ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ថ្លែងមតិក្នុងជំនួបធ្វើការ។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ៣០ មិថុនា នៅទីក្រុង Can Tho ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho ស្ដីពីការអនុវត្តគំរូរអាជ្ញាធរមូលដ្ឋានពីរកម្រិត និងការរៀបចំមូលដ្ឋានសម្ភារៈសម្រាប់ឃុំ សង្កាត់ថ្មីនៅក្នុងតំបន់។
ថ្លែងមតិក្នុងជំនួបធ្វើការ លោកប្រធានរដ្ឋសភាបានវាយតម្លៃថា ក្នុងដំណើរការរៀបចំអង្គភាពរដ្ឋបាល មូលដ្ឋានទាំងបីរួមគឺខេត្ត Can Tho, Hau Giang និង Soc Trang បានសម្របសម្រួល និងកៀរគរការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តន៍តាមការណែនាំរបស់មជ្ឈិម និងធានានូវគុណភាព និងវឌ្ឍនភាព។
រូបថត៖ VOV |
មុននោះ នារសៀលថ្ងៃទី៣០ មិថុនា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញទៅសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពនៃការដោះស្រាយនីតិវិធីរដ្ឋបាលសាធារណៈបម្រើប្រជាពលរដ្ឋ និងអាជីវកម្មនៅមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈទីក្រុង Can Tho មជ្ឈមណ្ឌលរដ្ឋបាលសាធារណៈសង្កាត់ Ninh Kieu មជ្ឈមណ្ឌលរដ្ឋបាលសាធារណៈឃុំ Thanh Hoa (ក្នុងខេត្ត Hau Giang ពីមុន) និងមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈសង្កាត់ Phu Loi (ក្នុងខេត្ត Soc Trang ពីមុន)។ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីរដ្ឋការដែលកំពុងបំពេញនីតិវិធីរដ្ឋបាលនៅទីតាំងទាំងនោះ លោកប្រធានរដ្ឋសភាវៀតណាម ត្រិន ថាញ់មិន បានអះអាងថា គោលជំហររបស់មជ្ឈិម នៅពេលរៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្ត និងឃុំ និងអនុវត្តន៍គំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត គឺដើម្បីខិតជិតមកប្រជាពលរដ្ឋ ដោះស្រាយនីតិវិធីរដ្ឋបាលឲ្យបានលឿននិងរលូនជាងមុន។ កម្មាភិបាល មន្ត្រីរដ្ឋការម្នាក់ៗ នឹងខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីបម្រើប្រជាពលរដ្ឋនិងអាជីវកម្ម៕


