ការវាយប្រហារនិងការសងសឹកទៅវិញទៅមករវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់បានកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ទាំងកម្រិតនិងវិសាលភាព។ យោងតាមតួរលេខដែលបានប្រកាសដោយអ៊ីរ៉ង់និងអ៊ីស្រាអែល គិតត្រឹមព្រឹកថ្ងៃទី ១៦ មិថុនា ក្រោយរយៈពេល៣ថ្ងៃនៃជម្លោះ យ៉ាងហោចណាស់មានជនអ៊ីរ៉ង់ចំនួន ២២៤ នាក់បានស្លាប់និងជាង ១.២០០នាក់រងរបួស ដែលភាគច្រើនជាជនស៊ីវិល។ ខាងភាគីអ៊ីស្រាអែលមានមនុស្សប្រហែល ១៤នាក់បានស្លាប់ និងជិត ៤០០នាក់រងរបួស។
ទិដ្ឋភាពនៅទីក្រុង Haifa ភាគខាងជើងប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់កាលពីថ្ងៃទី ១៥ ខែមិថុនា។ រូបថត៖ TIMES OF ISRAEL |
ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានធ្វើឱ្យសហគមន៍អន្តរជាតិព្រួយបារម្ភថា តំបន់មជ្ឈិមបូព៌ាទាំងមូលនឹងត្រូវបានអូសទាញចូលទៅក្នុងសង្រ្គាមថ្មី ក្នុងបរិបទដែលជម្លោះកំពុងបន្តនៅតំបន់ហ្គាហ្សាមិនទាន់បញ្ចប់។ អង្គការសហប្រជាជាតិ និងប្រទេសជាច្រើនបានចេញសេចក្តីប្រកាស ដោយអំពាវនាវឱ្យអ៊ីស្រាអែលនិងអ៊ីរ៉ង់អនុវត្តការអត់ធ្មត់ បញ្ឈប់ការវាយប្រហារ និងបន្ធូរបន្ថយភាពតានតឹង។ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល ក៏ជឿជាក់ថា ទាំងអ៊ីស្រាអែលនិងអ៊ីរ៉ង់ ចាំបាច់ត្រូវសម្រេចបានកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗ
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកសង្កេតការណ៍ជឿជាក់ថា នៅពេលនេះ លទ្ធភាពសម្រេចបានកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ជម្លោះរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ ឬលើសពីនេះ គឺកិច្ចព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ មានកម្រិតទាបណាស់។ កាលពីថ្ងៃទី ១៥ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមបូព៌ាបានដកស្រង់ប្រភពព័ត៌មានុមួយដែលបានបង្ហើបថា អ៊ីរ៉ង់បានជូនដំណឹងដល់អ្នកសម្រុះសម្រួលទាំងពីរគឺកាតានិងអូម៉ង់ ថាទីក្រុងតេអេរ៉ង់ "នឹងមិនធ្វើការចរចារ ខណៈពេលកំពុងរងការវាយប្រហារ"នោះទេ៕

