នៅលើផែនទីទេសចរណ៍វៀតណាម និងអន្តរជាតិ៕