ចាកចេញពីកំពង់ផែចំណតទូកនៅ ហាឡុង ទូកកានូតូចរបស់យើង បើកកាត់តាមជួរភ្នំថ្មកំបោរដ៏ធំសម្បើមនៅឈូងសមុទ្រ ហាឡុង - បេតិកភណ្ឌធម្មជាតិពិភពលោកដែលត្រូវបានលើកតម្កើង ២ ដង ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។ នៅក្នុងលំហដ៏ធំល្វឹងល្វើយនេះ មានកន្លែងមួយដែលមិនមានសំឡេងរំខាន មិនមានភាពមមាញឹក ប៉ុន្តែធ្វើឱ្យមនុស្សរាល់គ្នាត្រូវបង្អង់ដំណើរ។ នោះគឺជាភូមិនេសាទ វុងវៀង (Vung Vieng) ដែលជាទឹកដីដ៏ស្ងប់ស្ងាត់មួយនៅកណ្ដាលតំបន់បេតិកភណ្ឌ។
លាក់ខ្លួននៅពីក្រោយជួរភ្នំថ្ម ភូមិនេសាទអណ្តែតទឹក វុងវៀង (ស្ថិតនៅក្នុងតំបន់បេតិកភណ្ឌធម្មជាតិពិភពលោក ឈូងសមុទ្រហាឡុង ខេត្តក្វាងនិញ) លេចឡើងជាមួយនឹងដំបូលផ្ទះសាមញ្ញៗ និងទូកឫស្សីដែលអណ្តែតលើផ្ទៃទឹក។
គ្មានផ្លូវបេតុង គ្មានស៊ីប្លេរថយន្ត មានតែសំឡេងរលក និងសំឡេងចែវទូករបស់អ្នកនេសាទប៉ុណ្ណោះ។ នៅទីនេះ ជីវភាពត្រូវបានភ្ជាប់ជាមួយសមុទ្រ ហើយសមុទ្របានក្លាយជាការចងចាំរបស់មនុស្សជាច្រើនជំនាន់។
លោក វូ វ៉ាន់ ហ៊ុង ដែលបានរស់នៅភូមិនេសាទវុងវៀងតាំងពីយូរណាស់មកហើយ បានរំលឹកឡើងវិញថា៖ “ភូមិនេសាទ វុងវៀង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៨ ដែលពេលនោះហៅថា ភូមិ Cặp Giè ឃុំ Hùng Thắng។ ប្រជាជនធ្វើដំណើរតាមទូក ហើយចតនៅទីនេះ បង្កើតបានជាភូមិមួយនៅលើទូក។ ក្រោយមក នៅឆ្នាំ ២០០០ ទើបមានផ្ទះបណ្ដែតទឹក។ នៅពេលដែលភូមិនេះត្រូវបានបង្កើតឡើង យើងបានរៀបចំការជួបប្រាស្រ័យវប្បធម៌សិល្បៈជាប្រចាំ ដើម្បីថែរក្សាមូលដ្ឋានគ្រឹះវប្បធម៌នៃទីក្រុងហាឡុង។ ស្ត្រីច្រៀងឆ្លើយឆ្លងគ្នាតាមបែបប្រពៃណី”។
សម្រាប់អ្នកដែលបានផ្សាភ្ជាប់ ជាមួយភូមិវុងវៀងអស់រយៈពេលច្រើនឆ្នាំ សម្រស់នៃភូមិនេសាទនេះ មិនត្រឹមតែស្ថិតនៅក្នុងទេសភាពរបស់វាប៉ុណ្ណោះទេ។ វាក៏ស្ថិតនៅក្នុងជីវភាពដ៏សាមញ្ញរបស់ប្រជានេសាទនៅទីនេះទៀតផង។
គ្មានភាពអ៊ូអរមមាញឹកនោះទេ។ នៅទីនេះ ពាក្យពេចន៍នីមួយៗដែលពោរពេញដោយភាពសាមញ្ញរបស់ប្រជាជនតាមឆ្នេរសមុទ្រ ត្រូវបានអ្នកភូមិនេសាទ វុងវៀងថែរក្សារហូតមកដល់សព្វថ្ងៃនេះ។
អ្នកថតរូប ដូ យ៉ាង ដែលមានសម្រាំងរូបថតច្រើនជាងគេបំផុតអំពីភូមិនេសាទវុងវៀងនៅក្នុងប្រទេសវៀតណាម បានចែករំលែកថា៖ “គេបានអះអាងថា នេះគឺជាភូមិបុរាណមួយ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជននៃភូមិនេសាទនេះមានភាពស្និទ្ធស្នាល ស្រឡាញ់គ្នា ហើយរស់នៅជាមួយគ្នាដោយសេចក្តីសប្បុរស និងមនោសញ្ចេតនា។ ពួកគេជួយទំនុកបម្រុងគ្នា ស្រឡាញ់គ្នាទៅវិញទៅមក។ ពួកគេចែករំលែកអ្វីៗគ្រប់បែបយ៉ាងចាប់ពី ត្រីរហូតដល់បន្លែ អង្ករ និងទឹក។ ទាំងអស់នេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ពិសេសមកលើខ្ញុំ ហើយខ្ញុំស្រឡាញ់ទឹកដីនេះខ្លាំងណាស់”។
សព្វថ្ងៃនេះ ជាមួយនឹងការអភិវឌ្ឍនៃវិស័យទេសចរណ៍ ទូកឫស្សីមិនត្រឹមតែបម្រើជាមធ្យោបាយចិញ្ចឹមជីវិតប៉ុណ្ណោះទេ ថែមទាំងក្លាយជាមធ្យោបាយដឹកជញ្ជូនភ្ញៀវទេសចរទៅរុករកបេតិកភណ្ឌទៀតផង។ អ្នកស្រី Nguyen Thi Thu Huyen មគ្គុទ្ទេសក៍ទេសចរណ៍នៅភូមិនេសាទវុងវៀង បាននិយាយថា៖
“ដោយបានចាប់ផ្តើមអាជីពជាមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ ប្រការដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍នឹង វុងវៀង គឺការលាយបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាងទេសភាព និងមនុស្សនៅទីនេះ។ មនុស្សនៅទីនេះ មានភាពស្មោះត្រង់ស្លូតបូតខ្លាំងណាស់ ដូច្នេះខ្ញុំចង់ជួយប្រជាជនឧទ្ទេសនាមអំពីសម្រស់របស់ពួកគេ ទៅកាន់ភ្ញៀវទេសចរ ដើម្បីឱ្យភ្ញៀវទេសចរមកដល់កាន់តែច្រើនឡើងៗ ហើយជួយកែលម្អជីវភាពរបស់ប្រជាជននៅទីនេះ”។
អ្នកស្រី តុង ធីញ៉ង ជាអ្នកចែវទូកនៅភូមិនេសាទ វុងវៀង ឈូងសមុទ្រហាឡុង ខេត្តក្វាងនិញ បានរៀបរាប់ថា៖ “ធម្មជាតិនៅទីនេះពិតជាស្រស់ស្អាតណាស់។ នៅពេលមានភ្ញៀវទេសចរមកទីនេះ យើងទទួលពួកគេ។ ពេលពួកគេចាកចេញ យើងនាំពួកគេចេញ។ ពេលពួកគេចូលមក យើងនាំពួកគេទៅទស្សនាជុំវិញភូមិ។ ពីរដងក្នុងមួយថ្ងៃ។ ខ្ញុំធ្លាប់ធ្វើការជាអ្នកនេសាទ បន្ទាប់មកបានប្តូរទៅធ្វើការទេសចរណ៍ ហើយខ្ញុំសង្កេតឃើញថា ធ្វើទេសចរណ៍ស្រួលជាង ហើយផ្តល់ប្រាក់ចំណូលស្ថិរភាព”។
ជីវភាពនៅខាងក្រៅមានការផ្លាស់ប្តូរជាច្រើន ល្បឿនជីវិតកាន់តែមមាញឹក។ ប៉ុន្តែនៅទីនេះ ភូមិនេសាទវុងវៀងនៅតែរក្សាចង្វាក់នៃជីវភាពរស់នៅដោយឡែករបស់ខ្លួន។ គ្មានសំណង់ស្ថាបត្យកម្មធំៗ គ្មានសេវាកម្មអ៊ូអរទេ។ ភូមិនេសាទវុងវៀងរក្សាបាននូវប្រការមួយដ៏សាមញ្ញបំផុត៖ នោះគឺជាភាពសុខសាន្តត្រាណនៅក្នុងតំបន់បេតិកភណ្ឌ៕
