តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងភរិយា នៅថ្ងៃទី១៤ ខែមេសា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម រួមជាមួយភរិយា ង៉ូ ភឿងលី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី១៤ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា។
នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ក្នុងឋានៈជាមេដឹកនាំកំពូលរបស់បក្ស និងរដ្ឋ ដែលធ្វើឡើងចំមួយឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង (ថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២៥) ហើយក៏ជាលើកទីបីហើយក្នុងរយៈពេលតិចជាងពីរឆ្នាំ ដែលមេដឹកនាំកំពូលទាំងពីររូបរបស់បក្សទាំងពីរ និងប្រទេសទាំងពីរបានធ្វើទស្សនកិច្ចទ្វេភាគីផងដែរ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ង្វៀន មិញវូ បានឲ្យដឹងថា៖
“ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម គឺជាការចាប់ផ្តើមថ្មីមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងមួយឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់វៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ដែលបង្ហាញពីការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍ដែលផ្សាភ្ជាប់គ្នាគ្រប់ជ្រុងជ្រោយនិងស្អិតរមួតរវាងវៀតណាម និងចិន ក៏ដូចជាការសន្យារួម រវាងប្រទេសទាំងពីរក្នុងការរក្សា និងពង្រឹងបរិយាកាសសន្តិភាព ស្ថិរភាព និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍនៃប្រទេសជិតខាងទាំងពីរ វៀតណាម និងចិន។ ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកដល់ការពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រ បង្កើតកំពូលថ្មី និងការទម្លុះទម្លាយថ្មីៗក្នុងវិស័យសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាមនិងចិន រួមទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្របច្ចេកវិទ្យា ការអប់រំ បណ្តុះបណ្តាល ការជួបប្រាស្រ័យប្រជាជន ទេសចរណ៍ និងការជួបប្រាស្រ័យរវាងមូលដ្ឋាននានា។ លើសពីនេះ នឹងរួមចំណែកដល់ការបង្កើតកម្លាំងចលករថ្មីដើម្បីពង្រឹងទំនាក់ទំនង បង្កើតមូលដ្ឋានគ្រឹះសម្ភារៈ មូលដ្ឋានគ្រឹះសង្គម និងមូលដ្ឋានគ្រឹះនយោបាយសម្រាប់ទំនាក់ទំនងរវាងវៀតណាម និងចិនក្នុងដំណាក់កាលថ្មីផងដែរ”៕
