អនុស្សាវរីយ៍ដ៏គួរឲ្យមោទនភាព នៅលើទឹកដីបដិវត្តន៍ Viet Bac
(VOVWORLD) - ជារៀងរាល់សរទរដូវមកដល់ម្តងៗ ក្នុងបរិយាកាសនៃបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ ប្រជាជន Viet Bac តែងតែមានមោទនភាព ដោយបានរំលឹកឡើងវិញនូវប្រពៃណីដ៏រុងរឿង។ ពីតំបន់ព្រៃភ្នំ Viet Bac នេះ ជំនឿជាក់ដ៏រឹងមាំ ឆន្ទៈដ៏អង់អាចក្លាហាន និងស្មារតីសាមគ្គីភាព បានរួមចំណែកបង្កើតជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ សរទរដូវ ខែសីហា មិនត្រឹមតែជាអនុស្សាវរីយ៍ដ៏រុងរឿងប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករសម្រាប់ជំនាន់បច្ចុប្បន្ន បន្តកសាងទឹកដី Viet Bac ឱ្យកាន់តែសម្បូរសប្បាយ និងស៊ីវិល័យជាង។
សាលាភូមិ Tan Trao ទីកន្លែងដែលមហាសន្និបាតប្រជាជនទូទាំងប្រទេស បានប្រព្រឹត្តិទៅនាខែសីហាឆ្នាំ១៩៤៥។ រូបថត៖ Cong Luan/VOV-ភូមិភាគភាគឦសាន |
កាលពី ៨០ ឆ្នាំមុន Viet Bac (រួមមានខេត្ត Cao Bang ខេត្ត Lang Son ខេត្ត Tuyen Quang និងខេត្ត Thai Nguyen) គឺជាទីតាំងបំផុសស្មារតីសម្រាប់ប្រទេសទាំងមូលក្រោកឈរឡើងដណ្តើមរដ្ឋអំណាច។ នៅក្នុងការចង់ចាំរបស់ប្រជាជននៅទីនេះ បរិយាកាសនៃសរទរដូវប្រវត្តិសាស្ត្រ កាលពី ៨០ឆ្នាំមុន នៅតែលាន់លឺជានិច្ច។
“នៅរសៀលថ្ងៃនោះ យើងឈរតម្រង់ជួរនៅក្រោមដើមជ្រៃនេះ បន្ទាប់ពីច្រៀងបទ “Tien Quan Ca” លោក Vo Nguyen Giap បានអានបទបញ្ជាយោធាលេខ១។ បន្ទាប់ពីអានរួច លោកបានឈរអានពាក្យសច្ចាប្រណិធាន គ្រប់គ្នាបានស្រែកយ៉ាងខ្លាំង ពាសពេញតំបន់ព្រៃភ្នំ បន្ទាប់មក លោកបានបាញ់កាំភ្លើងសញ្ញាចំនួន ៣ គ្រាប់ ហើយកងទ័ពបានធ្វើដំណើរទៅកាន់ទីរួមខេត្ត Thai Nguyen”។
“ពេលនោះ គ្រប់គ្នាស្រែកថា ១-២-១-២; មនុស្សកកកុញណាស់ អ្នកណាមានកាំភ្លើងគឺកាន់កាំភ្លើង អ្នកណាអត់មានក៏កាន់ដំបងដែរ។ កងទ័ពជប៉ុនបានចាញ់ហើយ ជាធម្មតាពួកគេក្រអឺតក្រទមណាស់ ប៉ុន្តែថ្ងៃនោះ នៅពេលដែលពួកគេឃើញកងទ័ពរបស់យើង ពួកគេត្រូវតែជៀសផ្លូវឲ្យយើងទៅ។ មានកម្មាភិបាលម្នាក់បាននិយាយយ៉ាងច្បាស់ថា ឥឡូវនេះយើងដណ្ដើមបានអំណាចហើយ ពេលនោះខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ព្រោះមានន័យថាយើងលែងជាទាសករទៀតហើយ”។
ក្នុងរឿងរ៉ាវរបស់ព្រឹទ្ធាចារ្យនានានៅតំបន់ Viet Bac ប្រាប់ឲ្យកូនៗចៅៗ ជារៀងរាល់សរទរដូវមកដល់ម្តងៗ ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រទេសជាតិកាលពី ៨០ ឆ្នាំមុន នៅតែដក់ជាប់ក្នុងការចងចាំរបស់ពួកគេ។
លោក Vo Trong Con ប្រជាជន Cao Bang។ Cong Luan/VOV-ភូមិភាគភាគឦសាន |
កាលពី ៨០ ឆ្នាំមុន Viet Bac គឺជាលំយោលដែលចិញ្ចឹមបដិវត្តន៍ ជាកន្លែងដែលមានទីតាំងយុទ្ធសាស្ត្រផ្នែកនយោបាយ និងយោធា ដូច្នេះពួកសត្រូវបានផ្តោតលើការកសាងប្រព័ន្ធគ្រប់គ្រង។
ក្រោមការដឹកនាំរបស់រណសិរ្ស Viet Minh ចាប់ពីថ្ងៃទី ១៤ ខែសីហា ដល់ថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ១៩៤៥ ប្រជាជនខេត្ត Tuyen Quang, Thai Nguyen និង Cao Bang... សុទ្ធតែក្រោកឈរឡើង ធ្វើកុបកម្មទូទៅដើម្បីដណ្តើមរដ្ឋអំណាច។ ក្រោយរបបសក្តិភូមិរាប់ពាន់ឆ្នាំ និងរងទុក្ខវេទនារយៈពេលជិត ៨០ឆ្នាំ ប្រជាជនវៀតណាមបានក្លាយជាម្ចាស់ប្រទេសជាតិយ៉ាងពិតប្រាកដ។ លោក Vo Trong Con ប្រជាជន Cao Bang បានរំលឹកថា៖ “បដិវត្តន៍ខែសីហា គឺជាទិវាបុណ្យដ៏អស្ចារ្យនិងគួរឱ្យរំភើប តាំងពីមនុស្សចាស់រហូតដល់មនុស្សវ័យក្មេង សុទ្ធតែមានអារម្មណ៍ដូចជាស្លៀកពាក់សម្លៀកបំពាក់ថ្មីអញ្ជឹង។ ចាប់តាំងពីបដិវត្តន៍ទទួលបានជោគជ័យ វៀតណាមមានឯករាជ្យ ប្រជាជនទូទាំងប្រទេសបានរស់នៅដោយឯករាជ្យ និងសេរីភាព កាន់តែជឿជាក់លើការដឹកនាំរបស់បក្ស និងលោកអុំ ហូ - ចងចាំជានិច្ចនូវគុណូបការៈរបស់លោកអុំ ហូ ជាអគ្គមគ្គុទេសក៍របស់ប្រទេសជាតិ បង្កើតប្រទេសវៀតណាមដ៏មានឯករាជ្យ”។
៨០ឆ្នាំបានកន្លងផុតទៅ មាតុភូមិវៀតបាក់សព្វថ្ងៃមានរូបរាងថ្មី ធំទូលាយជាងមុន ទំនើបជាងមុន ហើយជិវភាពរស់នៅរបស់ប្រជាជនក៏ផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។
ទីក្រុង Cao Bang ថ្ងៃនេះបានស្លៀកពាក់សម្លាក់បំពាក់ថ្មី។ រូបថត៖ Cong Luan/VOV-ភូមិភាគភាគឦសាន |
ចងចាំជានិច្ចនូវប្រសាសន៍របស់លោកប្រធានហូជីមិញថា “បដិវត្តន៍ទទួលបានជោគជ័យដោយមាន Viet Bac ហើយការតស៊ូនឹងទទួលជ័យជម្នះដោយមាន Viet Bac ដែរ” ប្រជាជនក្នុងរដ្ឋធានីតស៊ូសព្វថ្ងៃនេះ ជានិច្ចកាលមានមោទនភាពធ្វើជា “អាស័យដ្ឋានក្រហម” ដើម្បីអប់រំយុវជនជំនាន់ក្រោយអំពីប្រពៃណីបដិវត្តន៍ដ៏អង់អាចក្លាហានរបស់បុព្វបុរស។ បងប្អូនជនជាតិភាគតិចនៅតំបន់សមរភូមិចាស់ ជានិច្ចកាលរួមសាមគ្គីគ្នា និងខិតខំកសាងមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ជារៀងរាល់សរទរដូវខែសីហា ប្រជាជននៅទីនេះតែងតែមានមោទនភាពដែលបានរួមចំណែកដល់ជោគជ័យនៃបដិវត្តន៍ខែសីហា ក៏ដូចជាជ័យជម្នះក្នុងការតស៊ូដ៏យូរអង្វែងរបស់ប្រទេសជាតិ៕