ស្ត្រីនៅភូមិសិប្បកម្មតម្បាញឫស្សី Thu Hong អភិវឌ្ឍន៍សេដ្ឋកិច្ច

(VOVWORLD) - កាំរស្មីព្រះអាទិត្យនារសៀលបានរសាត់បាត់ទៅហើយ ប៉ុន្តែសូរសំឡេងនៃការអារកាត់ និងការចោះដាប់ឈើ នៅតែបន្តបន្លឺឡើង។ សំឡេងដ៏ជិតស្និទ្ធទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រជាជននៅភូមិសិប្បកម្មតម្បាញឫស្សី Thu Hong ឃុំ Xuan Mai ទីក្រុងហាណូយ អស់ច្រើនជំនាន់មកហើយ។ នាពេលល្ងាច សិប្បការិនីនៅតែផ្ដោតអារម្មណ៍យ៉ាងជក់ចិត្តនឹងការចោះដាប់លើដើមឫស្សីស្តើងៗ។ ក្លិនឫស្សីបានលាយឡំជាមួយសូរសំឡេងសំណើចរបស់បងប្អូនស្ត្រី ដែលធ្វើឲ្យបរិយាកាសកាន់តែកក់ក្តៅ។



ស្ត្រីនៅភូមិសិប្បកម្មតម្បាញឫស្សី Thu Hong អភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1ផលិតផលពីភូមិសិប្បកម្មឫស្សី Thu Hong។ (រូបថត៖ VNP)

ពីមុន នៅជុំវិញភូមិ Thu Hong ពោរពេញទៅដោយឫស្សី ដូច្នេះអ្នកភូមិបានកសាងសាលាភូមិដោយប្រើសម្ភារៈដែលមានស្រាប់នេះ។ ជាបណ្ដើរៗ ប្រជាជនចាប់ផ្តើមធ្វើរបស់របរប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទពីឫស្សី ដូចជាកន្ត្រក កញ្ច្រែងនិងល្អី... រហូតដល់តុ កៅអី និងគ្រែឫស្សី។ ដំបូងឡើយ ផលិតផលទាំងនេះគ្រាន់តែបំពេញតម្រូវការក្នុងជីវភាពប្រចាំគ្រួសារប៉ុណ្ណោះ។ យូរៗទៅ ក្រោមបាតដៃដ៏ប៉ិនប្រសប់ និងភាពច្នៃប្រឌិតរបស់អ្នកភូមិ Thu Hong ផលិតផលដែលធ្វើពីឫស្សីទាំងនេះបានក្លាយជាទំនិញពេញនិយមគ្រប់ទីកន្លែង។ អាស្រ័យដោយមានបាតដៃដ៏ប៉ិនប្រសប់ និងភាពឧស្សាហ៍ព្យាយាម ផលិតផលរបស់សិប្បករក្នុងភូមិ ទោះបីជាសាមញ្ញក៏ដោយ ប៉ុន្តែនៅតែរឹងមាំ ប្រើប្រាស់បានយូរ និងស្រស់ស្អាត។ សិប្បការិនី Dang Phuong Cuc មកពីភូមិសិប្បកម្មឫស្សី Thu Hong បាននិយាយថា៖

ស្ត្រីនៅភូមិសិប្បកម្មតម្បាញឫស្សី Thu Hong អភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 2សិប្បការិនី Dang Phuong Cuc មកពីភូមិសិប្បកម្មឫស្សី Thu Hong។ (រូបថត៖ VOV)

“ផលិតផលឫស្សី Thu Hong រឹងមាំជាងកន្លែងផ្សេងទៀត។ តុនិងកៅអីរបស់យើង ត្រូវបានផលិតឡើងដោយការតភ្ជាប់ជាបន្តបន្ទាប់ពីម្ខាងទៅម្ខាងទៀត។ នោះហើយជាមូលហេតុដែលផលិតផលតុកៅអីឫស្សីរបស់យើងមានភាពរឹងមាំ។ ទីពីរ គឺយើងមានវិធីសាស្ត្រដ៏ប្រុងប្រយ័ត្នបំផុត។ យើងត្រាំឫស្សីក្នុងទឹកយ៉ាងហោចណាស់មួយឆ្នាំ ទើបយើងរុះរើ ហើយយកចេញផលិត”។

នៅក្នុងបរិបទដែលរបរសិប្បកម្មប្រពៃណីជាច្រើនកំពុងសាបសូន្យទៅ ស្ត្រីនៅភូមិ Thu Hong កំពុងស្វែងរកវិធីកែលម្អផលិតផល ដោយជ្រើសរើសវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន ច្នៃប្រឌិតការរចនាទំនើបៗ និងនាំយកទំនិញទៅកាន់ផ្សារពាណិជ្ជកម្មអេឡិចត្រូនិក... ដើម្បីអភិវឌ្ឍន៍របរឆ្ពោះទៅរកនិរន្តរភាព។ អ្នកស្រី Nguyen Thi Tuyet មកពីភូមិសិប្បកម្ម Thu Hong បានចែករំលែកថា សម្រាប់អ្នកភូមិ ការត្បាញដោយដៃមិនត្រឹមតែជារបរចិញ្ចឹមជីវិតប៉ុណ្ណោះទេ ថែមទាំងជាការចងចាំ និងជាមោទនភាពរបស់អ្នកភូមិជាច្រើនជំនាន់ទៀតផង។ ដូច្នេះ យុវជននឹងស្វែងរកវិធីដើម្បីអភិវឌ្ឍន៍និងថែរក្សារបរសិប្បកម្មប្រពៃណីនេះដោយឥតឈប់ឈរ។

"ខ្ញុំមានការស្រឡាញ់និងគោរពយ៉ាងខ្លាំងចំពោះរបរសិប្បកម្មដែលជីដូនជីតាបានបន្សល់ទុកឲ្យកូនចៅ។ ខ្ញុំចង់ថែរក្សា និងអភិវឌ្ឍន៍របរនេះ ដើម្បីឱ្យភូមិរីកចម្រើនបន្ថែមទៀត"។

ស្ត្រីនៅភូមិសិប្បកម្មតម្បាញឫស្សី Thu Hong អភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 3ផ្ទះឫស្សីដែលដំឡើងដោយសិប្បករមកពីភូមិ Thu Hong អាចប្រើប្រាស់បានមួយរយឆ្នាំ។ (រូបថត៖ VNP)

ស្ត្រីក៏ជាអ្នកបំផុសគំនិតដល់សហគមន៍ឱ្យផ្លាស់ប្តូរទំនៀមទម្លាប់ផលិតកម្ម និងប្រើប្រាស់ដោយឆ្ពោះទៅរកការសន្សំសម្ចៃ និងសុខដុមរមនាជាមួយធម្មជាតិ។ ការរចនា និងគុណភាពនៃផលិតផលកាន់តែទាក់ទាញអ្នកប្រើប្រាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Van Ba ដែលជាអតិថិជនម្នាក់ បាននិយាយថា៖

"ផលិតផលនៃភូមិឫស្សី Thu Hong ពិតជាបង្កប់នូវធាតុផ្សំជាច្រើន ចាប់ពីគុណភាព រហូតដល់វប្បធម៌ និងដួងព្រលឹងនៃភូមិសិប្បកម្មប្រពៃណី"។

ក្រៅពីផលិតផលប្រពៃណី ប្រជាជននៅភូមិ Thu Hong ក៏ធ្វើសំណង់ឫស្សី ទ្រង់ទ្រាយធំផងដែរ ដូចជាផ្ទះសម្បែង និងស្នាដៃស្ថាបត្យកម្ម។ ក្រៅពីបទពិសោធន៍ដែលបានបន្សល់ទុកពីមនុស្សជំនាន់មុន សិប្បករក៏រៀនសូត្រនិងខិតខំប្រឹងប្រែងលើកកំពស់ជំនាញរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ភូមិសិប្បកម្មប្រកបដោយចីរភាព។ សិប្បករ Nguyen Xuan Tua បាននិយាយថា៖

"ផ្ទះឫស្សីមានលក្ខណៈប្លែកពីគេរបស់ភូមិ Thu Hong។ បច្ចុប្បន្ននេះ ផលិតផលត្រូវបាននាំចេញទៅតៃវ៉ាន់ (ចិន) កូរ៉េខាងត្បូង និងចិន។ នាពេលអនាគត យើងនឹងអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីរក្សាអត្តសញ្ញាណជាតិ"។

អស់រយៈពេលជាង ៣០០ ឆ្នាំមកហើយ ភូមិសិប្បកម្មឫស្សី Thu Hong បានឆ្លងកាត់ការឡើងចុះជាច្រើន។ ជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការស្តារភូមិសិប្បកម្មប្រពៃណីឡើងវិញ ភូមិ Thu Hong នឹងទទួលបានការគាំទ្រកាន់តែរឹងមាំ។ ការរួមចំណែកដោយឥតឈប់ឈររបស់ស្ត្រីនៅទីនេះ បានជួយឱ្យម៉ាកយីហោភូមិសិប្បកម្មឫស្សី Thu Hong ឈានទៅកាន់តែឆ្ងាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ