នៅរសៀលថ្ងៃទី ៩ ខែមេសា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទសារព័ត៌មាន ដើម្បីប្រកាសសេចក្តីសម្រេចរបស់ប្រធានរដ្ឋស្តីពីការលើកលែងទោសឆ្នាំ ២០២៦។
នៅក្នុងសន្និសីទសារព័ត៌មាន អនុប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Can Dinh Tai បានអះអាងថា ការលើកលែងទោសគឺជាគោលជំហរដ៏សំខាន់និងឥតងាករេរបស់បក្ស និងរដ្ឋ ដែលបង្ហាញយ៉ាងច្បាស់អំពីគោលនយោបាយសណ្ដោសប្រណី មនុស្សធម៌ និងបញ្ជាក់ពីការសន្យារបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ ប្រកបដោយយុត្តិធម៌ និងសមភាព។
ឆ្នាំ ២០២៦ មានសារៈសំខាន់ពិសេស ដែលគូសសញ្ញាការបោះជំហានទៅរកដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ ដោយផ្សារភ្ជាប់នឹងព្រឹត្តិការណ៍នយោបាយមានលក្ខណៈយុទ្ធសាស្ត្រជាច្រើន៖ ភាពជោគជ័យនៃមហាសន្និបាតបក្សលើកទី ១៤; ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១; និងខួបលើកទី ៥១ ទិវា បង្រួបបង្រួមប្រទេសជាតិ។
ក្នុងបរិបទនោះ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៤៥៧ ស្តីពីការលើកលែងទោសឆ្នាំ ២០២៦។ យោងតាមសេចក្តីសម្រេចលេខ ៤៥៧ វៀតណាមនឹងអនុវត្តន៍ការលើកលែងទោស និងការដោះលែងមុនកាលកំណត់ សម្រាប់អ្នកដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារយៈពេលកំណត់ និងជាប់ពន្ធនាគារអស់មួយជីវិត។
នៅក្នុងសន្និសីទសារព័ត៌មាន អនុរដ្ឋមន្ត្រីក្រសួងនគរបាល លោក Le Van Tuyen បានឲ្យដឹងថា ចាប់ពីខែសីហា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ មានអ្នកដែលទទួលបានការលើកលែងទោស និងអ្នកដែលបានអនុវត្តន៍តទោសជាប់ពន្ធនាគាររួចរាល់ ជិត ១៥.០០០ នាក់ បានខ្ចីទុនសរុបចំនួនជិត ១.៣០០ ពាន់លានដុង (ជិត ៥០លានដុល្លារអាមេរិក) ដើម្បីវិនិយោគលើផលិតកម្ម អាជីវកម្ម និងបង្កើនស្ថិរភាពជីវភាពរស់នៅ៕
