ខេត្ត Ba Ria - Vung Tau ជំរុញខ្លាំងការធ្វើបរិវត្តកម្មឌីជីថលក្នុងការអភិវឌ្ឍកសិកម្ម
(VOVWORLD) - ខេត្ត Ba Ria - Vung Tau កំពុងអនុវត្តន៍យ៉ាងសកម្មនូវការធ្វើបរិវត្តកម្មឌីជីថល និងភាពជឿនលឿនផ្នែកវិទ្យាសាស្ត្របច្ចេកទេស ចាប់ពីដំណាក់កាលផលិតកម្ម រហូតដល់ការកែច្នៃ ការចែកចាយ និងការលក់កសិផល។ ការធ្វើបរិវត្តកម្មឌីជីថលកំពុងនាំផ្នែកកសិកម្ម Ba Ria - Vung Tau ផ្លាស់ប្ដូរបន្តិចម្ដងៗ ពីវិធីសាស្រ្តប្រពៃណី ទៅជាកសិកម្មទំនិញបែបទំនើប ពីនោះរួមចំណែកដល់ការអភិវឌ្ឍរួមនៃខេត្តទាំងមូល។
លោក Nguyen Kim Chuyen នាយកសហករណ៍កសិកម្ម Quyet Thang សង្កាត់ Long Huong ទីក្រុង Ba Ria - Vung Tau ត្រួតពិនិត្យគុណភាពបង្គារដែលត្រូវបានចិញ្ចឹមដោយបច្ចេកវិទ្យាខ្ពស់។ (រូបថត៖ TTXVN) |
ក្នុងផែនទីបង្ហាញផ្លូវដាក់ពង្រាយការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យកសិកម្ម នាពេលកន្លងមក មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Ba Ria - Vung Tau បានសាកល្បងដំឡើងកម្មវិធីសៀវភៅកំណត់ហេតុសម្រាប់តាមដានស្ថានភាពផលិតកម្មដំណាំដាំដុះចំពោះអង្គភាពអាជីវកម្ម សហករណ៍ និងក្រុមសហករណ៍ផលិតដំណាំមួយចំនួនក្នុងខេត្ត។ ទន្ទឹមនឹងនេះ ផ្តល់ព័ត៌មានអំពីផលិតផលដែលត្រូវបានទទួលស្គាល់ជាផលិតផល OCOP របស់ខេត្ត ដើម្បីគាំទ្រដល់ការបង្កើតគណនីឌីជីថល និងស្តង់ទំនិញនៅលើផ្សារពាណិជ្ជកម្មអេឡិចត្រូនិក។ លោក Nguyen Kim Chuyen នាយកសហករណ៍កសិកម្ម Quyet Thang សង្កាត់ Long Huong ទីក្រុង Ba Ria - Vung Tau ដែលធ្វើអាជីវកម្មជលផលបានឲ្យដឹងថា៖
“នៅក្នុងយុគសម័យ ៤.០ ឧស្សាហកម្ម ៤.០ យើងត្រូវតាមទាន់សម័យកាល ដើម្បីធានានូវតម្រូវការ ព្រមទាំងកាត់បន្ថយផ្នែកការងារដែលយើងត្រូវគ្រប់គ្រងពីមុនដែរ។ នៅក្នុងការលក់ សហករណ៍ក៏បានចុះបញ្ជីនៅលើផ្សារពាណិជ្ជកម្មអេឡិចត្រូនិច។ នោះគឺជាការបោះជំហានទៅមុខក្នុងផលិតកម្ម ដូច្នេះកសិកម្មអាចធ្វើសមាហរណកម្មទៅក្នុងយុគសម័យ ៤.០ នេះបាន”។
ក្រៅពីការនាំផលិតផលទៅកាន់ផ្សារពាណិជ្ជកម្មអេឡិចត្រូនិក មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទក៏បានជួយឧបត្ថម្ភអង្គភាពអាជីវកម្មជាច្រើនក្នុងការអនុវត្តប្រព័ន្ធតាមដានប្រភពទំនិញដោយតែមអេឡិចត្រូនិកឆ្លាតវៃ QR code ដើម្បីធ្វើឱ្យព័ត៌មានមានតម្លាភាពអំពីប្រភពទំនិញ ឆ្លើយតបនឹងតម្រូវការតឹងរឹងទាំងអស់នៃទីផ្សារនាំចេញ។ យោងតាមលោក Phan The Hoanh នាយកសហករណ៍សេវាកម្មកសិកម្ម Nhan Tam (ឃុំ Hoa Hiep ស្រុក Xuyen Moc) បានឲ្យដឹងថា សម្រាប់ទីផ្សារដែលមានតម្រូវការតឹងរឹង ដូចជាសហភាពអឺរ៉ុប ជប៉ុន និងសហរដ្ឋអាមេរិក… ការតាមដានប្រភពគឺជាតម្រូវការចាប់បង្ខំ សម្រាប់កសិផលដែលនាំចូលក្នុងប្រទេសទាំងនេះ។ ចាប់ពីឆ្នាំ ២០២៣ មក សហករណ៍ Nhan Tam ត្រូវបាននាយកដ្ឋានការពាររុក្ខជាតិផ្ដល់លេខកូដបញ្ជាក់តំបន់ដាំដុះសម្រាប់នាំចេញទៅប្រទេសជប៉ុន។ សហករណ៍ក៏កំពុងអនុវត្តន៍ការកត់ត្រាកំណត់ហេតុផលិតកម្ម ចាប់ពីការដាក់ជី ការស្រោចទឹក កាលបរិច្ឆេទប្រមូលផល... នៅលើកម្មវិធីសូហ្វវ៉ែរបស់ជប៉ុន សម្រាប់ឡូទំនិញនាំចេញនីមួយៗផងដែរ។ លោក Phan The Hoanh បានឲ្យដឹងថា៖
“ការបង្កើតលេខកូដតំបន់ដាំដុះនាំមកនូវអត្ថប្រយោជន៍ និងតម្លៃសេដ្ឋកិច្ចខ្ពស់ណាស់ ដើម្បីគ្រប់គ្រងការធ្វើវប្បកម្ម ព្រមទាំងនាំមកនូវទំនុកចិត្តដល់ដៃគូក្នុងការបំពេញតម្រូវការដែលពួកគេបានកំណត់”។
ប្រហែល ២ ឆ្នាំកន្លងមកនេះ អ្នកស្រី Vu Thi Thuy ឃុំ Tan Hung ទីក្រុង Ba Ria បានចាប់ផ្តើមថតវីដេអូឃ្លីប ឧទ្ទេសនាមអំពីសួនបន្លែដែលគ្រួសារនាងដាំដោយខ្លួនឯង ក៏ដូចជាផលិតផលបន្លែបៃតង ស្រស់ៗ បន្ទាន់មកណែនាំ និងលក់ផលិតផលនៅលើបណ្តាញសង្គមនានា។ អ្នកស្រី Thuy ចាត់ទុកថា គ្រប់វិជ្ជាជីវៈទាំងអស់ត្រូវការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីបង្កើនការលក់ ហើយសម្រាប់កសិករដូចអ្នកស្រីក៏មិនមែនជាករណីលើកលែងទេ។
“តាំងពីពេលប្រើប្រាស់បច្ចេកវិទ្យាមក ខ្ញុំឃើញការលក់មានប្រសិទ្ធភាពខ្លាំងណាស់។ ខ្ញុំបានលក់ផលិតផលជាច្រើន ជាពិសេសខ្ទឹមបារាំងរបស់យើងខ្ញុំ ត្រូវបាននាំយកទៅកាន់អតិថិចន។ មនុស្សជាច្រើនបានផ្ញើសារ និងហៅទូរស័ព្ទមកបញ្ជាទិញ។ ដូច្នេះហើយ ខ្ញុំមានអារម្មណ៍ថា ការអនុវត្តបច្ចេកវិទ្យាព័ត៌មានទៅក្នុងការលក់គឺពិតជាមានប្រសិទ្ធភាពខ្លាំងណាស់”។
កសិករនៅទីក្រុង Ba Ria ប្រើដ្រូនបាញ់ថ្នាំគីមីជីវសាស្រ្ត ដើម្បីថែទាំសួនបន្លែ។
រូបថត៖ Nguyen Long/VTCNews |
ដើម្បីធ្វើបរិវត្តកម្មកសិកម្មប្រកបដោយប្រសិទ្ធភាព ជារៀងរាល់ឆ្នាំ សមាគមកសិករ ខេត្ត Ba Ria - Vung Tau បានសម្របសម្រួលជាមួយផ្នែកនានា ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងជាច្រើន អំពីបរិវត្តកម្មឌីជីថលក្នុងវិស័យកសិកម្មដល់កម្មាភិបាល និងសមាជិក។ ទន្ទឹមនឹងនោះ ជំរុញការអំពាវនាវឱ្យអង្គភាពអាជីវកម្ម និងសហករណ៍ចូលរួមក្នុងការធ្វើបរិវត្តកម្មឌីជីថល កសាងគម្រោង កម្មវិធី និងគំរូចងសម្ព័ន្ធតាមខ្សែសង្វាក់តម្លៃ។ ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យកសិកម្ម មិនត្រឹមតែជួយសហករណ៍ គ្រួសារ និងអង្គភាពអាជីវកម្មគ្រប់គ្រងដំណើរការបច្ចេកទេស ការដាំដុះ ជំងឺក្នុងផលិតកម្ម ការតាមដានប្រភពប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់ប្រតិបត្តិការ ការលក់ ការណែនាំផលិតផលនៅលើផ្សារពាណិជ្ជកម្មអេឡិចត្រូនិក និងវេទិកាសង្គម ដោយហេតុនេះនាំផលិតផលឱ្យកាន់តែខិតមកជិតអ្នកប្រើប្រាស់ ក៏ដូចជាជួយបង្កើនប្រាក់ចំណូលទៀតផង។ លោក Tran Van Mang អនុប្រធានសមាគមកសិករខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖
“សមាគមកសិករគ្រប់លំដាប់ថ្នាក់បានផ្ដល់ប្រឹក្សាយ៉ាងសកម្មដល់អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តន៍កម្មវិធី និងគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដើម្បីជួយឧបត្ថម្ភប្រជាកសិករ កៀរគរធនធាន ហើយជះឥទ្ធិពលលើប្រជាកសិករ លើកទឹកចិត្តប្រជាកសិករចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបច្ចេកទេស ដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច។ អាស្រ័យហេតុនេះ លើកកម្ពស់ប្រសិទ្ធភាពផលិតកម្មកសិកម្ម និងជួយកសិករឱ្យក្លាយជាអ្នកមាន”។
ការជំរុញបរិវត្តកម្មឌីជីថលក្នុងការអភិវឌ្ឍកសិកម្មនៅខេត្ត Ba Ria - Vung Tau បាននិងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បង្កើតទិសដៅថ្មី រួមចំណែកផ្លាស់ប្តូរផលិតផលកសិកម្មជាបណ្ដើរៗ ពីបរិមាណទៅជាគុណភាព បង្កើនតម្លៃផលិតកម្ម ព្រមទាំងកាត់បន្ថយថ្លៃដើម និងផលប៉ះពាល់អវិជ្ជមានលើបរិស្ថានផងដែរ៕