លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ nhandan.vn) |
នារសៀលថ្ងៃទី ១០ មីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំងប្រទេស (គណៈកម្មាធិការដឹកនាំ) បានដឹកនាំកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការដឹកនាំ ដើម្បីវាយតម្លៃស្ថានភាព លទ្ធផលនៃការអនុវត្តកម្មវិធី និងភារកិច្ចនាពេលខាងមុខ។ កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងបានតភ្ជាប់ប្រព័ន្ធអ៊ីនធឺណេតទៅកាន់ខេត្ត ក្រុង ចំណុះមជ្ឈិមចំនួន៦៣ ទូទាំងប្រទេស។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានសង្កត់ធ្ងន់ថា ការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមទូទាំងប្រទេស គឺជាកម្មវិធីដែលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋ; បង្ហាញពីការដឹងគុណ តបស្នងសង់គុណចំពោះអ្នកដែលមានគុណូបការៈ; បង្ហាញពីស្មារតីសាមគ្គីភាពជាតិ; ជាទំនួលខុសត្រូវចំពោះប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋជួបការលំបាក នៅតំបន់ដាច់ស្រយាល... ។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានស្នើដល់ក្រសួង ស្ថាប័ន សាខា និងមូលដ្ឋាន ពន្លឿនល្បឿន ដោយបានប្តេជ្ញាចិត្តជាមូលដ្ឋានក្នុងការបង្ហើយគោលដៅលុបបំបាត់ផ្ទះ បណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម ឲ្យបានមុនថ្ងៃទី៣១ ខែតុលា នៃឆ្នាំនេះ។
យោងតាមស្ថិតិរបស់គណៈកម្មាធិការដឹកនាំ រហូតមកដល់ពេលនេះ ប្រទេសទាំងមូលបានលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមចំនួន ១២១ ០០០ ខ្នង ផ្ទះជាង ៦៥.០០០ ខ្នងត្រូវបានប្រគល់ និងផ្ទះជាង ៥៦.០០០ ខ្នងកំពុងសាងសង់។ មានមូលដ្ឋានចំនួន ៦ ដែលបានបញ្ចប់ការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ប្រទេសទាំងមូលត្រូវផ្តោតលើការបញ្ចប់ការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមជាង ១០១.០០០ខ្នង; ក្នុងនោះលំនៅឋានក្រោមកម្មវិធីលុបបំបាត់លំនៅឋានបណ្ដោះអាសន្ន និងខូចខាតមានប្រមាណ ៧០.០០០ខ្នង។ ជាមធ្យម ជារៀងរាល់ថ្ងៃ ប្រទេសទាំងមូលត្រូវលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងទ្រុឌទ្រោមប្រហែល ៥០០ ខ្នង ពោលគឺខេត្តនីមួយៗ ធ្វើការលុបផ្ទះចំនួន ៨ខ្នងក្នុងមួយថ្ងៃ៕

