ក្នុងតួនាទីជាសមាជិកសកម្ម នៃវេទិកាសភាពហុភាគី ដោយចូលរួម IPU-១៥២ វៀតណាមនឹងបន្តចូលរួមចំណែកយ៉ាងសកម្ម ពិភាក្សា ចែករំលែកបទពិសោធន៍ និងស្នើគំនិតផ្តួចផ្តើម ដើម្បីដោះស្រាយបញ្ហាប្រឈមរួមនៅក្នុងបរិបទពិភពលោកនាបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណីជាមួយទួរគី និងអ៊ីតាលីផងដែរ។

ក្នុងបរិបទដែលវៀតណាមទើបតែរៀបចំព្រឹត្តិការណ៍នយោបាយសំខាន់ៗ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន គឺជាជំហានជាក់ស្តែងមួយ ក្នុងការអនុវត្តន៍គោលការណ៍លើកកម្ពស់ឋានៈរបស់ប្រទេសជាតិ និងបញ្ជាក់ពីតួនាទីរបស់រដ្ឋសភាក្នុងការទូតវៀតណាមសម័យទំនើប។

ធ្វើសមាហរណកម្មទៅក្នុងសហគមន៍អន្តរជាតិយ៉ាងទូលំទូលាយ និងស៊ីជម្រៅ

ចាប់តាំងពីក្លាយជាសមាជិក IPU ក្នុងឆ្នាំ ១៩៧៩ រដ្ឋសភាវៀតណាមតែងតែជាសមាជិកសកម្មនិងមានទំនួលខុសត្រូវ។ រដ្ឋសភាវៀតណាមបានកាន់តំណែងជាថ្នាក់ដឹកនាំនៅក្នុងយន្តការ IPU ជាច្រើន។ ការចូលរួមចំណែករបស់រដ្ឋសភាវៀតណាមត្រូវបានលេខាធិការដ្ឋាន និងសមាជិក IPU វាយតម្លៃខ្ពស់។ លោក Martin Chungong អគ្គលេខាធិការ IPU បានវាយតម្លៃថា៖

“ទាក់ទងនឹងទំនាក់ទំនងរវាង IPU និងវៀតណាម អាចបញ្ជាក់បានថា កិច្ចសហប្រតិបត្តិការបានអភិវឌ្ឍជាបន្តបន្ទាប់។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខ្ញុំបានដឹងពីគម្រោងជាច្រើនរបស់រដ្ឋសភាវៀតណាម។ ជាឧទាហរណ៍ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន រដ្ឋសភាវៀតណាមត្រូវបានចាត់ទុកជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្ទេរប្រព័ន្ធរក្សាទុកឯកសារច្បាប់ទៅលើគេហទំព័រ។ គំនិតផ្តួចផ្តើមក្នុងការប្រើប្រាស់ព័ត៌មានរបស់រដ្ឋសភាវៀតណាម គឺជាមេរៀនដ៏ល្អសម្រាប់រដ្ឋសភានៃប្រទេសដទៃទៀត”។

តាមរយៈយន្តការសហប្រតិបត្តិការ IPU វៀតណាមមានឱកាសពិគ្រោះយោបល់ពីទស្សនៈរបស់ប្រទេសដទៃទៀតលើបញ្ហាអន្តរជាតិ បង្ហាញពីទស្សនៈជាតិលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ដោយរួមចំណែកដល់ការលើកកម្ពស់ឋានៈរបស់រដ្ឋសភានិយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួមលើឆាកអន្តរជាតិ។ លោក ដូន ទួន ផុង អតីតអនុប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភា បានបញ្ជាក់ថា៖

“រដ្ឋសភាវៀតណាមបានចូលរួមយ៉ាងពេញលេញ សកម្ម និងមានទំនួលខុសត្រូវនៅក្នុងសកម្មភាពសំខាន់ៗទាំងអស់របស់សហភាពអន្តរសភា ជាពិសេសមហសន្និបាតនានា។ នៅក្នុងមហាសន្និបាតលើកនេះ វៀតណាមក៏បានចូលរួមចំណែកគំនិតផ្តួចផ្តើមជាច្រើន ដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហភាពអន្តរសភា ក៏ដូចជាសភាបណ្តាប្រទេស ជាពិសេសក្នុងការជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ រួមទាំងការលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ”។

នៅក្នុងវេទិកា IPU-១៥២ នេះ វៀតណាមក៏បានផ្ញើរសារអំពីប្រទេសមួយដែលកំពុងឈានចូលយុគសម័យថ្មី ជាមួយនឹងសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដ៏លេចធ្លោជាច្រើន ដែលក្នុងនោះ ប្រជាជនតែងតែជាចំណុចកណ្តាល ជាគោលដៅ និងជាកម្លាំងចលករនៃគោលនយោបាយអភិវឌ្ឍន៍ទាំងអស់។

ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសទួរគី និងអ៊ីតាលី

ដោយចូលរួមក្នុង IPU-១៥២ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ក៏បានអនុវត្តន៍សកម្មភាពទ្វេភាគីមួយចំនួននៅក្នុងប្រទេសទួរគីផងដែរ។ នេះគឺជាដៃគូសំខាន់មួយរបស់វៀតណាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ក្នុងទំនាក់ទំនងវៀតណាម-ទួរគី ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរបានអភិវឌ្ឍជាវិជ្ជមាន ដោយភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនង និងការពិគ្រោះយោបល់ជាប្រចាំនៅក្នុងវេទិកាអន្តរសភា ដែលប្រទេសទាំងពីរជាសមាជិក។

ក្នុងពេលនោះ ជាមួយនឹងអ៊ីតាលី ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងការទូតដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៣មក និងភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៣ កិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។

ក្នុងបរិបទដែលវៀតណាមទើបតែរៀបចំរចនាសម្ព័ន្ធឡើងវិញបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ ដំណើរទស្សនកិច្ចទៅចូលរួម IPU-១៥២ និងដំណើរទស្សនកិច្ចទៅប្រទេសទួរគី និងអ៊ីតាលី របស់លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានបញ្ជាក់ពីតួនាទី ឋានៈ និងរូបភាពរបស់រដ្ឋសភាវៀតណាមនៅលើឆាកអន្តរជាតិ; ពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងប្រទេសទាំងពីរដែលមានទីតាំងយុទ្ធសាស្ត្រនៅអឺរ៉ុប និងមជ្ឈិមបូព៌ា បើកចេញឱកាសជាច្រើនសម្រាប់ពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ លើកកម្ពស់ការទូតសភា និងបញ្ជាក់ពីការសន្យារបស់វៀតណាមចំពោះបញ្ហាសកល៕