សារនេះ ត្រូវបានបង្ហោះលើបណ្តាញសង្គម Truth Social របស់លោកប្រធានាធិបតី ដូណាល ត្រាំ ត្រឹមតែពីរម៉ោងមុនថ្ងៃផុតកំណត់សម្រាប់អ៊ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក នៅវេលាម៉ោង ៨ យប់ ថ្ងៃទី ៧ ខែមេសា។ ក្នុងនោះ ប្រធានាធិបតីអាមេរិក បានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងតប់តាមសំណើររបស់ប៉ាគីស្ថាន ដោយផ្អែកលើការពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Shehbaz Sharif និងសេនាប្រមុខ Asim Munir ក្រោមលក្ខខណ្ឌថាអ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ទាំងស្រុង ភ្លាមមួយរំពិច ប្រកបដោយសុវត្ថិភាព។
លោកប្រធានាធិបតី ដូណាល ត្រាំ បានពណ៌នានេះជា "បទឈប់បាញ់ទ្វេភាគី" ហើយបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនក៏ខិតជិតដល់កិច្ចព្រមព្រៀងច្បាស់លាស់មួយ ស្តីពីសន្តិភាពយូរអង្វែងជាមួយអ៊ីរ៉ង់ ក៏ដូចជាសន្តិភាពនៅមជ្ឈិមបូព៌ាផងដែរ។
ទីក្រុងតេអេរ៉ង់បានឲ្យដឹងថា ការចរចាលើកិច្ចព្រមព្រៀងរយៈពេលវែងនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ១០ ខែមេសា នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ ក្នុងអំឡុងពេលនៃបទឈប់បាញ់រយៈពេលពីរសប្តាហ៍នេះ អ៊ីរ៉ង់បានសន្យាថានឹងធានាសុវត្ថិភាពសម្រាប់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ៕
