ទំពាំងបាយជូ៖ ពីផលិត​ផលកសិកម្មទៅជាផលិតផលទេសចរណ៍ Khanh Hoa

(VOVWORLD) - ចម្ការទំពាំងបាយជូរ Ninh Thuan (ចាស់) បច្ចុប្បន្ននៅខេត្ត Khanh Hoa មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវតម្លៃសេដ្ឋកិច្ចកសិកម្មខ្ពស់ និងក្លាយជាផលិតផលទេសចរណ៍ពិសេស រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ដីនេះ។

ពន្លឺថ្ងៃចែងចាំងរស្មី ខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់តិច អាកាសធាតុដ៏អាក្រក់ទាំងនេះបានក្លាយទៅជាគុណសម្បត្តិសម្រាប់ដើមទំពាំងបាយជូរក្នុងការចាក់ឬស រីកលូតលាស់ និងបង្កើតផ្លៃទំពាំងបាយជូដ៏ផ្អែមល្ហែម។ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មក ទំពាំងបាយជូ Ninh Thuan (ចាស់) គឺជាមោទនភាពរបស់ប្រជាជននៅភូមិភាគកណ្តាល។ សព្វថ្ងៃនេះ ដើមទំពាំងបាយជូរបន្តអះអាងពីឋានៈរបស់ខ្លួន ខណៈដែលផ្ទៃដីនិងទិន្នផលកំពុងត្រូវបានពង្រីកដោយឥតឈប់ឈរ។

ទំពាំងបាយជូ៖ ពីផលិត​ផលកសិកម្មទៅជាផលិតផលទេសចរណ៍ Khanh Hoa - ảnh 1ចម្ការទំពាំងបាយជូរនាំមកនូវតម្លៃសេដ្ឋកិច្ចកសិកម្មខ្ពស់ និងក្លាយជាផលិតផលទេសចរណ៍ពិសេស ។ រូបថត៖ The Hung/VOV5

យោងតាមកសិកម្មខេត្ត Khanh Hoa បច្ចុប្បន្នខេត្តទាំងមូលមានផ្ទៃដីដាំទំពាំងបាយជូជាងមួយពាន់ហិកតា ផ្តល់ទិន្នផលរាប់ម៉ឺនតោនក្នុងមួយឆ្នាំ។ ពូជទំពាំងបាយជូសម្បូរបែប មានចាប់ពី ទំពាំងបាយជូក្រហម Cardinal, ទំពាំងបាយជូបៃតង NH01-48, ទំពាំងបាយជូពណ៌ផ្កាឈូករបស់។ ពូជនីមួយៗមានរសជាតិផ្ទាល់ខ្លួន បំពេញតម្រូវការរបស់ទីផ្សារក្នុងស្រុក និងនាំចេញ។

គួរកត់សម្គាល់ថា កសិករដាំទំពាំងបាយជូជាច្រើនបានអនុវត្តបច្ចេកវិទ្យាខ្ពស់ គំរូផ្ទះកញ្ចក់ VietGAP និងដំណើរការសរីរាង្គ។ តាមនោះ ផលិតភាពកាន់តែខ្ពស់ ហើយគុណភាពត្រូវបានធានា។ ចម្ការខ្លះអាចរកចំណូលបានរាប់រយលានដុងក្នុងមួយហិកតាក្នុងមួយរដូវ សូម្បីតែជាងមួយពាន់លានដុងក្នុងមួយឆ្នាំ។ ទំពាំងបាយជូបានក្លាយជាដើមឈើហូបផ្លែនៃទ្រព្យសម្បត្តិ បង្កើតការងារធ្វើប្រកបដោយស្ថិរភាពសម្រាប់កម្មករក្នុងស្រុករាប់ពាន់នាក់។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យចម្ការទំពាំងបាយជូរមានគុណភាព អ្នកដាំទំពាំងបាយជូក៏ត្រូវខិតខំប្រឹងប្រែងផងដែរ។ អ្នកស្រី Phung Thi Tam ម្ចាស់ចម្ការទំពាំងបាយជូរ Tam Yen នៅ Khanh Hoa ចែករំលែកថា៖ “ប្រសិនបើអាកាសធាតុមានពន្លឺថ្ងៃនិងខ្យល់បក់គឺល្អ ប៉ុន្តែប្រសិនបើភ្លៀងធ្លាក់ខ្លាំងពេក ផ្លែនឹងខូច ដុះផ្សិត ហើយផ្លែទុំនឹងប្រេះ។ ចំពោះការថែទាំ គឺយើងត្រូវកាត់មែក កាត់ផ្លែនៅក្រោមកម្ដៅថ្ងៃនិងខ្យល់ ធ្វើបែបនេះរហូត គឺពិតជានឿយហត់ខ្លាំងណាស់។ ប៉ុន្តែ ចំណូលដែលទទួលបានក៏ស្ថេរភាព”។

មិនត្រឹមតែជាផលិតផលកសិកម្មប៉ុណ្ណោះទេ ចម្ការទំពាងបាយជូទាំងនេះក៏មានភាពទាក់ទាញផ្នែកទេសចរទៀតផង។ ក្នុងដំណើរទៅស្វែងរក Khanh Hoa ក្រៅពីសមុទ្រពណ៌ខៀវនៃទីក្រុង Nha Trang ឬប្រាសាទចាមដ៏បុរមបុរាណ ភ្ញៀវទេសចរក៏មកចម្ការទំពាំងបាយជូរ ដើម្បីបេះចង្កោមផ្លែឈើដោយខ្លួនឯង និងរីករាយជាមួយរស់ជាតិផ្អែមឆ្ងាញ់នៅឯចម្ការផងដែរ។

ដោយទទួលបទពិសោធន៍រើសទំពាំងបាយជូរនៅចម្ការជាលើកដំបូង អ្នកស្រី Do Thuy អ្នកទេសចរមកពីទីក្រុងហាណូយបានចែករំលែកថា៖ “ដើរលេងនៅក្នុងចម្ការទំពាំងបាយជូ បេះផ្លែឈើដោយដៃផ្ទាល់ ហើយទទួលទាន ពិតជាបទពិសោធន៍ខុសប្លែកណាស់។ ខ្ញុំគិតថា នេះជាបទពិសោធន៍ដែលមិនគួររំលងបានទេនៅពេលមកដល់ Khanh Hoa។ នៅពេលមកទីនេះជាលើកដំបូង ពេលឃើញចម្ការទំពាំងបាយជូរធំល្វឹងល្វើយ មានផ្លែច្រើន គឺខ្ញុំពេញចិត្តខ្លាំងណាស់ហើយ។ ក្រៅពីការបេះផ្លែទំពាំងបាយជូរ នៅទីនេះក៏មានផលិតផលផ្សេងៗជាច្រើនទៀតដែលធ្វើពីទំពាំងបាយជូរដែរ។ ទឹកទំពាំងបាយជូរនៅទីនេះក៏ជាភេសជ្ជៈមួយដែលឈ្ងុយឆ្ងាញ់ខ្លាំងណាស់”។

ទំពាំងបាយជូ៖ ពីផលិត​ផលកសិកម្មទៅជាផលិតផលទេសចរណ៍ Khanh Hoa - ảnh 2ភ្ញៀវទេសចរឆ្លងបទពិសោធន៍ក្នុងការបេះផ្លែទំពាំងបាយជូរ និងរីករាយជាមួយផលិតផលនៅក្នុងចម្ការ។ រូបថត៖ The Hung/VOV5

ពីចម្ការទំពាំងបាយជូរទាំងនេះ ផលិតផលកែច្នៃជាច្រើនក៏បានលេចចេញដូចជា៖ ស្រាក្រហមទំពាំងបាយជូរ, ទឹកឃ្មុំទំពាំងបាយជូរ, ដំណាប់ទំពាំងបាយជូរ និងទំពាំងបាយជូរក្រៀម។ ទាំងនេះមិនត្រឹមតែជាផលិតផលពិសេសសម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់សម្រាប់ប្រជាកសិករទៀតផង។

ម្ចាស់ចម្ការទំពាំងបាយជូរ Tam Yen បានបន្ថែមថា៖ "ចំនួនភ្ញៀវទេសចរណ៍នៅរដូវក្ដៅគឺច្រើនណាស់។ ខ្ញុំក៏បេះផ្លែទំពាំងបាយជូរដើម្បីបម្រើនិងជូនដល់ភ្ញៀវទេសចរណ៍ចូលទស្សនា។ ការទស្សនាគឺឥតគិតថ្លៃ។ បច្ចុប្បន្ន ផលិតផលទាំងនេះលក់ឲ្យភ្ញៀវទេសចរណ៍ដែលមកទស្សនានិងបេះផ្លែទំពាំងបាយជូរដោយខ្លួនឯង ហើយនៅសល់ គឺយើងយកទៅធ្វើស្រាក្រហមទំពាំងបាយជូរ ទឹកឃ្មុំទំពាំងបាយជូរ និងដំណាប់ទំពាំងបាយជូរ”។

រូបភាពភ្ញៀវទេសចរណ៍ពាក់កន្សែង ពាក់មួក ថតរូបនៅកណ្តាលចម្ការទំពាំងបាយជូរ ជាមួយចង្កោមផ្លែពណ៌ស្វាយក្រហមភ្លឺរលោង បានក្លាយទៅជារូបភាពដ៏ធ្លាប់ស្គាល់នៅលើបណ្តាញសង្គម។ នេះជារបៀបផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព ដោយនាំយកទំពាំងបាយជូរខេត្ត Khánh Hòa ឲ្យខិតមកជិតសហគមន៍យុវជន និងភ្ញៀវទេសចរណ៍អន្តរជាតិ។

ដើមទំពាំងបាយជូរមិនត្រឹមតែនាំមកនូវផ្លែឈើដ៏ផ្អែមឆ្ងាញ់ ដល់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកធ្វើឲ្យផែនទីផលិតផលទេសចរណ៍របស់ខេត្ត Khánh Hòa កាន់តែសម្បូរបែបទៀតផង។ មកដល់ខេត្ត Khánh Hòa នៅថ្ងៃនេះ ក្រៅពីសមុទ្រពណ៌ខៀវស្រងាត់ និងកម្តៅថ្ងៃពណ៌ឡើង ភ្ញៀវទេសចរណ៍ក៏អាចទៅទស្សនាចម្ការទំពាំងបាយជូរ ដើម្បីទទួលបាននូវរសជាតិនៃពន្លឺថ្ងៃនិងខ្យល់ ហើយនាំយកមកផ្ទះវិញនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ