នាព្រឹកថ្ងៃទី ២ ខែកញ្ញា វៀតណាមបានប្រារព្ធយ៉ាងឱឡារិក ពិធីអបអរសាទរ ក្បួនដង្ហែរ ព្យុហយាត្រា ខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាជោគជ័យ (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) (រូបថត៖ Quang Trung/VOV) |
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ មានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម; អតីតបដិវត្តន៍ជើងចាស់ វីរៈអ្នកម្តាយវៀតណាម វីរបុរសនៃកងទ័ពប្រជាជន វីរៈបុរសពលកម្ម ឧត្តមសេនីយយោធា អតីតយុទ្ធជន តំណាងអង្គការនយោបាយ សហជីព រួមទាំងប្រជាជនវៀតណាមមួយចំនួនធំ។
ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ ភ្ញៀវអន្តរជាតិ និងគណៈប្រតិភូ អញ្ជើញគោរពទង់ជាតិ (រូបថត៖ Doan Tan/TTXVN) |
ក្នុងពេលជាមួយគ្នានោះ នៅកីឡដ្ឋាន My Dinh មានការបាញ់កាំភ្លើងធំចំនួន ២១ គ្រាប់ អមជាមួយភ្លេងជាតិវៀតណាម។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថា "អបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាជោគជ័យ (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) (រូបថត៖ VGP/Nhat Bac) |
បន្ទាប់មក អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថា រំលឹកខួបអបអរសាទរលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នៅដើមសុន្ទរកថា លោកអគ្គលេខាបក្សតូ ឡឹម បានរំលឹកអំពីពេលវេលាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិកាលពី ៨០ ឆ្នាំមុននៅទីលាន Ba Dinh នៅពេលដែលលោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ ចាប់បដិសន្ធិសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម បើកចេញយុគ្គសម័យថ្មីនៃឯករាជ្យ និងសេរីភាពសម្រាប់ប្រជាជនវៀតណាម។ អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា ជោគជ័យនៃបដិវត្តន៍ខែសីហា និងការចាប់បដិសន្ធិរដ្ឋវៀតណាមឯករាជ្យនិងសេរីភាព បានបង្ហាញពីឆន្ទៈ សេចក្តីថ្លៃថ្នូរ និងសេចក្តីប្រាថ្នាសេរីភាពរបស់ប្រជាជនវៀតណាម។ សេចក្តីប្រាថ្នានោះត្រូវបានពូនជ្រុំតាមរយៈប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ប្រទេសជាតិក្នុងការកសាង និងការពារប្រទេស។
“មាតុភូមិវៀតណាមគឺជាការប្រមូលផ្តុំលក្ខណៈល្អប្រណិតផូរផង់នៃប្រពៃណីវប្បធម៌មួយពាន់ឆ្នាំនៃការកសាង និងការពារប្រទេស ភាពខ្ជាប់ខ្ជួន ភាពវៃឆ្លាត ក្តីមេត្តា និងសេចក្តីប្រាថ្នាឈានឡើង។ ស្មារតីនោះបានបង្កើតកម្លាំងដ៏មហិមានៃបដិវត្តខែសីហា និងរបស់សង្រ្គាមតស៊ូដ៏យូរចំនួនពីរលើកប្រឆាំងនឹងអាណានិគមនិយមនិងចក្រពត្តិនិយម បុព្វហេតុកសាង និងការពារមាតុភូមិក្នុងសន្តិភាព បុព្វហេតុធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ប្រទេសជាតិ។ នោះជាកម្លាំងពលំផ្តើមពីប្រជាជន ជារបស់ប្រជាជន ដើម្បីប្រជាជន ជាកម្លាំងពលំនៃផែនមហាសាមគ្គីជនជាតិទាំងមូល”។
ដោយសង្កត់ធ្ងន់ថា ទិវាអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិ មិនត្រឹមតែជាឱកាសសម្រាប់ប្រជាជាតិទាំងមូលសម្តែងការដឹងគុណចំពោះការរួមវិភាគទានដ៏មហិមាររបស់លោកប្រធានហូជីមិញ របស់បដិវត្តន៍ជើងចាស់ជំនាន់មុន និងប្រជាជនទាំងអស់នោះទេ លោកអគ្គលេសខាបក្សតូ ឡឹមថែមទាំងលើកច្បាស់ត្រដែតអំពីដំណើរដ៏រុងរឿងនៃរយៈពេល ៨០ ឆ្នាំកន្លងមកនេះបានគូសបញ្ជាក់ថា គ្មានអ្វីអាចរារាំងប្រជាជនវៀតណាមឱ្យឆ្ពោះទៅរកភាពរុងរឿង និងគងវង្សស្ថិរភាពនោះឡើយ៖
“ឆ្លងកាត់រយៈពេល ៨០ ឆ្នាំពោរពេញដោយការលំបាក ប៉ុន្តែដំណើរដោយវីរភាព យើងបានអះអាងការពិតក្រោមទង់ជាតិដ៏រុងរឿងរបស់បក្ស ដោយមានពន្លឺហូជីមិញដឹកនាំមាគ៌ា ពឹងផ្អែកលើកម្លាំងប្រជាជន និងផែនមហាសាមគ្គីជនជាតិទាំងមូល គ្មានការលំបាក ឬឧបសគ្គណាដែលប្រជាជនយើងមិនអាចយកឈ្នះបាន គ្មានគោលដៅដ៏ថ្លៃថ្នូណាដែលប្រទេសជាតិយើងមិនអាចសម្រេចបាន។ គ្មានឧបសគ្គ គ្មានហេតុផលណាអាចរារាំងយើង ឈានទៅដល់សន្តិភាព វិបុលភាព ប្រទេសជាតិយើងអភិវឌ្ឍន៍ និងគងវង្សជានិច្ច”។
ឧទ្ធម្ភាគចក្រហោះពីលើទីលាន Ba Dinh នាព្រឹកថ្ងៃទី២ ខែកញ្ញា (រូបថត៖ VTC News) |
បន្ទាប់ពីសុន្ទរកថារបស់អគ្គលេខាបក្ស លោក តូ ឡឹម គឺជាកម្មវិធីនៃក្បួនដង្ហែរ និងព្យុហយាត្រា។
ពិធីបើកគឺការសម្តែងស្វាគមន៍របស់ក្រុមកងទ័ពអាកាសប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះ គណៈកម្មាធិការរៀបចំបានអញ្ជើញថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនទាំងអស់ ងើបឈរមើលអេក្រង់កងកំលាំងប្រដាប់អាវុធធ្វើព្យុហយាត្រានៅសមុទ្រ នៅមូលដ្ឋានយោធា Cam Ranh (Khanh Hoa)។ បន្ទាប់គឺក្រុមដើរ រួមមានក្រុមដើរថ្មើជើង ចំនួន ២២ ក្រុមនៃកងទ័ពប្រជាជនវៀតណាម ក្រុមយោធាបរទេសចំនួន ៤ ក្រុម កងជីវពល និងទ័ពព្រៃ ០៣ ក្រុម និងក្រុមនគរបាលរួមមាន ១៧ ក្រុម។
បន្ទាប់ពីក្រុមដើរថ្មើជើង គឺជាក្រុមរថយន្តយោធា ក្រុមកាំភ្លើងធំ ក្រុមនគរបាល រួមទាំងរថពាសដែក ... និងក្រុមមហាជន។ បន្ទាប់ពីក្បួនដង្ហែ ព្យុហយាត្រាមកមានកម្មវិធីសិល្បៈមួយដែលប្រមូលផ្តុំតំណាងសិល្បករចំនួន៨០រូបមកពីទូទាំងប្រទេស។ បន្ទាប់ពីបានឆ្លងកាត់ទីលាន Ba Dinh ក្រុមក្បួនដង្ហែ ព្យុហយាត្រាបានដើរកាត់តាមផ្លូវនានានៃរដ្ឋធានីហាណូយ៕




