រូបសំណាកអ្នកតាគឺអាស្រ័យលើចរិតលក្ខណៈដែលអ្នកភូមិស្រមៃនិងសន្មត់ (រូបថត៖ ថាច់ត្រាវិញ/VOV-ĐBSCL) |
នៅភូមិណូលឿអា ឃុំញី ត្រឿង ស្រុក កូវ ងាង (ខេត្តត្រាវិញចាស់) បរិយា កាសពិធីបុណ្យគឺមានភាពអ៊ូអរសប្បាយ ជាមួយនឹងការចូលរួមយ៉ាងច្រើន គុះកររបស់ប្រជាជន។ ប្រហែលមួយសប្តាហ៍មុនពិធីនេះ អាចារ (ចាស់ទុំដែលយល់អំពីវប្បធម៌ប្រពៃណី) និងព្រឹទ្ធាចារ្យផ្សេងទៀតដើរពីផ្ទះមួយទៅផ្ទះមួយដើម្បីប្រកាសអំពីពេលវេលាប្រារព្ធពិធី ហើយអំពាវនាវឱ្យអ្នកគ្រប់គ្នាត្រៀមរៀបចំដង្វាយ។ លោក អាចារ្យ ថាច់ចៀ ប្រធានគណកម្មាធិការរៀបចំ ភូមិ ចឹក ឃុំ ហៀវ តឺ បានឲ្យដឹងថា៖
“អ្នកតាគឺជាព្រះអាទិទេពដែលមានអំណាចការពារអ្នកភូមិ។ ដូច្នេះហើយ អ្នកណាដែលបានចូលរួមចំណែកកសាង និងការពារសហគមន៍ ក៏ត្រូវអ្នកភូមិគោរពដែរ ធ្វើរូបសំណាកនិងបូជា ដើម្បីបង្ហាញការគោរព និងបួងសួងសុំសេចក្តីសុខ និងសុវត្ថិភាព។ ការរៀបចំពិធីសែនអ្នកតាមិនមែនជាទម្រង់នៃអបិយជំនឿទេ ប៉ុន្តែដើម្បីបង្ហាញពីការដឹងគុណចំពោះអ្នកដែលបានជួយអ្នកភូមិ និងដើម្បីសហគមន៍កាន់តែសមាគ្គីជាង”។
តង្វាយដែលអ្នកភូមិនាំយកទៅសែនអ្នកតា (រូបថត៖ ថាច់ត្រាវិញ/VOV-ĐBSCL) |
គ្រឿងដង្វាយសម្រាប់សែនអ្នកតាជាធម្មតាមាន៖ ជ្រូកខ្វៃ មាន់ ស្រា ចេក សៀម ដូង អង្ករ អំបិល ប្រេងដូង អំបោះក្រហម ផ្លែឈើ នំខេក... លោក សឺន សន់ អាចារនៅភូមិ ណូលឿអា) បានចែករំលែកថា៖
“តាំងពីយូរយារណាស់មកហើយ ជីដូនជីតាយើងបានធ្វើពិធីគោរពបូជាអ្នកតា ដើម្បីបួងសួងសុំឲ្យអ្នកភូមិជួបតែសេចក្តីសុខ ចៀសផុតពីជំងឺ។ ប្រជាជនប្រារព្ធពិធីនេះដោយមានជំនឿថា អ្នកតានឹងយល់ ហើយប្រទានពរជ័យជូនអ្នកភូមិគ្រប់រូប។ ដោយមានជំនឿលើព្រះ ពិធីសែនអ្នកតាត្រូវបានប្រជាជនថែរក្សា និងធ្វើជាប្រចាំក្នុងមួយឆ្នាំម្តងរហូតមកដល់បច្ចុប្បន្ន”។
ក្នុងពិធីសែន លោកអាចារ្យធ្វើពិធីសូត្រមន្ត ហើយចាក់ស្រា ៣ ដងរហូតដល់ធូបឆេះអស់។ បន្ទាប់មក អាចាររាយការណ៍អំពីស្ថានភាពដំណាំនៃឆ្នាំកន្លងមក និងបួងសួងដល់អ្នកតាប្រទានពរឲ្យអ្នកភូមិមានសេចក្តីសុខ ទទួលបានភោគផលច្រើន។ ក្រោយពីពិធីសែនរួច គ្រឿងដង្វាយត្រូវបានប្រើប្រាស់ជាអាហារសាមគ្គីរបស់អ្នកភូមិទាំងមូល។
នៅភូមិចឹក ឃុំ ហៀវ តឺ ស្រុក តៀវ គីន ពិធីបុណ្យដំឡើងអ្នកតាប្រព្រឹត្តទៅដោយមានការគាំទ្រ និងចូលរួមយ៉ាងច្រើនពីប្រជាជន។ លោក ថាច់ ឃី អាចារក្នុងគណៈកម្មាធិការៀបចំ បានចែករំលែកថា៖
“ពិធីសែនអ្នកតាមានតាំងពីសម័យកាលដែលប្រជាជនខ្មែរ ប្រកាន់យកសាសនាព្រាហ្មណ៍ ប៉ុន្តែបើប្រៀបធៀបនឹងសម័យមុន នីតិវិធីនិងពិធីមួយចំនួនត្រូវបានកាត់បន្ថយឱ្យសមស្របទៅនឹងជីវភាពបច្ចុប្បន្ន។ កាលពីមុន ពិធីនេះគ្រាន់តែរាប់បញ្ចូលការដង្ហែអ្នកតាប៉ុណ្ណោះ ប៉ុន្តែនៅពេលប្តូរមកព្រះពុទ្ធសាសនាវិញ ព្រឹទ្ធាចារ្យ និងអាចារ្យបានយល់ព្រមនិមន្តព្រះសង្ឃ មកអានព្រះសូត្រ ដើម្បីសុំសុខសន្តិភាព និងធ្វើបួសក្នុងឱកាសនេះ”។
បន្ទាប់ពីបញ្ចប់ពិធីសែនអ្នកតា នៅកន្លែងជាច្រើន ព្រះសង្ឃក៏មក បួងសួងសុំសេចក្តីសុខ និងប្រសិទ្ធិពរជ័យដល់អ្នកភូមិផងដែរ (រូបថត៖ ថាច់ត្រាវិញ/VOV-ĐBSCL) |
នៅពេលល្ងាច ប្រជាជននៅតាមភូមិនានាបានមកជួបជុំគ្នានៅវត្តអារាម ដើម្បីចូលរួមពិធីសូត្រមន្តប្រសិទ្ធិពរជ័យ និងបួងសួងសុំឱ្យអាកាសធាតុអំណោយផល ផលដំណាំបរិបូរណ៍ និងសុវត្ថិភាពសម្រាប់អ្នកភូមិទាំងអស់គ្នា។ បរិយាកាសពិធីបុណ្យកាន់តែមានភាពរស់រវើកជាមួយនឹងសំឡេងភ្លេងពិនពាធ សម្លេងស្គរ និងល្បែងប្រជាប្រិយ។ នៅតំបន់សហគមន៍ ប្រជាជនវៀតណាមនិងហ័រក៏ចូលរួមផងដែរ ដែលបង្កើតឱ្យមានការផ្លាស់ប្តូរវប្បធម៌ពិសេស។ លោក ថាច់ ឃី បន្ថែមថា៖
"សម្រាប់យើង ពិធីសែនអ្នកតាក៏មានអត្ថន័យក្នុងការរក្សាវប្បធម៌ប្រពៃណីផងដែរ។ ដូច្នេះហើយ យើងតែងតែយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ និងណែនាំកូនចៅជំនាន់ក្រោយឲ្យធ្វើពិធីនេះកុំឲ្យរសាយទៅ។ ជារៀងរាល់ឆ្នាំ ពិធីសែនអ្នកតាកាន់តែមានសភាពអ៊ូអរសប្បាយ ប្រជាជនស្ម័គ្រចិត្ដមក ជួយគណៈកម្មការរៀបចំ និងរៀបចំគ្រឿងដង្វាយឱ្យបានស្អាតតាមតែអាចធ្វើទៅបាន”។
ពិធីបុណ្យដំឡើងអ្នកតា មិនត្រឹមតែជាលក្ខណៈវប្បធម៌ពិសេសប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់សហគមន៍ បង្ហាញពីក្តីប្រាថ្នាចង់បានជីវភាពរស់នៅប្រកបដោយសុខសន្តិភាព និងបង្កបង្កើនផលផងដែរ។ ជាមួយនឹងតម្លៃមនុស្សសាស្ត្រ និងអត្តសញ្ញាណវប្បធម៌ដ៏ពិសេសរបស់ខ្លួន ពិធីបុណ្យនេះត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ កាលពីឆ្នាំមុន។ នេះជាមោទនភាពរបស់ប្រជាជនខ្មែរខេត្តត្រាវិញ ដែលរួមចំណែកលើកតម្កើងរូបភាព សក្ដានុពលទេសចរណ៍ និងលើកតម្កើងតម្លៃវប្បធម៌ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍជនបទថ្មី៕



