ពិធីរំលឹកខួបត្រូវបានតភ្ជាប់តាមប្រព័ន្ធវីដេអូទៅកាន់គ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាលទាំងអស់លើទូទាំងប្រទេស ដោយមានការចូលរួមពីគ្រូបង្រៀន ប្រមាណ ១,៦ លាននាក់ និងសិស្សានុសិស្ស និស្សិតជិត ២៦ លាននាក់នៅសាលា ចំនួន ៥២,០០០ កន្លែងទូទាំងប្រទេស។ នេះជាលើកទីមួយហើយ ដែលគ្រឹះស្ថាន អប់រំទូទាំងប្រទេស គោរពទង់ជាតិ និងច្រៀងបទចម្រៀងជាតិក្នុងពេលតែមួយ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងសុន្ទរកថាដឹកនាំ។ (រូបថត៖ VOV)
អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ក្នុងបរិបទសកលភាវូបនីយកម្ម ដែលសេដ្ឋកិច្ចចំណេះដឹង វិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានោះ ការអប់រំ និងបណ្តុះបណ្តាល ត្រូវតែរក្សាឋានៈជាគោលនយោបាយជាតិកំពូល ហើយក្លាយជាកម្លាំងចលករគន្លឹះ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ នាពេលថ្មីៗនេះ ការិយាល័យនយោបាយបាន ចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ៧១ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល ជាមួយនឹងគោលដៅធំៗ ភារកិច្ច និងដំណោះស្រាយដ៏ខ្លាំងក្លា ដើម្បីនាំការអប់រំ និងបណ្តុះបណ្តាលរបស់វៀតណាមចូលទៅក្នុងលំហូរនៃការអប់រំ ពិភពលោក។ ដើម្បីនាំសេចក្ដីសម្រេចចិត្តនេះឲ្យចូលទៅក្នុងជីវភាពសង្គមបានឆាប់រហ័ស លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖
“បក្សទាំងមូលត្រូវផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវផ្នត់គំនិតអំពីការដឹកនាំលើវិស័យអប់រំ ដោយមិនត្រូវដាក់ស្តង់ដារចាស់ៗលើប្រព័ន្ធអប់រំទំនើបនោះទេ ប៉ុន្តែត្រូវដឹកនាំយ៉ាង ដិតដល់ ជាក់ស្ដែង រៀបចំការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដោយចាត់ទុក ការអប់រំជាគោលនយោបាយជាតិកំពូល។ រដ្ឋសភាត្រូវបន្តសុក្រិតប្រព័ន្ធច្បាប់ បង្កើត ច្រករបៀងច្បាប់រលូន ស្ថិរភាព និងជឿនលឿន សម្រាប់បុព្វហេតុផ្លាស់ប្ដូរថ្មីវិស័យអប់រំ និងបណ្តុះបណ្តាល។ រដ្ឋាភិបាលគួរតែបង្កើនការវិនិយោគ ធានាធនធានហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ជួរបុគ្គលិក ព្រមទាំងប្ដេជ្ញាលុបចោលភាពជាប់គាំងខាងយន្តការ គោលនយោបាយ ដើម្បីបើកចំហ និងកៀរគរធនធានសង្គមអតិបរមាសម្រាប់ការ អប់រំ។ វិស័យអប់រំត្រូវត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្ដូរថ្មីផ្នត់គំនិត វិធីសាស្រ្តគ្រប់គ្រង កសាងជួរគ្រូបង្រៀនដែលមានទាំងចំណេះដឹង សីលធម៌ និងសេចក្តីប្រាថ្នាលះបង់។ គ្រូបង្រៀនត្រូវតែជាគំរូដ៏ភ្លឺស្វាង និងជាការបំផុសគំនិតសម្រាប់សិស្ស។ សិស្សនិង និស្សិតត្រូវបណ្តុះឆន្ទៈ សេចក្តីប្រាថ្នាដ៏ធំធេង សិក្សា និងហាត់ពត់លត់ដំដើម្បីក្លាយជា ពលរដ្ឋសកល ធ្វើសមាហរណកម្មជាបណ្តើរៗទៅក្នុងស្តង់ដារអន្តរជាតិ ប៉ុន្តែនៅតែ រក្សាបាននូវអត្តសញ្ញាណនៃដួងព្រលឹងវៀតណាមជានិច្ច”។
លោកអគ្គលេខាធិការ តូ ឡឹម ប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ ជូនក្រសួងអប់រំ និងបណ្តុះបណ្តាល។ (រូបថត៖ VOV)
ដោយបានចង្អុលបង្ហាញនូវទិសដៅធំៗមួយចំនួនដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវបុព្វហេតុផ្លាស់ប្ដូរថ្មីវិស័យអប់រំ និងបណ្តុះបណ្តាល ក្នុងដំណាក់កាលថ្មី លោក អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា វិស័យអប់រំចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវទាំង ផ្នត់គំនិតនិងសកម្មភាព; ផ្លាស់ប្ដូរថ្មីការអប់រំចំណេះដឹងទូទៅលើគ្រប់ជ្រុងជ្រោយ; បង្កើតរបកគំហើញក្នុងការអប់រំថ្នាក់ឧត្តមសិក្សានិងការអប់រំវិជ្ជាជីវៈ; ជំរុញសមាហរណ កម្មអន្តរជាតិក្នុងវិស័យអប់រំ; ជំរុញការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងការ អប់រំ; កសាងសង្គមសិក្សា និងទំនៀមទំលាប់សិក្សាពេញមួយជីវិត។
ក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញវាយស្គរបើក បវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦៕