យោងតាមទីភ្នាក់ងារទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិ នាវាពាណិជ្ជកម្មមួយគ្រឿង និងនាវាជួយសង្គ្រោះមួយគ្រឿង បានជួយសង្គ្រោះមនុស្សចំនួន ៣២ នាក់ ហើយឆ្មាំឆ្នេរសមុទ្រអ៊ីតាលីបាននាំពួកគេទៅកាន់កោះ Lampedusa នៅភាគខាងត្បូងប្រទេសអ៊ីតាលី។

ឧប្បត្តិហេតុនា​​ថ្ងៃទី ៥ ខែមេសា បានកើតឡើងប្រហែលមួយសប្តាហ៍បន្ទាប់ពីឆ្មាំសមុទ្រអ៊ីតាលីបានរកឃើញសាកសពមនុស្ស​ចំនួន ១៩ នាក់ និងជួយសង្គ្រោះមនុស្សចំនួន ៥៨ នាក់ នៅពេលដែលពួកគេបានចាប់ខ្លួន​ទូកមួយគ្រឿងដែលដឹកជនអន្តោប្រវេសន៍ខុសច្បាប់ នៅ​ចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រពីកោះ Lampedusa។

អង្គការ IOM បានឲ្យ​ដឹងថា ប៉ុន្មានខែដើមឆ្នាំ ២០២៦ បានក្លាយជារយៈពេលដ៏សោកសៅបំផុតសម្រាប់ជនអន្តោប្រវេសន៍ដែលឆ្លងកាត់សមុទ្រចាប់តាំងពីឆ្នាំ ២០១៤មក ដោយមានអ្នកស្លាប់យ៉ាងហោចណាស់ ៩៩០ នាក់រហូតមកដល់បច្ចុប្បន្ន។ ដោយឡែកតំបន់សមុទ្រមេឌីទែរ៉ាណេ មាន​មនុស្សចំនួន ៧៦៥ នាក់បានស្លាប់ កើនឡើងប្រហែល ១៥០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកស្រី Amy Pope នាយកប្រតិបត្តិអង្គការ IOM បាន​ឲ្យដឹងថា កាលពីដើមខែនេះ ទីភ្នាក់ងារនេះកំពុងកត់ត្រាចំនួនជនអន្តោប្រវេសន៍កាន់តែច្រើនឡើងមកពីប្រទេសបង់ក្លាដែស ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន និងស៊ូដង់ឆ្លងកាត់សមុទ្រ៕​