(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ ភូមិធ្វើមីសួ Binh Lu ក្នុងស្រុក Tam Duong ខេត្ត Lai Chau ជាប់មមាញឹកចូលរដូវបុណ្យតេត។ បរិយាកាសការងារដ៏អ៊ូអរ និងប្រញាប់ប្រញាល់ក្នុងគ្រួសារនានាក្នុងភូមិ ដើម្បីមានផលិតផលមីសួប្រកបដោយគុណភាព ធ្វើឲ្យ ពេលបាយថ្ងៃតេតកាន់តែកក់ក្ដៅ។
ជាច្រើនឆ្នាំមកនេះ ប្រជាជននៅស្រុក Tam Duong បានប្តូរមកដាំមើមសាគូ ដែលជួយគ្រួសាររាប់រយឱ្យរួចផុតពីភាពក្រីក្រ និងមានប្រាក់ចំណូលសមរម្យ។ (រូបថត៖ VOV) |
មកដល់ Tam Duong ក្នុងប៉ុន្មានខែចុងឆ្នាំ ភ្ញៀវទេសចរអាចឃើញមីសួដែលហាលថ្ងៃជាជួរនៅតាមផ្លូវជុំវិញភូមិ។ ក្រុមភ្ញៀវជាច្រើនមកទស្សនាសិប្បកម្មផលិតមីសួដោយផ្ទាល់ហើយជ្រើសរើសទិញផលិតផលយកមកផ្ទះ។ អ្នកស្រី Duong Van Anh អ្នកទេសចរម្នាក់នៅទីក្រុងហាណូយ ដែលមកទិញមីសួ បាននិយាយថា៖
“ពេលដែលខ្ញុំមកបំពេញការងារនៅទីនេះម្ដងៗ ខ្ញុំតែងតែទិញមីសួ Binh Lu ព្រោះគ្រួសារខ្ញុំធ្លាប់ទទួលទានអស់រយៈពេលច្រើនឆ្នាំមកហើយ។ មីសួនៅទីនេះឆ្ងាញ់ណាស់ ដូច្នេះពេលមកទីនេះម្ដងៗ ខ្ញុំតែងតែទិញដើម្បីបម្រើក្រុមគ្រួសារក្នុងអំឡុងពេលបុណ្យតេត និងធ្វើជាកាដូជូនមិត្តភក្តិផងដែរ”។
មីសួ Binh Lu មានក្លិនក្រអូបពិសេស រសជាតិមិនជូរទេ សរសៃមីសួតូចៗ ស្វិតស្រួយ ពេលចម្អិនគឺទន់ណាស់។ (រូបថត៖ VOV) |
ដោយបានកែច្នៃពីម្សៅសុទ្ធនៃមើមសាគូ មីសួ Binh Lu ត្រូវបានអ្នកប្រើប្រាស់ចងចាំ និងនិយមចូលចិត្ត ដោយលក្ខណៈពិសេសរបស់វា ដែលពិបាកច្រឡំនឹងប្រភេទមីសួផ្សេង។ មិនមានពណ៌លឿងភ្លឺ ទាក់ភ្នែកដូចមីសួនៃភូមិ Cu Da (ទីក្រុងហាណូយ) នោះទេ មីសួសាគូ Binh Lu មានពណ៌ខៀវបន្តិច។ មីសួមានក្លិនក្រអូបពិសេស រសជាតិមិនជូរទេ សរសៃមីសួតូចៗ ស្វិតស្រួយ ពេលចម្អិនគឺទន់ណាស់ តែមិនរីកស្អិតទេ ហើយពិសេសបំផុតគឺ មីសួអាចចម្អិន ២-៣ ដងឡើងវិញ តែមិនដាច់ខ្ទេចទេ។ លោក Bui Van Phan ប្រជាពលរដ្ឋនៅឃុំ Binh Lu បានចែករំលែកថា៖
“គ្រួសារខ្ញុំធ្វើមីសួពេញមួយឆ្នាំ ហើយក្នុងប៉ុន្មានថ្ងៃចុងឆ្នាំនេះ យើងខ្ញុំប្រមូលផ្ដុំបុគ្គលិកទាំងអស់ ដើម្បីបម្រើរដូវបុណ្យចូលឆ្នាំថ្មី។ ក្នុងប៉ុន្មានថ្ងៃដែលមានពន្លឺថ្ងៃ គ្រួសារខ្ញុំអាចធ្វើម្សៅពី ១,២ ដល់ ១,៥ ហាប ពោលគឺទ្វេដងច្រើនជាងថ្ងៃធម្មតា”។
ដើម្បីធានាបាននូវផលិតផលសម្រាប់ផ្គត់ផ្គង់ដល់ហាងនានា ក្នុងឱកាសបុណ្យតេត ក្រៅពីកម្លាំងពលកម្មដែលមានស្រាប់ គ្រួសាររបស់លោក Do Van Tam នៅភូមិ Toong Pan ឃុំ Binh Lu ត្រូវជួលកម្មករចំនួនរាប់សិបនាក់បន្ថែមទៀត ដើម្បីបម្រើផលិតកម្ម។
“ខ្ញុំបានសហការជាមួយគ្រួសារដែលដាំសាគូ ដើម្បីធានាបាននូវប្រភពវត្ថុធាតុដើម និងរក្សាផលិតកម្មពេញមួយឆ្នាំ។ ជារៀងរាល់ឆ្នាំ គ្រួសារផលិតមីសួ ដូចគ្រួសារខ្ញុំ បានប្រមូលទិញម្សៅស្ងួតប្រហែល ៥០០ តោនពីបងប្អូនប្រជាពលរដ្ឋ”។
មិនត្រឹមតែសិប្បកម្មផលិតតាមគំរូសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ សព្វថ្ងៃនេះ សហករណ៍នៅមូលដ្ឋាន ក៏ជាប់មមាញឹកនឹងការផលិតមីសួដែរ។ ដើម្បីបំពេញតាមតម្រូវការរបស់ប្រជាជន បណ្ដាអង្គភាពក៏បានកែលម្អគុណភាព និងផ្គត់ផ្គង់ដល់ទីផ្សារនូវប្រភេទមីសួថ្មីៗជាច្រើនផងដែរ។ លោក Nguyen Ngoc Anh នាយកសហករណ៍សេវាកម្មកសិកម្ម Binh Lu បានឲ្យដឹងថា៖
“ក្រៅពីផលិតផលចាស់ ផលិតផលប្រពៃណី បច្ចុប្បន្ននេះ យើងខ្ញុំមាន ៣ ប្រភេទផ្សេងទៀតគឺ មីសួហាន់ដោយដៃ មីសួសណ្ដែកខ្មៅ និងមីសួដំឡូង។ ផលិតផលទាំងបីប្រភេទនេះ ទើបតែត្រូវបានឧទ្ទេសនាមនាពេលថ្មីៗនេះ ហើយក៏ទទួលបានការនិយមចូលចិត្តពីមនុស្សជាច្រើន ដើម្បីបំពេញតាមភាពសម្បូរបែបនៃទំនិញនិងតម្រូវការប្រើប្រាស់របស់អតិថិជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំនេះ”។
ផលិតផលមីសួសាគូ Binh Lu ត្រូវបានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ជាផលិតផល OCOP លំដាប់ផ្កាយ ៣។ (រូបថត៖ VOV) |
ភូមិប្រកបរបរផលិតមីសួប្រពៃណី Binh Lu ស្រុក Tam Duong ខេត្ត Lai Chau បច្ចុប្បន្នមានគ្រួសារជាង ១០០ និងសហករណ៍ចំនួន ៣ ដែលចូលរួមផលិតកម្ម ហើយផ្គត់ផ្គង់មីសួស្ងួតជាមធ្យមជាង ៥៥០ តោន ទៅកាន់ទីផ្សារជារៀងរាល់ឆ្នាំ។ មកទល់នឹងពេលនេះ ផលិតផលមីសួសាគូ Binh Lu ត្រូវបានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ជាផលិតផល OCOP លំដាប់ផ្កាយ ៣ (OCOP ជាកម្មវិធី ឃុំមួយផលិតផលមួយ) ហើយមានវត្តមាននៅតាមស្តង់ទំនិញនិងផ្សារទំនើបជាច្រើនលើទូទាំងប្រទេស។ ផលិតផលមីសួនៅមូលដ្ឋាន បានបញ្ជាក់ពីឋានៈ និងម៉ាកយីហោរបស់ខ្លួននៅលើទីផ្សារ ហើយក្នុងមួយឆ្នាំៗជួយប្រជាជនរកចំណូលបានជាង ៣០ ពាន់លានដុង (ជិត ១,៨ លានដុល្លារអាមេរិក) ពីការដាំមើមសាគូនិងការផលិតមីសួ។ លោក Lo Van Thang អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Binh Lu បានឲ្យដឹងថា៖
“ក្នុងរដូវផលិតកម្មជារៀងរាល់ឆ្នាំ គណៈកម្មាធិការប្រជាជនឃុំតែងតែដឹកនាំឲ្យធានាប្រភពមីសួដើម្បីបម្រើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ យើងខ្ញុំសម្របសម្រួលជាមួយទីភ្នាក់ងារនិងអង្គភាពនានា ដើម្បីបំពេញបានល្អនូវការងារគ្រប់គ្រងអនាម័យ សុវត្ថិភាពអាហារ។ ទន្ទឹមនឹងនោះ ឃោសនានិងចលនាប្រជាជនឱ្យឆ្លៀតពេលអាកាសធាតុអំណោយផល ផ្ដោតលើការផលិត ដើម្បីបំពេញប្រភពទំនិញសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារ”។
ភូមិផលិតមីសួប្រពៃណី Binh Lu កំពុងជាប់មមាញឹកជាមួយនឹងរដូវបុណ្យតេត។ ផលិតផលមីសួសាគូនីមួយៗ ដែលមកដល់ដៃអ្នកប្រើប្រាស់ មិនត្រឹមតែបង្កប់នូវតម្លៃខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងក៏ជាមោទនភាពនៃភូមិរបរប្រពៃណីមួយនៅតំបន់ព្រៃភ្នំភាគពាយ័ព្យទៀតផង៕