ក្រណាត់កម្ញី មានផ្ទៃទន់ល្វន់ ភ្លឺរលោង និងប្រណីត ដែលរំលេចលើភាពឆើតឆាយរបស់ស្ត្រី។ ទោះបីជាវាមានជាយូរមកហើយក៏ដោយ ប៉ុន្តែដោយសារបច្ចេកទេសត្បាញដ៏លំបាក ក្រណាត់កម្ញីពីអតីតកាលត្រូវបានផ្សារភ្ជាប់តែជាមួយអ្នកមាននិងអភិជនក្នុងសង្គមប៉ុណ្ណោះ។ សព្វថ្ងៃនេះ ក្រណាត់កម្ញី ត្រូវបានគេចាត់ទុកថា ធ្វើឱ្យអ្នកពាក់មើលទៅ "ចាស់" ហើយសមរម្យសម្រាប់តែរដូវរងាប៉ុណ្ណោះ ប៉ុន្តែជាមួយនឹងបច្ចេកទេសប៉ាក់ដោយដៃ និងការជ្រើសរើសសម្ភារៈដ៏ប៉ិនប្រសប់ សម្លៀកបំពាក់ធ្វើពីក្រណាត់កម្ញី ត្រូវបានផ្តល់កម្លាំងរស់ថ្មី។ អ្នករចនាម៉ូដ Nguyen Thanh Tam ដែលមានជំនាញខាងរចនាផលិតផលកម្ញី បានចែករំលែកថា៖
“កាលពីអតីតកាល អាវផាយកម្ញីប៉ាក់ដោយដៃ គឺសម្រាប់តែស្ត្រីវ័យកណ្តាលប៉ុណ្ណោះ ដោយសារពាក់វា មើលទៅចាស់ជាង។ យ៉ាងណាមិញ ចាប់តាំងពីយើងបានចូលទីផ្សារជាមួយនឹងផលិតផលដូចជារ៉ូប អាវផាយ និងផលិតផលទាន់សម័យជាង ដែលមានក្បូរក្បាច់រចនាប៉ាក់បែបយុវវ័យ ដោយបញ្ចូលប្រធានបទអំពីវប្បធម៌ជាតិ និងបេតិកភណ្ឌវៀតណាមទៅក្នុងការរចនា។ មិនត្រឹមតែផ្កាឈូកប៉ុណ្ណោះទេ ខ្ញុំក៏ធ្លាប់បានប៉ាក់ក្បូរក្បាច់រចនានៃរាជវង្ស ង្វៀន ឬកេរ្តិ៍ដំណែលក្នុងទីក្រុងហាណូយ ដូចជា Van Mieu ប្រាសាទ Ngoc Son និងផ្សារផ្កា ជាដើម”។
ដើម្បីធ្វើឱ្យផលិតផលធ្វើពីក្រណាត់កម្ញីរលោងបែបប្រពៃណី មានលក្ខណៈសហសម័យ សិប្បករប៉ាក់នានា បានព្យាយាមស្វែងរកទិសដៅថ្មីដោយឥតឈប់ឈរ។ ក្រោមបាតដៃដ៏រហ័សរហួនរបស់ពួកគេ ខ្សែអំបោះនីមួយៗប្រែទៅជាផ្ការីក គំនូរ Hang Trong ឬរូបភាពនៃភូមិខ្ពង់រាប វាលស្រែកាំជណ្ដើរពណ៌មាស ដែលត្រូវបានបង្កើតឡើងវិញយ៉ាងរស់រវើកនៅលើផ្ទៃក្រណាត់កម្ញី។
ដោយប្រកបរបរប៉ាក់ដោយដៃជាប្រពៃណីអស់រយៈពេល២០ឆ្នាំមកហើយ សិប្បការិនីប៉ាក់ Nguyen Thi Tuyet បានចែករំលែកថា៖ “ការជ្រើសរើសអំបោះគឺជាជំហានសំខាន់បំផុតក្នុងការប៉ាក់។ នៅពេលជ្រើសរើសអំបោះ អ្នកត្រូវតែគូសវាតាមគំនូរ ក៏ដូចជាពណ៌ត្រូវគ្នា នៅក្នុងគំនូរនោះ។ អំបោះប៉ាក់ក៏ត្រូវបានជ្រើសរើសដោយផ្អែកលើអាយុរបស់អ្នកប្រើប្រាស់ផងដែរ។ ឧទាហរណ៍ សម្រាប់យុវវ័យ អ្នកនឹងជ្រើសរើសពណ៌ភ្លឺ និងខ្ញីបន្តិច។ សម្រាប់មនុស្សវ័យកណ្តាល អ្នកនឹងជ្រើសរើសពណ៌ងងឺតជាង។ ការប៉ាក់លើក្រណាត់កម្ញីគឺពិបាកព្រោះប្រភេទក្រណាត់នេះមានភាពរលោងខ្លាំងណាស់ ដែលនឹងបន្សល់ទុកស្លាកស្នាមប្រសិនបើអ្នកប៉ាក់មិនត្រឹមត្រូវ។ ការប៉ាក់លើក្រណាត់កម្ញីគឺពិបាកខ្លាំងណាស់។ ប្រសិនបើអ្នកប៉ាក់ខុស គឺមិនអាចកែតម្រូវបានទេ ដូច្នេះវាពិបាកជាងប្រភេទក្រណាត់ផ្សេងៗច្រើនណាស់”។
អាវផាយកម្ញីប៉ាក់ គឺជានិមិត្តរូបមួយនៃវប្បធម៌ម៉ូដវៀតណាម។ មិនដូចអាវផាយកម្ញីធម្មតាទេ អាវផាយកម្ញីប៉ាក់មិនត្រឹមតែទាក់ទាញភ្នែកប៉ុណ្ណោះទេ ថែមទាំងទទួលបានការនិយមចូលចិត្តពីមនុស្សជាច្រើនដោយសារតែសម្រស់ដ៏វិសេសវិសាលនៃក្បូរក្បាច់រចនាប៉ាក់។
ក្រៅពីអាវផាយ អ្នករចនាម៉ូដវៀតណាម នាសព្វថ្ងៃនេះ បានបង្កើតផលិតផលដែលមានលក្ខណៈអនុវត្តន៍ខ្ពស់ ក្នុងជីវភាពប្រចាំថ្ងៃ ដូចជា រ៉ូបកម្ញី ក្រមាកម្ញី កាបូបកម្ញី និងគ្រឿងបន្ថែមធ្វើពីក្រណាត់កម្ញី... ជាមួយនឹងក្បូរក្បាច់រចនាប៉ាក់ដោយដៃដ៏ប្រណិត។
អ្នកស្រី Vu Thi Huong Giang ជាអ្នកគ្រប់គ្រងហាង Thơ បាននិយាយថា៖ “ក្បូរក្បាច់រចនាប៉ាក់មិនត្រឹមតែជាកត្តាតុបតែងប៉ុណ្ណោះទេ ថែមទាំងបង្ហាញឲ្យឃើញទិដ្ឋភាពជាច្រើនអំពីរចនាប័ទ្ម និងបុគ្គលិកលក្ខណៈរបស់អ្នកពាក់ទៀតផង។ ក្បូរក្បាច់រចនាដូចជារូបសត្វនាគ ខ្លាស អណ្ដើក និងសត្វហង្ស ច្រើនតែត្រូវបានគេប្រើប្រាស់ក្នុងពិធីជប់លៀងដ៏ឱឡារិក ដើម្បីបង្ហាញពីឋានៈរបស់ស្ត្រី។ ចំណែកឯក្បូរក្បាច់រចនាដូចជា ផ្កាភ្ញី ធម្មជាតិ ត្រូវបានគេប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ”។
នៅពេលដែលផលិតផលឧស្សាហកម្មកំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ការប៉ាក់ដោយដៃលើក្រណាត់កម្ញី នៅតែរក្សាបាននូវទីតាំងដោយឡែកនៅលើទីផ្សារ ដោយសារតែលក្ខណៈតែមួយគត់ និងតម្លៃសិប្បកម្ម ដែលមិនអាចជំនួសបាន។ តាមរយៈសម្លៀកបំពាក់ទាំងនេះ អ្នកស្លៀកពាក់មិនត្រឹមតែអាចទទួលអារម្មណ៍អំពីលក្ខណៈល្អប្រណិត តាមរយៈអំបោះប៉ាក់ដោយដៃ និងក្រណាត់កម្ញីសូត្រប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានអារម្មណ៍មោទនភាព ដោយបានរួមចំណែកក្នុងការថែរក្សាលក្ខណៈវប្បធម៌ប្រពៃណីដ៏មានតម្លៃ ដែលកំពុងរសាត់បាត់ទៅបន្តិចម្តងៗនៅក្នុងជីវភាពសម័យទំនើបទៀតផង៕
